• ផ្ទុះការរិះគន់ខ្លាំង មុនពេល ឡុង សុភី បន្តទៅផ្តួល ផាន់ គ្រាន់ ឱ្យសន្លប់ ដើម្បីឈ្នះបានប្រាក់លាន
    បាល់ទាត់អន្តរជាតិ 5 months ago 166 Views

    អ្នក​ទស្សនាភាគ​ច្រើន ដែល​បានតាម​ដាន​ការ​ផ្សាយ​ផ្ទាល់ នៃ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់​៧០​គីឡូក្រាម នៅ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ បានផ្ទុះកំហឹង និង​​ការ​​រិះ​គន់ខ្លាំង ​ទៅ​ដល់​ចៅ​​ក្រម​ទាំង​៥នាក់ ដែល​បាន​សម្រេច​ឱ្យ កីឡាករ ឡុង សុភី (នី សុភី) ឈ្នះ​ មាជ សុខរ៉ា នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​៣​ទឹក គឺ មុន​ពេល សុភី បាន​បន្ត​ទៅ​​ផ្តួល ផាន់ គ្រាន់ ឱ្យ​សន្លប់ នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​ប្រាក់លាន​​ប្រចាំ​សប្តាហ៍​នេះ។​

    ​តាម​រយៈការ​ប្រកួត​៣​ទឹក​ពេញ កាល​ពី​ថ្ងៃអាទិត្យ​នោះ ឡុង សុភី និង មាជ សុរ៉ា បាន​វ៉ស​ប្តូរ​គ្នា​ទៅ​វិញ​ទៅមក​​រហូតចប់​ការ​ប្រកួត ហើយ​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​នោះ អ្នក​ទស្សនា​ភាគ​ច្រើន បាន​មើល​ឃើញ និង​គិត​ថា មាជ សុខរ៉ា អាច​នឹង​ត្រូវ​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ ដើម្បី​ឡើង​ទៅ​ជួប ផាន់ គ្រាន់ ដែល​បាន​​បុក​ជង្គង់​ រិទ្ធ ភូលូ ដួល និង​ត្រូវ​បាន​អាជ្ញាកណ្តាល នៅ​ចុង​ទឹកទី​២ ហើយ​បាន​សម្រេច​បោះ​បង់ មិន​បន្តការ​ប្រកួត​នៅ​ទឹក​ទី​៣។

    ប៉ុន្តែ​អ្វី​ដែល​មិននឹក​ស្មាន​ដល់​នោះ គឺ​ចៅ​ក្រម​ទាំង​៥​នាក់ បាន​សម្រេច​ផ្តល់​ពិន្ទុ​ឱ្យ ឡុង សុភី ឈ្នះ​ពិន្ទុ មាជ សុខរ៉ា ហើយ​ឈ្នះ​ដោយ​ឯកច្ឆន្ទ ៥-០ សូន្យ​ទៅ​ទៀត​ ហើយ​ការ​សម្រេច​នេះ បាន​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ការ​ប្រកួតនេះ កើតទុក្ខ​មិនសុខ​ចិត្ត ហើយ​បាន​នាំ​គ្នា​សរសេរ​នៅ​ក្នុង​​ comment រិះ​គន់​ខ្លាំងៗ​ទៅ​ដល់​ការ​សម្រេច​ពិន្ទុ​នេះ ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ពួក​ចៅ​​​ក្រម​ទាំង​នេះ ប្រហែលមិន​បាន​មើលការ​ប្រកួត ដោយ​រវល់​តែមើល​ស្រីស្អាត​នៅ​ក្នុង TikTok ទើប​​ដាក់​​ពិន្ទុ​ឱ្យ​បង្គោល​ក្រហម ឡុង សុភី ឈ្នះបង្គោល​ខៀវ មាជ សុខរ៉ា ដែល​ផ្ទុយ​ពី​ការ​ពិត​បែប​នេះ។

    ជាមួយ​នឹង​ភាព​ចម្រូងចម្រាស់នេះ ភាគី​របស់កីឡាករ មាជ សុខរ៉ា ក៏​បាន​ដាក់ពាក្យ​តវ៉ា​ប្តឹង​លើការ​សម្រេច​សេចក្តីនេះ​ផងដែរ ហើយ​បណ្ណឹង​នេះ បាន​​នឹងកំពុង​រង់ចាំ​ការ​ពិនិត្យ​មើល​ពី​សំណាក់​លោក តែម ម៉ឺន ដែលជា​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ប៉ុន្តែ​ការ​ប្តឹង​នេះ មិនប៉ះពាល់​ដល់ ឡុង សុភី នោះ​ទេ ពោល​គឺ​រូបគេ នៅ​តែ​អាច​ឡើង​ទៅ​ជួប ផាន់ គ្រាន់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​ធម្មតា។

    នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នោះ ឡុង សុភី បានចំណាយ​ពេល​ត្រឹមជាង​១នាទី នៅ​ក្នុង​ទឹក​ទី​១ ដើម្បី​ផ្តួល ផាន់ គ្រាន់ ឱ្យ​សន្លប់ គឺ​រូបគេ​បានចាប់ ផាន់ គ្រាន់ បុក​ជង្គង់​ចូល​ផ្ទួនៗ​ចំនួន​៨​ជង្គង់ បណ្តាលឱ្យ ផាន់ គ្រាន់ ដួល​ដេក​ចុក​រមួល មិនអាច​ក្រោយ​ឈរ​បន្ត​ការ​ប្រកួត​ទៀត​បាន ហើយជ័យជម្នះ​ដែល​ទទួលបាន​យ៉ាង​លឿន​នេះ បាន​ជួយ​ឱ្យ ឡុង សុភី ក្លាយ​ជា​ម្ចាស់​ជើង​ឯក ដោយ​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​៣,៤​លានរៀល ចំណែកអ្នក​លេខ​២ ផាន់ គ្រាន់ ទទួល​បាន ១,៨​លាន​រៀល៕

  • Loading...
  • Recent Posts