• សេន ប៊ុនថេន បានក្លាយជាគ្រូបង្វឹកជម្រើសជាតិប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២១
    កីឡាផ្សេងៗ 2 months ago 85 Views

    អតីត​កីឡាករ​ជើង​ខ្លាំង សេន ប៊ុនថេន ដែល​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក​ច្រើន​ឆ្នាំ​ ហើយ​ក៏​មាន​ក្លិប​ផ្ទាល់​ខ្លួន​ដែរ​នោះ ត្រូវ​បានថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ដែល​មាន​លោក តែម ម៉ឺន ជា​ប្រធាន ផ្តល់ការទុកចិត្ត និងសម្រេច​ឱ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ​២០២១​នេះ។

    តាម​ខ្លឹម​សារ ដែល​អ្នក​លេង​ទម្ងន់​ជើង សេន ប៊ុនថេន បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន អម​ដោយ​រូបភាព​ជាច្រើនសន្លឹក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​បង្ហាញ​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក្រោមការ​ដឹកនាំ​របស់​លោក តែម ម៉ឺន បាន​ប្រជុំ និង​សម្រេច​ជ្រើស​រើស សេន ប៊ុនថេន ឱ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ជម្រើសជាតិប្រដាល់​គុន​ខ្មែរ នៅថ្ងៃ​ចន្ទ​នេះ។

    ជាមួយនឹង​ការ​ទទួល​បានងារ​ជាគ្រូ​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ ជា​លើក​ដំបូង​នេះ សេន ប៊ុនថេន បាន​សរសេរ​បង្ហោះ នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖ ​«ខ្ញុំ​បាទ សេន​ ប៊ុនថេន​ ពិត​ជា​មាន​​អារម្មណ៍​សប្បាយ​រីករាយ​ ហើយ​ខ្ញុំ​បាទ​ក៏សូមអរគុណដល់​ ឯកឧត្ដម​ប្រធាន​ និង ឯក​ឧត្តម​អនុប្រធាន គ្រប់លំដាប់ថ្នាក់ទាំងអស់ ​ដែលបានជ្រើសរើស​យក​ខ្ញុំ​បាទ​ធ្វើ​ជាគ្រូ​​បង្វឹក​ កីឡា​ប្រដាល់​គុនខ្មែរ ជម្រើស​ជាតិ​ ស៊ីហ្គេម ឆ្នាំ2021នេះ»។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេសវៀតណាម ចុង​ឆ្នាំ​២០២១​នេះ ​គឺមិន​ទាន់ត្រូវ​បាន​ក្រសួងអប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌលជាតិ​ហ្វឹក​ហ្វឺន​កីឡា ​ប្រកាស​ឱ្យ​ដឹង​នោះ​ឡើយ​ទេ ខណៈ​ការ​ប្រមូល​ផ្តុំ​លើក​នេះ មិនមែនបែង​ចែក​ជា​​ក្រុម​ធំ និងក្រុមថ្នាលជម្រើសជាតិ ដូចបណ្តា​ឆ្នាំ​មុនៗ នោះ​ទេ ពោល​គឺ​មានតែ​ក្រុម​​ត្រៀម​ស៊ីហ្គេម មួយ​ក្រុម​ប៉ុណ្ណោះ​៕

  • Loading...
  • Recent Posts