• សហព័ន្ធកីឡាគុនដាវ បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក មុនការប្រកួតថ្នាក់ជាតិ
    កីឡាផ្សេងៗ 2 months ago 74 Views

    សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា បាន​នឹងកំពុង​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយចាប់​ផ្តើម កាលពី​ព្រឹក​ថ្ងៃ​ពុធនេះ និង​គ្រង​បញ្ចប់នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ គឺ​មុនពេល សហព័ន្ធ​នេះ រៀបចំ​ការ​ប្រកួត​កីឡា​គុនដាវ​ជ្រើ​សរើស​ជើង​ឯក​​ថ្នាក់​ជាតិ ឆ្នាំ​២០២០ ដែល​ត្រូវ​ធ្វើ​ត្រឹម​១​ថ្ងៃ នៅ​សាល​បាល់​បោះ​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នាថ្ងៃទី១៣ ខែកុម្ភៈ​នេះ។

    ទាក់​ទង​ទៅនឹងការ​បើក​វគ្គបណ្តុះបណ្តាល​គ្រូ​បង្វឹក​នេះ ត្រូវ​បាន​លោក សុខ អាង អគ្គលេខា​ធិការសហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា អះអាង​ថា មាន​លក្ខណៈ​ប្លែក ដោយ​វគ្គ​នេះ​ផ្តោត​សំខាន់ទៅ​លើ​៣ចំណុច ហើយនៅ​ក្នុងចំណោម​សិក្ខាកាម​ជាង​២០នាក់ ដែល​រួម​វគ្គ​នេះ ក៏​​ក្រុម​អត្តពលិក​​​ជម្រើសជាតិ​គុនដាវ មួយចំនួន ផង​​ដែរ។

    លោក សុខ អាង បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃពុធ​នេះ​ថា៖​ «វគ្គ​បណ្តុះបណ្តាលនេះ ​មាន​លក្ខណៈ​ប្លែក គឺ​ប្លែក​ត្រង់ថា ​យើងបាន​ឱ្យ​​អត្តពលិក​​ឈុត​ធំ​របស់​យើង ចូល​រួម​ដែរ ព្រោះ​ជា​គោលការណ៍​របស់យើង នៅ​ស៊ីហ្គេម គឺ​ក្នុង​១​ប្រភេទ​ដាវ ​អាច​ចុះ​ឈ្មោះ​បានតែ​២​នាក់​ទេ អ៊ីចឹង​ឧទាហរណ៍​ថា ក្នុង​១​ប្រភេទ​ដាវ មានកីឡាករ​​៥នាក់ គឺ​យើង​ឱ្យ​អ្នក​ទាំង​៥​នេះ ប្រកួត​គ្នា ដើម្បី​យក​២នាក់ ​ទៅ​ស៊ីហ្គេម និង​១​នាក់ទៀត បម្រុង​សម្រាប់ប្រកួតក្រុម ចំណែក​អ្នក​ដែល​អត់មាន​ឈ្មោះ​ នៅ​ក្នុងការ​ប្រកួត គឺ​គាត់នឹងជាប់ទៅ​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួតតែ​ម្តង»។

    លោក សុខ អាង ដែល​ជា​គ្រូ​ឧទ្ទេស​ម្នាក់នៅ​ក្នុង​វគ្គនេះ បាន​ប្រាប់ទៀត​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ សិក្សា​ទៅ​លើ​ចំណុច​មូល​ដ្ឋាន​សំខាន់​ចំនួន​៣ ជាមួយ​គ្រូឧទ្ទេស​ចំនួន​៣នាក់ ទី​១ របៀបសម្រួល​សរសៃ ឬទាញ​សរសៃ តាម​លក្ខណៈ​ស្តង់ដារ ដែល​បង្ហាត់​បង្ហាញ ដោយ​គ្រូ​ឧទ្ទេសជនជាតិបារាំង ទី​២ លោក​ លន់ ចន្ធូ អនុបណ្ឌិត​ផ្នែក​វិទ្យា​សាស្រ្ត​កីឡា ដែល​​បង្ហាត់​បង្ហាញ​​លើ​​ផ្នែក​ចិត្តសាស្រ្ត ហើយ​ទី​៣ គឺ​លោក សុខ អាង ដែល​ជា​អ្នក​បង្រៀន​លើ​ផ្នែក​ការ​រៀបចំ​ការ​ប្រកួត ឱ្យត្រូវតាម​ស្តង់ដារ​អន្តរជាតិ។

     

    ​អគ្គ​លេខាធិការ​រូបនេះ បានបន្ថែម​ថា៖ ​«រហូត​មក​ដល់ពេលនេះ កីឡាករ​របស់​យើង នៅតែ​​មាន​របួស ដោយ​សារ​តែ​គាត់ អត់​ចេះ​សម្រួល​សាច់​ដុំ ដែលចំណុច​នេះ​សំខាន់បំផុត អ៊ីចឹង​ហើយ​យើង​បាន​​ឱ្យ​ពួកគាត់​សិក្សា​ចំណុច​​នេះជាមួយ​គ្រូ​បារាំង​របស់​យើង ពេញ​១​ថ្ងៃ​ពុធ​នេះ​តែ​ម្តង ហើយចំណុច​​មួយ​ទៀត ទាក់ទង​នឹង​ចិត្តសាស្រ្តកីឡា ដែល​យើង​សិក្សា​១ព្រឹក។ បន្ទាប់​មក​ រូប​ខ្ញុំ​ផ្ទាល់ នឹង​​បង្រៀន​ពួកគាត់ ពី​ការ​របៀប​រៀបចំ​ការ​ប្រកួត ហើយ​ពេល​ត្រឡប់ទៅវិញ យើងឱ្យ​ពួកគាត់​រៀនរៀបចំ​ការ​ប្រកួត​ដោយ​ខ្លួន​ឯង នៅតាម​ក្លិប​មួយៗ ដោយ​ខ្ញុំ​នឹង​បញ្ជូនមន្រ្តី​ជំនាញ​របស់​យើង​ ចុះ​ទៅ​ត្រួត​ពិនិត្យ​ និង​ជួយ​ដល់​ពួកគាត់​ផង​ដែរ៕

  • Loading...
  • Recent Posts