• បេក្ខភាពដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែញញើតកណ្តាប់ដៃ ថៃ រិទ្ធី
    ប្រដាល់ក្នុងស្រុក 2 months ago 67 Views

    ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ទម្ងន់​៧២​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ ចុង​សប្តាហ៍នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា អ្នក​លេង​កណ្តាប់ដៃ​ធ្ងន់ ថៃ រិទ្ធី ​អាច​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ព្រោះ​បេក្ខភាព​៣​នាក់​ផ្សេង​ទៀត រួមមាន ​ឈឿង ​ល្វៃ​ ​របស់​សមាគម​ប្រ​ដាល់​ក្រសួង​មហា​ផ្ទៃ​ ព្រម​ទាំង​អ្នក​ប្រដាល់​ចាស់វស្សា ធី​ តុង​ហ៊ី​ និង​ លួន​ សុខ​ខេង សុទ្ធ​តែ​ញញើត ថៃ រិទ្ធី។​

    ​          បើ​ទោះ​បីជា ​ការ​ប្រកួត​នេះ តម្រូវ​ឱ្យ​បេក្ខភាព​ទាំង​៤នាក់​ខាង​លើនេះ ធ្វើ​ការ​ចាប់​ឆ្នោត មុនការ​ប្រកួត​ជម្រុះ​៣​ទឹក ដែល​មិនទាន់អាច​ដឹង​ថា អ្នក​ណា​ត្រូវជួបជាមួយ​អ្នក​ណា ប៉ុន្តែ​ចំពោះ ថៃ រិទ្ធី មាន​ការ​ជឿជាក់​ខ្ពស់​​ថា នឹង​ឈ្នះ​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​នេះ ព្រោះ​តាម​រយៈការ​បង្ហាញ​សមត្ថ​ភាព ក្នុងការ​ប្រកួត Mas Fight នៅ​លើ​សង្វៀន​ថោន​នេះ ថៃ រិទ្ធី ​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ជា​បន្ត​បន្ទាប់ ដើម្បី​ក្រសោប​បាន​ប្រាក់រង្វាន់​លើក​ទឹក​ចិត្ត ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ក្នុង​នោះ ធី តុងហ៊ី ក៏​ត្រូវបាន​ ថៃ រិទ្ធី វាយ​ឱ្យ​សន្លប់​ផង​ដែរ។

    អ្នក​​ប្រយុទ្ធសម្បុរខ្មៅស្រងែ ថៃ ​រិទ្ធិ ​​បាន​មើលឃើញ​ថា បើ​ចាប់​ឆ្នោត​ប៉ះ ឈឿង ល្វៃ អាច​តានតឹងបន្តិច ប៉ុន្តែ​នៅ​តែ​មានការ​ជឿជាក់ ក្នុងការ​យក​ឈ្នះ។ ថៃ រិទ្ធី បាន​និយាយ​ថា​៖​«​បើ​ចាប់​ឆ្នោតប៉ះ ឈឿង ល្វៃ អាច​តាន​តឹងបន្តិច ប៉ុន្តែ​ខ្ញុំ​ នៅតែ​មាន​ទំនុក​ចិត្ត​ឈ្នះ​៩០​ភាគ​រយ»។

    ចំណែក លោក ​ធន់ ​សុភា​ ជាគ្រូ​បង្វឹក​​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «ក្នុងនាម​ខ្ញុំ​ជា​គ្រូ​បង្វឹក​មើល​ឃើញ​ថា​ ​ថៃ រិទ្ធី​ មាន​ការ​លំបាក ​នៅ​ពេល​ប្រ​កួត​ជាមួយ ​ឈឿង​ ល្វៃ​ ​​ប៉ុន្តែ ថៃ រិទ្ធី នៅតែ​អាច​មាន​ប្រៀបលើ​​ផ្នែក​ទាត់ កណ្តាប់​ដៃ និង​កម្លាំង​ល្អ​ជាង​ អ៊ីចឹង​​ខ្ញុំ​មាន​សង្ឃឹម​ដល់​ទៅ​៩០​ភាគ​រយ»​។

    សម្រាប់​ ធី​ តុង​ហ៊ី​ និង​ លួង ​សុខ​ខេង ​បាន​ដឹងខ្លួន​រួច​ទៅ​ហើយ​ថា ពួកគេ មិនអាច​នឹងមានលទ្ធភាព​ដណ្តើម​បាន​ប្រាក់លាន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​តាំង​ចិត្ត​ប្រកួតឱ្យ​អស់​ពី​សមត្ថ​ភាព។ ចំណែក​ លឿង ល្វៃ ក៏​ហាក់មាន​ការ​ខ្លាច​ញញើត​នឹងកណ្តាប់ដៃ ថៃ រិទ្ធី ផង​ដែរ ប៉ុន្តែ​បើ​ចាប់​ឆ្នោត​ប៉ះ ​ធី ​តុង​ហ៊ី ​ឬ​ក៏ ​លួន ​សុខ​ខេង​ គឺ​រូបគេ​ធានា​​ឈ្នះ​១០០​ភាគរយ​តែ​ម្តង។​

    ​អ្នក​ប្រ​ដាល់​វ័យ​ក្មេង​ជំនាន់​ក្រោយ​ ដែល​ធ្លាប់​ប្រ​កួត​បាន​​៤០​ដង ឈ្នះ​៣០​ ចាញ់​៨​ និង​​ស្មើ​២​ដង ឈឿង ​ល្វៃ​ បាន​​និយាយ​​ថា​៖ «​​​ខ្ញុំ​សង្ឃឹម​ឈ្នះ​ តែ​៦០​ភាគ​រយ​ប៉ុណ្ណោះ​ បើជួប​ ​ថៃ ​រិទ្ធី ប៉ុន្តែ​ប្រ​សិន​​ចាប់​ឆ្នោត​ប៉ះ​កីឡាករ ​លួន ​សុខខេង​ ឬក៏​ ​ធី ​តុង​ហ៊ី​ គឺ​សង្ឃឹម​​ឈ្នះ​១០០​ភាគរយតែ​ម្តង»​។​

    ចំណែក​លោក ​ជួប​ វុត្ថា​ អ្នក​ផ្គូ​ផ្គង​ការ​ប្រ​កួត​ប្រចាំ​សង្វៀន​ថោន ក៏បាន​ទទួល​ស្គាល់ថា បេក្ខភាព​ទាំង​៤នាក់​នេះ មានសមត្ថ​ភាព ផ្អៀង​គ្នា​ផងដែរ។ លោក​និយាយ​ថា ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង​៤​នេះ ​យើង​មើល​ឃើញ​ថា ​ថៃ ​រិទ្ធី ​និង ​ឈឿង​ ល្វៃ​ មាន​សមត្ថភាព​លេច​ធ្លោ​ជាង​គេ​ ចំណែក​ ធី ​តុង​ហ៊ី ​និង ​លួន ​សុខ​ខេង ទោះ​ជា​ធ្លាប់​ជា​កីឡាករ​​លំដាប់​ខ្លាំង​ជួរ​មុខ ​ និង​មាន​បទ​ពិសោធ​​ប្រកួត​ច្រើន ប៉ុន្តែ​ការ​ប្រកួត​របស់អ្នកទាំង២ ​​ពេលនេះ គឺ​​មាន​ការ​ថម​ថយ ដោយមាន​ការ​​ធ្លាក់​ចុះ​នូវ​កម្លាំង​៕

  • Loading...
  • Recent Posts