ក្រុមអ្នកកីឡា មានមន្រ្តីដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា មកពីសហព័ន្ធកីឡាជាតិចំនួន៣៩ រួមទាំងក្រុមកីឡាជនពិការសរុបចំនួន១០៥៥នាក់ នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តបន្ទាប់គ្នា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំនេះ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានចាត់ទុក ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្នុងការផ្តល់ជូនការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដំបូង ដល់ក្រុមអ្នកកីឡានេះថា ជាការបង្កើននូវទំនុកចិត្ត និងភាពកក់ក្តៅ ទៅដល់ក្រុមជម្រើសជាតិ ដើម្បីបានចេញទៅហ្វឹកហាត់ ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមការប្រកួតអន្ដរជាតិធំៗនានា ពិសេសការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក វ៉ាត់ ចំរើន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «សម្រាប់អ្នកដែលមានឈ្មោះចាក់វ៉ាក់សាំង លើកនេះ សូមចូលរួមចាក់ឱ្យបានគ្រប់ៗគ្នា ដោយការស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅ ក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១ ជាពិសេសចូលរួមប្រកួតប្រជែងយកមេដាយ នៅស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា»។
លោក វ៉ាត់ ចំរើន ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ បានបញ្ជាក់ថា៖ «បើសិនយើងធ្វើការចាក់វ៉ាក់សាំងឱ្យហើយពេលនេះ គឺយើងនឹងមានទំនុកចិត្តក្នុងខ្លួន ព្រោះការទទួលវ៉ាក់សាំងនេះ គឺជាប្រការមួយ ដែលជំរុញទឹកចិត្តឱ្យកីឡាករ កីឡាការិនី និងមន្ត្រី មានទំនុកចិត្តក្នុងការអភិវឌ្ឍកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងបច្ចេកទេសឱ្យបានរឹងមាំវិញ»។
សម្រាប់ក្រុមអត្តពលិក គ្រូបង្វឹក មន្រ្តី និងថ្នាក់ដឹកនាំសរុប១០៥៥នាក់ ដែលនឹងត្រូវចាក់វ៉ាក់សាំងលើកនេះ ត្រូវបានកំណត់ពេលវេលាចាក់ ទៅតាមកាលវិភាគរួចរាល់អស់ហើយ ដោយក្នុងនោះ អ្នកចាក់(សម្រាប់ថ្ងៃទី១ ឬចាក់លើកទី១) នៅថ្ងៃទី២ ខែមីនា មានចំនួន៤២៤នាក់ នៅថ្ងៃទី៣ មានចំនួន៤១៣នាក់ ហើយនៅថ្ងៃទី៤ ខែមីនា មានចំនួន២១៨នាក់៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)