ក្រុមយុវជន និងយុវនារី ដែលជាថ្នាក់ថ្នាល់លើប្រភេទកីឡាហែលទឹកចំនួន៩៨នាក់តំណាងឱ្យក្លិបចំនួន៩ នឹងចាប់ប្រកួតប្រជែងគ្នា ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យហែមថុន លើកទី៤ ឆ្នាំ២០២១ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ នាថ្ងៃសុក្រនេះ នឹងគ្រោងបញ្ចប់នៅថ្ងៃសៅរ៍។
ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យហែមថុន នេះ ត្រូវបានផ្តើមផ្តើមឡើងដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ហើយគោលបំណងនៃការប្រកួតនេះ គឺដើម្បីរំឭក និងដឹកគុណដល់ស្ថាបនិកកំពូល គឺព្រឹទ្ធាចារ្យ ហែម ទុន ដែលលោកបានលះបង់ច្រើនបំផុត នៅក្នុងវិស័យកីឡាហែលទឹករបស់កម្ពុជានេះ មុនពេលលោកបានស្លាប់។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ថា៖«ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន នេះ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ដើម្បីជាការរំឭកគុណូបការៈ និងស្នាដៃរបស់លោក ហែម ថុន និងដើម្បីបំផុសឱ្យកីឡាករ កីឡាការិនី យុវជនខ្មែរ និងបរទេសចូលរួម ព្រមទំាងអាណាព្យាបាលពួកគេចូលរួមគាំទ្រកូនៗនៅពេលប្រកួត»។
កូនប្រុសរបស់លោកព្រឹទ្ធាចារ្យ ហែម ទុន លោក ហែម គីរី បានបន្តថា ការបើកចំហរដល់យុវជនបរទេសឱ្យចូលរួមនៅឆ្នាំនេះ នឹងមានកីឡាករ កីឡាការិនីចូលរួមច្រើន និងមានការប្រកួតខ្លាំងផ្នែកបច្ចេកទេសរវាងកីឡាករតាមក្លិបធំៗ ក្លិបឯកជន និងសាលារៀនអន្តរជាតិ ហើយការធ្វើការបែបនេះ មិនមែនជាទង្វើ ដែលធ្វើតាមការនឹកឃើញនោះឡើយ គឺប្រទេសជិតខាងយើង និងពិភពលោក ក៏រៀបចំការប្រកួតយុវជន តាមកម្រិតអាយុបែបនេះដែរ ដោយគេអនុញ្ញាតឱ្យយុវជនបរទេស ចូលរួមប្រកួតប្រជែងដូចគ្នាផងដែរ»។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា៖ «ការធ្វើដូច្នេះ គឺក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា ឱ្យមានកម្រិតកាន់តែខ្ពស់ ព្រោះនៅពេលមានអត្តពលិកបរទេស និងអ្នកដទៃចូលរួមច្រើន វានឹងធ្វើឱ្យមានសកម្មភាពប្រកួតប្រជែងខ្លាំង ដូចជាអត្តពលិកបរទេស មានកម្រិតខ្ពស់ អាចទាញឱ្យអត្តពលិក មានការប្រឹងប្រែងកាន់តែខ្លាំងឡើង»។
សម្រាប់ក្រុមអត្តពលិកទាំង៨៩នាក់ ដែលបានចូលរួមប្រកួត នៅឆ្នាំនេះ ត្រូវបានចែកចេញជា៣ប្រភេទ គឺប្រភេទអាយុ សម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ទី២ សម្រាប់កុមារា កុមារីអាយុ ចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣ សម្រាប់វ័យយុវជន យុវនារី ដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ។
ចំពោះប្រភេទក្រុមទី១ ត្រូវប្រកួតលើវិញ្ញាសាហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែប៥០ម៉ែត្រ ហែលរបៀបផ្ងារ៥០ម៉ែត្រ ហែលរបៀបមេអំបៅ៥០ម៉ែត្រ ចំណែកប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំ គឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ ហែលរបៀបមេអំបៅ៥០ម៉ែត្រ ហែលរបៀបសេរី១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែប១០០ម៉ែត្រ ហើយសម្រាប់ប្រភេទទី៣ មានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ត្រូវប្រកួតលើវិញ្ញាសាហែលរបៀបមេអំបៅ៥០ម៉ែត្រ ហែលរបៀបផ្ងារ១០០ម៉ែត្រ ហែលរបៀបសេរី២០០ម៉ែត្រ និងហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)