ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងសាងសង់ទីលានវាយសីមួយលំដាប់ស្តង់ដារអន្តរជាតិ នៅអង្គភាព អង្គរក្ស ក្រោយព្រះបរមរាជវាំង ក្រោមការឧបត្ថម្ភថវិកាពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ដើម្បីទុកបម្រើដល់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកជំទាវ កាលពីរសៀលថ្ងៃចន្ទ ម្សិលមិញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលី សាងសង់ទីលានវាយសីក្រសួងមហាផ្ទៃនេះ ដោយទីលានមួយនេះ គ្រោងចំណាយប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារ ដើម្បីសាងសង់។
នៅក្នុងពិធីក្រុងពាលីនោះ លោក ជា ប៊ុនហេង បានថ្លែងថា៖«ទីលានវាយសីរបស់ក្រសួងមហាផ្ទៃមួយនេះ ជាទីលានស្តង់ដារអន្តរជាតិមួយ ដែលអាចរៀបចំការប្រកួតអន្តរជាតិនានាបានទៅថ្ងៃមុខ ហើយក៏ជាទីលានមួយ ដែលមានស្តង់ដារលំដាប់កំពូលផងដែរ បើធៀបនឹងទីលានវាយសីទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង បានប្រាប់ឱ្យដឹងទៀតថា ទៅថ្ងៃខាងមុខ ក្រសួងមហាផ្ទៃ នឹងអញ្ជើញបណ្តាប្រទេសនៅតំបន់អាស៊ាន មកចូលរួមប្រកួតប្រជែងលក្ខណៈមិត្តភាពអន្តរជាតិនានា នៅពេលដែលទីលានមួយនេះ បានសាងសង់រួចរាល់ ហើយទីលាននេះមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណជាង២សែនដុល្លារអាមេរិក។
សម្រាប់ថវិកាចំណាយលើការសងសង់ទីលានវាយសីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ព្រមទាំងមានការសម្របសម្រួលផ្តល់ទីតាំងដោយលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោមការសហប្រតិបត្តិការសាងសង់ដោយលោកឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង និងលោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នគរបាលជាតិកម្ពុជា ហើយទីលាននេះគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅអំឡុងខែមិថុនា ឆ្នាំ២០២១៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)