ម្ចាស់មេដាយសំរឹទ្ធលើប្រភេទកីឡាឃិកបុកស៊ិង ខេម ចាន់ នៅតែមានការជឿជាក់លើសមត្ថភាពខ្លួនឯងថា អាចនឹងប្រកួតយ៉ាងស្នើដៃជាមួយគូសង្វៀនចាស់ វ៉ាន់ វឿន បើទោះបីជា រូបគេ ធ្លាប់បានចាញ់ វ៉ាន់ វឿន ច្រើនលើក ហើយធ្លាប់សន្លប់ធំ១លើក នាជំនួប កាលពីខែកុម្ភៈ ក៏ដោយ។
កីឡាករ ខេម ចាន់ ដែលគេស្គាល់ថា មានក្បាច់ប្រកួតដ៏សម្បូរបែប ហើយមានភាពស៊ូខ្លាំង នៅក្នុងការប្រកួតនោះ ធ្លាប់បានចាញ់ វ៉ាន់ វឿន ៤លើកមកដោយ នៅក្នុងការជួបគ្នា៥លើកកន្លងមក ហើយនៅក្នុងនោះ ខេម ចាន់ ធ្លាប់បានភ្លាត់ស្នៀត បណ្តាលឱ្យ វ៉ាន់ វឿន វ៉ៃឱ្យសន្លប់ ត្រឹមទឹកទី១ សម្រាប់ការជួបគ្នាលើកទី៤ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំណែកការជួបគ្នា៤លើកទៀត អ្នកទាំង២ បានឈ្នះចាញ់គ្នាដោយតានតឹង និងស្វិតស្វាញបំផុត ខណៈជំនួបចុងក្រោយ នៅសង្វៀនថោន កាលពីថ្ងៃទី៧ ខែមីនា កន្លងមកនេះ ខេម ចាន់ បានចាញ់ពិន្ទុ វ៉ាន់ វឿន ដោយប្រផិតប្រផើយ ៣-២។
យ៉ាងណាមិញ សម្រាប់ការវិលមកជួបគ្នា នៅលើសង្វៀន CNC ក្នុងការដណ្តើមប្រាក់លាន ទម្ងន់៥៧គីឡូក្រាម នារសៀលថ្ងៃសៅរ៍នេះ ខេម ចាន់ មិនបានបង្ហាញភាពតក់ស្លុត ឬរារែងនៅក្នុងការប្រកួតនោះទេ ព្រោះរូបគេជឿជាក់ថា សមត្ថភាពរបស់ខ្លួន អាចប្រកួតជាមួយ វ៉ាន់ វឿន បាន ក្នុងលក្ខណៈស្វិតស្វាញ។
ចំណែក វ៉ាន់ វឿន ក៏មិនបានមើលរំលងសមត្ថភាពរបស់ វ៉ាន់ វឿន នោះដែរ ទោះបីជារូបគេ ធ្លាប់ឈ្នះ៤ និងចាញ់ត្រឹម១លើកក៏ដោយ។ កីឡាករជាក្មេងកំព្រារូបនេះ បាននិយាយថា៖ «ការប្រកួតដណ្តើមប្រាក់លានលើកនេះ ក៏ដូចជាការប្រកួតសងសឹកផងដែរ អ៊ីចឹងខ្ញុំមិនអាចប្រហែសបាននោះទេ ព្រោះស្នៀតទាត់ និងក្បាច់លេងជង្គង់មុតស្រួចដូចគ្នា។ ខ្ញុំមានទំនុកចិត្តត្រឹម៥០ភាគរយ ព្រោះការឈ្នះ ខេម ចាន់ កន្លងមក ពិតជាតឹងតែងខ្លាំងណាស់ គឺមានតែមួយលើកប៉ុណ្ណោះ ដែលខ្ញុំបានផ្តួលឱ្យគាត់សន្លប់ក្នុងទឹកទី១»។
ដោយឡែក ជើងខ្លាំង ម៉ឺន មេឃា និង សោម វិឆ័យ ក៏ត្រូវបានដាក់ជាគូដណ្តើមប្រាក់លាន នៅសង្វៀន CNC ក្នុងទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃសៅរ៍នេះដែរ ហើយជំនួបនេះ ក៏នឹងអាចមានភាពស្វិតស្វាញផងដែរ ប៉ុន្តែតាមសមត្ថភាពជាក់ស្តែង គឺ ម៉ឺន មេឃា អាចមានភាគរយខ្ពស់ជាង ក្នុងការឺឈ្នះ ព្រោះចលនាវាយចេញចូលរបស់ មេឃា ល្អជាង ពិសេសការប្រើកណ្តាប់ដៃរបស់គេតែម្តង៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)