• កីឡាករត្រៀមប្រកួតនៅបាយ័ន ចំនួន៣៤នាក់ ត្រូវវិលទៅផ្ទះវិញ ទាំងមិនបានប្រកួត
    ប្រដាល់ក្នុងស្រុក 1 month ago 77 Views

    ​ក្រុម​កីឡាករ​ប្រដាល់​គុនខ្មែរ​សរុប​ចំនួន​៣៤​នាក់ ដែលបាន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​បាយ័នស្ទឹង​មានជ័យ កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​ប្រកួត​អ្វីទាំង​អស់ ខណៈ​សង្វៀន​របស់​ស្ថានីយទូរទស្សនា​បាយ័ន ​មួយនេះ បាន​សម្រេច​ផ្អាក​ការ​ប្រកួតភ្លាមៗ ដោយ​គ្មានគម្រោង​ទុក​ជាមុន​នោះ។

    តាម​គម្រោង​ ដែល​បាន​រៀបចំ​រួច​រាល់​ទាំង​ទៅ​លើ​​ចំនួន​កីឡាករ និងមន្រ្តី​បច្ចេក​ទេស អាជ្ញា​កណ្តាល និងចៅ​ក្រម​របស់​សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ ដើម្បី​ដឹកនាំ​ការ​ប្រកួត​នោះ គឺ​សង្វៀន​បាយ័ន ត្រូវ​ប្រកួត​ចំនួន​៣​ថ្ងៃ នៅ​កម្ម​វិធីប្រកួតចំនួន​៥​របស់​ខ្លួន  ប៉ុន្តែ​ជាក់​ស្តែង សង្វៀន​បាយ័ន អាច​រៀបចំ​បាន​តែ​ការ​ប្រ​កួតគូបូតា​ នៅ​យប់​​ថ្ងៃ​សុក្រ​ មួយប៉ុណ្ណោះ ​​​ចំណែកកម្ម​វិធី​ប្រកួត​ចំនួន​៤​ទៀត ដែល​ត្រូវ​ធ្វើ​នៅ​​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ សរុប​មានកីឡាករ​ចំនួន​៣៤​នាក់ ត្រូវ​បាន​ផ្អាក​ភ្លាមៗ​តែ​ម្តង ​ទោះ​បី​អ្វីៗ​បាន​ត្រៀម​រួច​រាល់​អស់​ហើយ​ក៏ដោយ​។

    ការ​សម្រេច​ផ្អាក​ការ​ប្រកួត​ភ្លាមៗនេះ គឺ​ត្រូវបាន​ធ្វើ​ឡើង ដើម្បី​ទប់ស្កាត់ការ​រីករាល​ដាល​នៃជំងឺ​កូវី​ដ១៩ ដែលកំពុងមានការ​ផ្ទុះ​ឡើងខ្លាំង នៅ​កម្ពុជា ហើយ​បើតាមប្រភព​ច្បាស់ការ​បាន​ឱ្យ​ដឹង​ថា កីឡាករ​ទាំង​៣៤​នាក់ ដែល​បាន​ត្រៀមខ្លួន​រួច​រាល់ ដើម្បី​ឡើង​ប្រកួត តែ​បែរ​ជា​មិនបាន​ប្រកួត​វិញ​នោះ គឺ​មិនទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ទេ ​ចំណែក​កីឡាករ ​មក​ពី​ខេត្ត​មួយ​ចំនួន​តូច​ ទទួល​បាន​សោហ៊ុយ​ ធ្វើ​ដំណើរទៅវិញ​ខ្លះ​។​

    ជុំវិញ​ការ​សម្រេច​ផ្អាក​ការ​ប្រកួត​ភ្លាមៗ នៅ​សង្វៀន​បាយ័ន កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ ​​បាន​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ថា​៖ «​សង្វៀន​ប្រដាល់​នៅ​បាយ័ន ​បាន​ផ្អាក​ការ​ប្រ​កួត​ភ្លាមៗ​ ដើម្បី​ចូល​រួម​រក្សា​ការ​ពារ​បញ្ហា​ចម្លង​នៃ​ជំងឺ​កូវីដ​១៩​ និង​ដើម្បី​សុវត្ថិភាព​ដល់​កីឡាករ ​គ្រូ​បង្វឹក និង​​គណៈកម្មការ​ប្រ​កួត​ផងដែរ​»។​

    យ៉ាង​ណា​ក៏ដោយ ចំពោះ​សង្វៀន​​ CNC ​មិន​បាន​ផ្អាក​ការ​ប្រកួត​នោះទេ គឺពួក​គេ ​នៅ​តែ​រៀប​ចំការ​​ប្រ​កួត ​ទាំង៤​​កម្ម​វិធី​ថ្ងៃ ​កាល​​ពី​ថ្ងៃ​សៅរ៍ ​និងថ្ងៃ​​អាទិត្យ ម្សិល​មិញ​នោះ ទៅតាម​គម្រោង​យ៉ាង​រលូន​ ហើយ​ទាក់ទង​ទៅនឹងករណី​មានសង្វៀនមួយ​បិទ តែ​សង្វៀន​មួយ​ទៀត បែរ​ជា​​បាន​បើក​ការ​ប្រកួត នៅ​ក្នុង​ថ្ងៃដូច​គ្នា​នេះ បណ្តាល​ឱ្យ​មជ្ឈដ្ឋាន​ទូរទៅ ពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់ កើត​ជា​ចម្ងល់ និងដាក់ការ​សង្ស័យ​ទៅ​លើ​របៀប​នៃ​ធ្វើការ​ងារ​របស់​សហព័ន្ធ ដែលគ្មាន​មូល​ដ្ឋាន​ច្បាស់លាស់។

    យ៉ាង​ណា​ក៏​ដោយ ចំពោះ​ភាព​មន្ទិល​នេះ លោក ​តែម ​ម៉ឺន បាន​​ពន្យល់​ថា​៖ «​យើង​កំពុង​តែ​ត្រួត​ពិនិត្យ​តាម​ការ​ជាក់​ស្តែង​ ក្នុង​នោះ​យើង​ចាប់​ផ្តើម​ផ្អាក​ការ​ប្រ​កួត​ជា​បណ្តោះ​អាសន្ន​ ពី​សង្វៀន​មាន​បញ្ហា​ និង​ឈាន​ទៅ​ជា​បន្ត​បន្ទាប់​ ទៅ​​តាម​លក្ខណៈ​ជាក់​ស្តែង ​តាម​ការ​ណែនាំ​របស់​ក្រសួង​ជំនាញ​ ​និង​ភាគី​ពាក់​ព័ន្ធ ​ដូច​ជា​ខាង​អ្នក​គ្រប់​គ្រង​សង្វៀន​ផ្ទាល់​តែ​ម្តង​។ ចំពោះ​​បញ្ហា​នេះ​ វា​បាន​កើត​ឡើង​ភ្លាមៗ ​អ៊ីចឹង​​ពេល​ខ្លះ​ យើង​ខិត​ខំ​ដោះ​ស្រាយ​តាម​លទ្ធភាព​ជាក់​ស្តែង​ ហើយ​សប្តាហ៍​បន្ត​បន្ទាប់​ យើង​ក៏​មិន​អាច​ទស្សន៍​ទាយ​មុន​បាន​ឡើយ​ថា​ វា​ទៅ​ជា​យ៉ាង​ណាទៀត»​៕

  • Loading...
  • Recent Posts