• ប្រធាន CAMSOC ចាត់ទុក ការចាក់វ៉ាក់សាំង ដល់ក្រុមជម្រើសជាតិ ជាកិច្ចការចាំបាច់បំផុត
    កីឡាផ្សេងៗ 2 months ago 64 Views

    ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ​២០២៣ (CAMSOC) លោក ទៀ បាញ់ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ផង​នោះ បាន​ចាត់ទុក​ការ​ចាក់វ៉ាក់​សាំង​ទៅ​ដល់​ក្រុម​អ្នក​ពា់​ព័ន្ធ​នឹង​កីឡា ពិសេស​ក្រុម​ជម្រើសជាតិ ពិតជា​មានសារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ មាន​ភាព​ជឿជាក់ ក្នុង​ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ​២០២១​នេះ។

    លោក ទៀ បាញ់ ​បាន​ថ្លែង​ថា៖​ «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជាការ​កិច្ច​ការ​ចាំ​បាច់​បំផុត ដើម្បី​ប្រយុទ្ធប្រឆាំង នឹងជំងឺ​ដ៏កាច​សាហាវ​​នេះ។ ការ​ចាក់​វ៉ាក់​សាំង​នេះ បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ជូន​ដល់​កង​យោធពលខេមរភូមិន្ទ ដែល​រហូត​ដល់​ពេល​នេះ មាន​ចំនួន​ច្រើន​ជាង ៦ម៉ឺន​នាក់ហើយ ហើយ​នៅថ្ងៃនេះ កំពុងបន្តដាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមប្រកួត និងចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស ឆ្នាំ២០២១»។

    ​ប្រធាន CAMSOC លោក ទៀ បាញ់ បាន​ថ្លែង​បែបនេះ នៅ​ចំពោះមុខ​គ្រូ​បង្វឹក ក្រុម​អត្តពលិក មន្រ្តី​ដឹកនាំ​កីឡា និង​អ្នក​ពាក់​ព័ន្ធ​កីឡា នៅ​ពេល​លោក​​បាន​ដឹកនាំ​ក្រុម​អ្នក​កីឡា​ទាំង​នេះ ទៅ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​ជាមួយ​គ្នា​នោះ លោក​បាន​ជំរុញ​ឱ្យ​ក្រុមអ្នក​កីឡា​សរុប​ចំនួន​១០៥១​នាក់ ដែល​មាន​ឈ្មោះ​ចាក់​ឱ្យ​បានលើក​នេះ ត្រូវចាក់ឱ្យ​បាន​​រួច​រាល់ នៅ​ត្រឹម​រយៈពេល​២​ថ្ងៃ មាន​ន័យ​ថា នឹង​បញ្ចប់​ការ​ចាក់ នៅ​ថ្ងៃពុធ​ស្អែក​នេះ។

    ជាមួយគ្នានោះ លោក ទៀ បាញ់​ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ​ចាក់​វ៉ាក់​សំាង​នេះ​ឱ្យ​បាន​គ្រប់ៗគ្នា ជា​ពិសេស​ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលស្ថិត​នៅ​ក្រោម​អាយុ១៧ឆ្នាំ និង​​១៨ឆ្នាំ ត្រូវពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន ដែល​ប្រចាំ​ការ​នៅទីនេះ។

    ជុំ​វិញ​ការ​ការងារ​នេះ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ CAMSOC បាន​ថ្លែងបន្ថែមថា ៖​«យើង​នឹង​ធ្វើការងារ​នេះ​ឱ្យ​បាន​ហ្មត់​ចត់​បន្ថែម​ទៀត ដើម្បី​ឱ្យ​បានគ្រប់ជ្រុងជ្រោយ គឺ​ទាំង​ក្រុម​អ្នក​សម្តែង និង​ក្រុមសិល្បៈករ ត្រៀមទៅទទួលទង់ស៊ីហ្គេម លើកទី៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ ក៏​ត្រូវ​នឹង​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​នេះ​នៅ​ទីនេះ​ដែរ។ នេះ​ជា​ជំហាន​ដំបូង ​នៃ​ចំនួន​ជាង​១០០០នាក់ ហើយ​នៅ​ពេល​ខាង​មុខ ​យើង​នឹង​បន្ត​ការ​​ចាក់​នេះ សម្រាប់​ក្រុម​ត្រៀម​ឆ្ពោះទៅ​ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា​ទទួល​ធ្វើម្ចាស់ផ្ទះ​ផងដែរ»៕

  • Loading...
  • Recent Posts