កីឡាទូកក្តោងត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)ដាក់ក្នុងបញ្ជីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជាក់ថា សហព័ន្ធកំពុងជំរុញឲ្យកីឡាករជម្រើសជាតិ បង្កើនការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមស្វែងរកជោគជ័យនៅឆ្នាំ២០២៣។
សហព័ន្ធកីឡាទូកក្តោងកម្ពុជាកាលពីពេលថ្មីៗបានរៀបចំមហាសន្និបាត ដើម្បីបូកសរុបការងារក្នុងអាណត្តិទី១ និងដាក់ទិសដៅអនុវត្តសម្រាប់អាណត្តិទីពីរ។ ការអភិវឌ្ឍបច្ចេកទេសកីឡាករកីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អនុប្រធាននៃសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជាក់ថា ទាំងថ្នាក់ដឹកនាំ និងកីឡាករកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍកីឡាមួយនេះ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងអង្គមហាសន្និបាត លោក វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖«សហព័ន្ធកំពុងជំរុញដល់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ឲ្យកាន់តែល្អប្រសើរ ដើម្បីស្វែងរកឧត្តមភាពនៅពេលទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ កន្លងមក សហព័ន្ធធ្លាប់ចូលរួមប្រកួត និងបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសជាច្រើនលើក»។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បានវាយតម្លៃថា តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាបទពិសោធចូលរួមការប្រកួតកន្លងមក ធ្វើឲ្យកីឡាករកីឡាការិនីជម្រើសជាតិមានសមត្ថភាពមិនចាញ់កីឡាករនៅក្នុងតំបន់ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិទៀតផង។
ទន្ទឺមនឹងបង្ហាញពីផែនការយុទ្ធសាស្ត្រ និងសមិទ្ធផល ដែលសម្រេចបានកន្លងមក សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានបង្ហាញពីបញ្ហាប្រឈមរបស់ខ្លួនផងដែរ។ បញ្ហាទាំងនោះរួមមានសមាគមក្លិបជាសមាជិកនៅមានចំនួនតិច សមត្ថភាពកីឡាករនៅមានកម្រិត កង្វះគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសក្នុងការរៀបចំការប្រកួតអន្តរជាតិ។
ក្នុងអាណត្តិទី១៩សហព័ន្ធធ្លាប់បញ្ជូនកីឡាករឲ្យចូលរួមការប្រកួតអន្តរជាតិបានចំនួន២១លើក ហើយទទួលបានមេដាយសរុបចំនួន១១ ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៩។
តាមរយៈការបោះឆ្នោតដោយលើកដៃអង្គមហាសន្និបាតបានឯកភាពតែងតាំងលោក ថាង ហ្គោដុន ឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធក្នុងអាណត្តិទី២ ដែលមានលោក ថោង រដ្ឋសក្តិ ជាអនុប្រធានទី១, លោក វ៉ាត់ ចំរើន អនុប្រធាន, លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហិរញ្ញឹក រួមជាមួយសមាជិក៤រូបទៀត៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)