ជាអ្នកសិក្សាផ្នែកច្បាប់កីឡា នៅលើទឹកដីកំណើតប្រទេសបារាំង លោក Derek Bidout បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយបានចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរ និងគុនល្បុក្កតោ អស់រយៈពេលចូល១០ឆ្នាំមកហើយ ហើយនៅពេលនេះ Dereck ដែលអាចនិយាយភាសាខ្មែរ បានល្អទៀតនោះ បានដាក់ចិត្តកាន់តែជ្រៅ ក្នុងការជួយលើកកម្ពស់មរតកក្បាច់គុនខ្មែរបន្ថែមទៀត។
គិតមកដល់ពេលនេះ Derek មិនត្រឹមតែបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញផ្នែកប្រដាល់គុនខ្មែរ និងគុនល្បុក្កតោ ប៉ុណ្ណោះទេ ប៉ុន្តែ Derek ក៏បានចេញទៅប្រកួតនៅជប៉ុន អាមេរិក បារាំង អូស្ត្រាលី និងប្រទេសមួយចំនួនទៀត តំណាងឲ្យកម្ពុជាផងដែរ បើទោះបីជា ការសម្រេចចាប់យកអាជីពមួយនេះ ត្រូវបានរារាំង និងរិះគន់ពីបងប្អូន និងមិត្តភ័ក្តិក៏ដោយ។
Derek បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា៖«មានមិត្តភត្តិបងប្អូនមួយចំនួន បានរិះគន់ខ្ញុំ ដែលខ្ញុំស្រឡាញ់ងុបងល់នឹងក្បាច់គុនបុរាណខ្មែរ ដោយពួកគាត់និយាយថា វាខាតវេលា និងគ្មានប្រាក់ចំណូល គឺមានតែចំណាយ ហើយតាមពិត គឺអ៊ីចឹងមែន ដ្បិតអីពីមុន ខ្ញុំបានចំណូលពីមុខរបរជូនភ្ញៀវទេសចរណ៍ ដោយខ្ញុំធ្វើការឲ្យសណ្ដាគារទែរ៉ូ នៅខេត្តរតនគីរី ចំណែកកីឡាបុរាណខ្មែរ ដែលខ្ញុំចូលរួម គ្មានចំណូលទេ មានតែចំណាយ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់ចូលចិត្ត មិនបោះបង់»។
ជុំវិញនឹងការងាយមកចាប់អាជីពជាអ្នកជួយលើកកម្ពស់មរតកក្បាច់គុនខ្មែរនេះ Derek Bidout បានប្រាប់ថា៖ «ខ្ញុំស្រឡាញ់ចូលចិត្តផ្នែកកីឡាប្រយុទ្ធ ក្រោយពីបានចូលរៀនច្បាប់កីឡា នៅប្រទេសបារាំង។ ពីដំបូង ខ្ញុំបានចូលហាត់កីឡាកុនចិន គុងហ្វូ ហើយក្រោយពេលខ្ញុំ បានស្គាល់គុនខ្មែរ តាមរយៈកីឡាករ បឺត ខាំ ដែលបានទៅបង្ហាត់គេ នៅប្រទេសបារាំងនោះ គឺខ្ញុំសុំគាត់ហាត់បាន៣ថ្ងៃ បន្ទាប់មកទៀត ខ្ញុំក៏បានជាប់ចិត្តនឹងប្រដាល់គុនខ្មែរ»។
បុរសជនជាតិបារាំង ទើបទទួលបានសញ្ជាតខ្មែររូបនេះ បានបន្ថែមថា៖«អ្វីដែលខ្ញុំនិយមចូលចិត្តបំផុតនោះ គឺក្រោយពេលដឹងថា គុនខ្មែរ និងសិល្បអប្សរា ជារបស់ខ្មែរ និងគុនល្បុក្កតោ ជារបស់ខ្មែរ ហេតុនេះនៅឆ្នាំ២០០៩ ខ្ញុំបានចូលមកហាត់គុនល្បុក្កតោ និងគុនខ្មែរមមាញឹកខ្លាំង និងឡើងប្រកួតបានល្អ នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣។ លុះដល់ឆ្នាំ២០១៥ ខ្ញុំបានជាប់ចិត្តខ្លាំងជាមួយកីឡាល្បុក្កតោ ដោយបានហ្វឹកហាត់ និងស្រឡាញរាប់អានលោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន»។
ចំពោះគម្រោងទៅថ្ងៃអនាគត Derek បានបញ្ជាក់ថា៖ «សម្រាប់ថ្ងៃអនាគត់ ខ្ញុំចង់មានក្លិបល្អមួយ មានសម្ភារហ្វឹកហាត់ទំនើប ដើម្បីបង្ហាត់ក្មេងៗជំនាន់ក្រោយ ដោយខ្ញុំជាគ្រូបង្វឹក មិនយកលុយ។ ខ្ញុំត្រេកអរខ្លាំង ព្រោះនៅឆ្នាំ២០២១នេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានផ្តល់ឲ្យខ្ញុំជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ដើម្បីខ្ញុំមានពេលវេលា ជួយឲ្យល្បុក្កតោកម្ពុជា មានភាពរីកចម្រើននៅក្រៅប្រទេស»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)