កីឡាករជម្រើសជាតិគុនខ្មែរ ដែលទើបជួបរឿងសង្វែងចិត្ត ចំពោះការបាត់ម៉ូតូ រិន ដាវីត បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវខំប្រឹងប្រកួតដណ្តើមឱ្យបានប្រាក់លាន សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ដើម្បីអាចមានប្រាក់ យកមកទិញម៉ូតូថ្មី សម្រាប់ជិះធ្វើដំណើរវិញ។
សម្រាប់ការប្រកួតលើកនេះ រិន ដាវីត នឹងត្រូវជួបសុទ្ធតែជាខ្លាំង ដែលរូបគេធ្លាប់ជួបកន្លងមក ក្នុងនោះមាន ហ៊ឹម គឹមរៀង និង ជី ឆៃលី ដែលរូបគេធ្លាប់បានចាញ់កន្លងមក និង ភួន ឡាំងកូស៊ីន ដែលទើបជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស នៅលើសង្វៀន PNN ដោយកាលនោះ រិន ដាវីត បានយកឈ្នះ ឡាំងកូស៊ីន ដោយពិន្ទុទាំងលំបាក ហើយការសម្រេចឱ្យ រិន ដាវីត ឈ្នះនោះ ក៏បានធ្វើឱ្យ ភួន ឡាំងកូស៊ីន បាក់ទឹកចិត្ត និងស្រែកយំ នៅក្រោយការប្រកួតផងដែរ ដោយសារ ឡាំងកូស៊ីន គិតថា រូបគេទៅវិញទេ ដែលសមជាអ្នកឈ្នះ និងទទួលបានខ្សែក្រវាត់នោះ។
ទាក់ទងនឹងការប្រកួតនេះ រិន ដាវីត បាននិយាយថា៖«ពួកគេទាំង៣នាក់នេះ សុទ្ធតែជាជើងខ្លាំងលំបាកយកឈ្នះ ប៉ុន្តែខ្ញុំត្រូវការឈ្នះប្រាក់លាននេះម្តងទៀត ដើម្បីទិញម៉ូតូ ព្រោះកាលពីថ្ងៃចន្ទ ចោរបានគាស់ផ្ទះ និងលួចម៉ូតូខ្ញុំបាត់ទៅហើយ ខណៈម៉ូតូនេះ បានមកពីការឡើងប្រកួត សន្សំលុយ ក្រៅពីហូបចុកក្នុងគ្រួសារ ទើបតែទិញបាន ឥឡូវបាត់ទៅ គ្មានអ្វីជិះធ្វើដំណើទេ»។
យ៉ាងណាក៏ដោយ នៅក្នុងចំណោមអ្នកប្រដាល់៣នាក់ រិន ដាវីត ហាក់បារម្ភទៅលើកណ្តាប់ដៃ ជី ឆៃលី ជាងគេ។ ដាវីត បានបញ្ជាក់ថា៖«ខ្ញុំធ្លាប់ឈ្នះតែ ភួន ឡាំងកូស៊ីន មួយទេ ចំណែក ហ៊ឹម គឹមរៀង ខ្ញុំធ្លាប់ចាញ់ចំនួន៣ដង និង ជី ឆៃលី ខ្ញុំធ្លាប់ចាញ់១ដង។ ជើងថ្មី ជី ឆៃលី មានកណ្តាប់ដៃធ្ងន់ លំបាក់យកឈ្នះណាស់ ចំណែក ហ៊ឹម គឹមរៀង ខ្ញុំគ្មានញញើតទេ ទោះជាធ្លាប់ឈ្នះខ្ញុំ៣លើកក៏ដោយ គឺខ្ញុំសង្ឃឹមថា នឹងវ៉ៃសងសឹក ដោយឈ្នះឱ្យបាន គឺសង្ឃឹម៩០ភាគរយ»។
តាមស្ថិតិប្រកួតរបស់កីឡាករទាំង៤នាក់ ដែលទទួលបានពីគណៈកម្មការផ្គូផ្គង គឺបេក្ខភាពទាំង៤នាក់នេះ មានបទពិសោធប្រហាក់ប្រហែលគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះ រិន ដាវីត មានលក្ខណៈលេចធ្លោជាងគេ ដោយឈ្នះជយលាភីផ្ទួនៗ ពិសេសការឈ្នះ៣ប្រកួតចុងក្រោយ ដែលបានលុយច្រើនបំផុត គឺឈ្នះ យ៉ន ពិសី ពេលដណ្តើមពានផ្តាច់ព្រ័ត្រ នៅសង្វៀនប៉ុស្តិ៍លេខ៥ ឈ្នះ ភួន ឡាំងកូស៊ីន ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស នៅ PNN និងឈ្នះ ធន់ ផានិត ដើម្បីឈ្នះបានប្រាក់លាន ប្រចាំសប្តាហ៍ នៅសង្វៀនថោននេះ កន្លងមក។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក ជី ឆៃលី បាននិយាយថា៖ «ឆៃលី មានក្បាច់ទាត់ និងចេញកណ្តាប់ដៃធ្ងន់ និងធ្លាប់ឈ្នះ រិន ដាវីត ប៉ុន្តែពិតជាលំបាកទប់ទល់ក្បាច់ជង្គង់របស់ រិន ដាវីត ណាស់ អ៊ីចឹងការប្រកួតលើកនេះ ខ្ញុំសង្ឃឹមត្រឹម៥០ភាគរយទេ ព្រោះគេខ្លាំងៗ តែធានាវ៉ៃអស់ពីសមត្ថភាព»។
ស្រដៀងគ្នានេះ លោក សាន់ សៅយ៉ាន់ គ្រូបង្វឹករបស់ ភួន ឡាំងកូស៊ីន ក៏មិនមានរំពឹងខ្ពស់លើសិស្សរបស់ខ្លួននោះដែរ ដោយលោកបានប្រាប់ថា៖«ក្នុងចំណោមអ្នកប្រដាល់ទាំង៣នេះ ពិតជាលំបាកប្រកួត ព្រោះពួកគេ មានក្បាច់ប្រកួតល្អដូចគ្នា ដោយសមត្ថភាព អាចនឹងលើសគ្នាបន្តិចបន្តួច។ ទោះយ៉ាងណា ខ្ញុំធានាឱ្យ ឡាំងកូស៊ីន វ៉ៃអស់ពីសមត្ថភាព តែសង្ឃឹមឈ្នះ៦០ភាគរយប៉ុណ្ណោះ»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)