• ឡុង សុភី អាចនឹងឈ្នះប្រាក់លាន តែ ផាន់ គ្រាន់ ថា ចិត្តជាអ្នកកីឡា មិនត្រូវញញើតដៃគូ
    ប្រដាល់ក្នុងស្រុក 1 month ago 64 Views

    អ្នក​​ប្រដាល់​ជើង​ចាស់ ពោរ​ពេញ​ទៅដោយបទ​ពិសោធ និងល្បិច​​ប្រកួត នី សុភី (ឡុង សុភី) ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់មាន​ប្រៀប​ខ្លាំង​ជាង​គេ ក្នុង​ការ​ឈ្នះ​បាន​ប្រាក់លាន សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់​៧០​គីឡូ​ក្រាម នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យនេះ ខណៈបេក្ខភាព​៣នាក់​ទៀត រួម​មាន ផាន់ គ្រាន់ , មាជ សុខ​រ៉ា ​និង ​រិទ្ធ ​ភូ​លូ​។

    បើ​ទោះបីជា ផាន់ គ្រាន់ , មាជ សុខ​រ៉ា ​និង ​រិទ្ធ ​ភូ​លូ សុទ្ធតែ​មានបទពិសោធ​ប្រកួត​ច្រើន និងមាន​វ័យ​នៅក្មេង​ជាង ឡុង សុភី ជា​ពិសេស​គឺ រិទ្ធ ភូលូ ដែល​អាច​នឹងមាន​កម្លាំង​រឹង​មាំ​ជាង ប៉ុន្តែ​បើ​មើល​ទៅ​សមត្ថ​ភាព ​ប្រវត្តិប្រកួត និង​ល្បិចគល់​នៃ​ការ​ប្រកួត ព្រម​ទាំង​ក្បាច់​ប្រកួត គឺអ្នកទាំង៣​នេះ មិនអាច​ប្រៀបផ្ទឹមជាមួយ ឡុង សុភី បាន​នោះ​ទេ បើ​សិនជា ឡុង សុភី វាយអស់​ពី​សមត្ថភាព និងបាន​ហាត់​គ្រប់​គ្រាន់នោះ។

    យ៉ាង​ណា​ក៏ដោយទាក់​ទងការ​ប្រកួត​នេះ ឡុង ​សុភី បាន​​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា​៖​ «សម្រាប់បេក្ខភាពទាំង​៣នាក់នេះ ខ្ញុំ​ប៉ះមួយណា​ក៏​បាន ព្រោះ​ឃើញ​ថា គ្មាន​ឧបសគ្គ​ធំ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​សូវ​បាន​ហាត់ ​មិន​ហ៊ាន​អួត​ទេ​ ព្រោះការ​ប្រកួត​ទម្ងន់​ធ្ងន់ វ៉ៃ​​ចូល​ចំ​កន្លែង​អាច​យ៉ាប់​ដែរ ហើយ​ចំពោះ​ខ្ញុំ គឺ​មិន​ដែល​សង្ឃឹម​ឈ្នះ​ច្រើន លើក​ពី​៥០​ភាគ​រយ មុនការ​ប្រកួត​នោះ​ទេ»។

    ជាមួយ​គ្នា​នេះ អ្នក​ប្រដាល់​ ផាន់ ​គ្រាន់​ ​ដែលបាន​​ឃ្លាត​ពី​សង្វៀន​មួយ​រយៈពេលយូរ ហើយ​ទើប​វិល​កាន់​សង្វៀនជាថ្មី លើកនេះ បានមើលឃើញ​ថា ការ​ប្រកួតនេះ ពិតជា​មាន​ភាព​តាន​តឹង​ខ្លាំង និងលំបាក​យក​ឈ្នះ ប៉ុន្តែ​រូបគេ​បានអះអាង​ថា ចិត្តជា​អ្នក​កីឡា​ ឡើង​ប្រ​កួត ​មិន​ត្រូវ​ញញើត​ដៃ​គូ​ទេ។

    កីឡាករ​និយម​ចូលវាយស្រុក​ដោយ​កណ្តាប់​ដៃ ផាន់ គ្រាន់ បាន​និយាយ​ថា៖​«​ការ​វិល​មក​វិញ​នេះ​ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ឈ្នះ​៥០​ភាគ​រយ ​ទោះ​បី​ពួក​គាត់ ជា​ជើង​ចាស់​ខ្លាំង ​និង​មិន​ដែល​ប្រ​កួត​ជា​មួយ​​គ្នា​ក៏​ដោយ​។ ​ខ្ញុំ​ហាត់​បាន​​២​សប្តាហ៍​ជាប់​គ្នា ​ដោយ​មាន​​សុខ​ភាព​ល្អ​ កម្លាំង​ល្អ ត្រៀម​បាន​ល្អ​ ហើយ​សម្រាប់​ ឡុង​ សុភី​, ​មាជ ​សុខ​រ៉ា ​និង ​រិទ្ធ ​ភូ​លូ នេះ ​ខ្ញុំ​គិត​ថា ជួប​មួយណា ​ក៏​ពិត​ជា​តឹង​តែង ​និង​លំបាក​ឈ្នះ​ដែរ ​ប៉ុន្តែ​ចិត្តជា​អ្នក​កីឡា​ ឡើង​ប្រ​កួត ខ្ញុំ​​មិន​ញញើត​ដៃ​គូ​ទេ»​។

    គួរ​បញ្ជាក់ថា សម្រាប់អ្នកទាំង​៤​នេះ តម្រូវឱ្យ​ធ្វើការ​ចាប់​ឆ្នោតមុន​ការ​ប្រកួត នៅវគ្គ​ជម្រុះ​៣ទឹកដំបូង ហើយ​អ្នក​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅជួបគ្នា នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកួត​មាន​៣ទឹក​ដែរ ខណៈ​អ្នក​ឈ្នះ​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៣,៤លាន​រៀល និង​អ្នក​ចាញ់​បាន​លេខ​២ និង​បានប្រាក់​១,៨លាន​រៀល៕

     

  • Loading...
  • Recent Posts