អ្នកគ្រប់គ្រងសង្វៀនប្រដាល់ថោន បានសម្រេចផ្អាកការប្រកួតមួយសប្តាហ៍ ជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកគ្រប់គ្រងផ្នែកកីឡាម្នាក់របស់ស្ថានីយទូរទស្សន៍នេះ គឺលោក ហាក់ សុខហេង បានរកឃើញលទ្ធផលវិជ្ជាមានជំងឺកូវីដ កាលពីពេលថ្មីៗនេះ ចំណែកសង្វៀនហង្សមាស បានសម្រេចផ្អាក តាំងពីសប្តាហ៍មុន ក្រោយរកឃើញថា ក្រុមអ្នកសិល្បៈមួយចំនួន នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឆ្លងជំងឺកូវីដ១៩នោះ។
យ៉ាងណាក៏ដោយ លោក តែម ម៉ឺន បានអះអាងថា កីឡាករ និងមន្ត្រីបច្ចេកទេស ដែលជាប់ពាក់ព័ន្ធទៅនឹងសង្វៀនហង្សមាស និងសង្វៀនថោន នៅមិនទាន់រកឃើញថា មាននរណា បានឆ្លងជំងឺកូវីដ១៩នៅឡើយទេ ស្របពេលក្រុមអត្តពលិកជម្រើសជាតិគុនខ្មែរ រួមទាំងគ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ រួចរាល់អស់ហើយ។
ប្រធានសហព័ន្ធ លោក តែម ម៉ឺន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធ ម្សិលមិញថា៖«កីឡាករ និងមន្ត្រីបច្ចេកទេស ដែលជាប់ពាក់ព័ន្ធទៅនឹងសង្វៀនហង្សមាស និងសង្វៀនថោន កំពុងតែយកសំណាក ទៅពិនិត្យ ហើយពួកគាត់មួយចំនួនមិនទាន់រកឃើញមេរោគជាវិជ្ជមាននៅឡើយទេ ប៉ុន្តែយើងកំពុងដាក់ឱ្យអ្នកទាំងនោះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសិន អ៊ីចឹងសម្រាប់កីឡាករ និងមន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនទាន់មាននរណាម្នាក់ មានផ្ទុកមេរោគកូវីដ១៩ នៅឡើយទេ»។
ផ្ទុយពីនេះ សង្វៀនប្រដាល់ធំទាំង២ គឺ CNC និងសង្វៀនបាយ័ន នៅតែបើកឱ្យមានការប្រកួតជាធម្មតា នៅចុងសប្តាហ៍នេះ ដោយក្នុងនោះ សង្វៀន CNC មានការប្រកួត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នូវកម្មវិធីចំនួន៤ សរុបមានកីឡាករចំនួន១៩គូ ស្មើនឹង៣៨នាក់ តែមិនទាន់គិតពីចំនួនគ្រូបង្វឹក អ្នកឱ្យទឹក និងមន្ត្រីបច្ចេកទេស ដែលបម្រើការប្រកួត នៅឡើយទេ ចំណែកសង្វៀនបាយ័ន មានការប្រកួតនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមាន៥កម្មវិធី ហើយសរុបកីឡាករមានចំនួន២៧គូ ស្មើនឹង៥៤នាក់ តែចំនួននេះ នៅមិនទាន់បូកបញ្ជូលគ្រូបង្វឹក អ្នកឱ្យទឹក និងមន្ត្រីបច្ចេកទេសនោះទេ។
ទាក់ទងនឹងសង្វៀន CNC និងសង្វៀនបាយ័ននេះ លោក តែម ម៉ឺន បាននិយាយថា៖«សង្វៀន CNC និងបាយ័ន នៅតែបើកការប្រកួត ហើយយើងមិនអាចព្យាករ ឬទស្សន៍ទាយសន្និដ្ឋានបានថា សង្វៀនទាំង២នេះ បន្ត ឬផ្អាកការប្រកួតសិន នៅពេលណានោះទេ ព្រោះនៅលើភាពជាក់ស្តែង និងការណែនាំរបស់ក្រុមអ្នកជំនាញ ប៉ុន្តែខ្ញុំបានជំរុញឱ្យខាងគ្រូពេទ្យប្រចាំសហព័ន្ធ និងខាងស្ថានីយ៍នីមួយៗ ខិតខំរក្សាអនាម័យ តាមបទបញ្ជារបស់ក្រសួងសុខាភិបាលក្នុងនោះមានលាងដៃ រក្សាគម្លាត និងពាក់ម៉ាស ឱ្យបានត្រឹមត្រូវ»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)