• ឯម សុវណ្ណារី ជឿជាក់លើខ្លួនឯងជាថ្មី ដើម្បីវ៉ៃជាមួយកីឡាការិនីកូរ៉េខាងត្បូង នៅសិង្ហបុរី យប់នេះ
    ប្រដាល់អន្តរជាតិ 3 months ago 111 Views

    កីឡាការិនី​ខ្មែរ-អាមេរិក ឯម សុវណ្ណារី ដែលបាន​​បាក់ទឹក​ចិត្ត ក្រោយ​ជួបការ​បរាជ័យ​ជា​លើក​ដំបូង នៅលើ​សង្វៀន ONE Championships (ONE) កាល​ពី​ឆ្នាំ២០១៩​នោះ គឺ​នៅពេលនេះ​ ​ពង្រឹងស្មារតី​បានរឹង​មាន​វិញ​ហើយ ហើយ​ក៏​ត្រៀមខ្លួន​បាន​ល្អ ដើម្បី​ប្រកួត​ជាមួយ​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នា​រាត្រី​ថ្ងៃ​សុក្រនេះ ​ផងដែរ។

    ឯម សុវណ្ណារី ដែល​មិនបាន​បង្ហាញ​ខ្លួនសោះ នៅ​លើ​សង្វៀន​ជាង​១ឆ្នាំ ដោយ​សារ​វិបត្តិ​​ជំងឺ​កូវី​ដ​១៩ ជា​សកល​លោក ​នោះ បាន​និយាយ​ថា ៖ «រយៈ​ពេល​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​២០២០ ខ្ញុំ​​អត់​​​បាន​​ប្រកួត​​ទេ ដូច្នេះ​ហើយ​ខ្ញុំ​មាន​ពេលវេលា​ច្រើន ដើម្បី​អភិវឌ្ឍ​សមត្ថភាព។ ជំនាញ​​ក្រោម និងក្បាច់វ៉ៃឈររបស់ខ្ញុំ មានការរីកចម្រើនច្រើន ដោយសារ​ការ​ហ្វឹក​ហាត់​បាន​ល្អ​កាល​ពី​​ឆ្នាំ​​មុន»។

    គួរ​រំឭក​ថា ឯម សុវណ្ណារី ធ្លាប់ប្រកួតវាយ​ដាក់​ទ្រុង​បាន​៤ដង ហើយ​នៅក្នុង​​ប្រវត្តិ​នេះ នាង​​ធ្លាប់ប្រកួត​នៅ​លើ​សង្វៀន ONE Championship បានត្រឹម​​២​លើក​ទេ គឺ​លើក​ទី១ សុវណ្ណារី បាន​ផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យ​សន្លប់ ​ក្នុងទឹកទី១ នៅ ONE: Destiny of Champions កាល​ពី​ឆ្នាំ២០១៨ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​លើក​ទី​២ សុវណ្ណារី បាន​សន្លប់​​ក្រោម​​ក្បាច់ក្លេរបស់​កីឡាការិនីប្រេស៊ីល Rayane Marques Bastos ​ក្នុង​ទឹក​ទី១​។​

    ការ​សន្លប់ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: Mark of Greatness កាលពី​ឆ្នាំ២០១៩នោះ បាន​​ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​មានឈាម​ជ័រ​ជា​ខ្មែរ​រូបនេះ ​មាន​ការ​បាក់​ទឹក​ចិត្ត និង​ហាក់​មាន​អារម្មណ៍​មិន​​​ច្បាស់​លាស់ ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួនទៀត​នោះ​​ទេ ប៉ុន្តែ​ការ​ខិតខំ​ហ្វឹក​ហាត់ ដោយមិន​បានប្រកួតសោះ នៅ​ក្នុង​អំឡុងពេលមាន​​វិបត្តិ​កូវីដ​១៩នេះ បែរ​ជា​ជួយ​ឲ្យ​សុវណ្ណារី មាន​ភាព​រឹងមាំ​វិញ និង​បាន​ស្គាល់​ខ្លួន​​ឯងច្បាស់។

    កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី បាន​បញ្ជាក់ថា​៖ ​«ក្រោយ​ពេល​ចាញ់​ចុង​ក្រោយ​នៅ ONE ខ្ញុំ​មានអារម្មណ៍អត់សូវមានទំនុកចិត្ត ក្នុងនាមជាអ្នកប្រដាល់សោះ ប៉ុន្តែ​ដោយ​មាន​ការ​ហ្វឹកហាត់​ដិត​ដល់ ក្នុងរយៈពេលកូវីដ១៩ ធ្វើ​ឲ្យ​ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អច្រើន។ ឥឡូវ​នេះ ខ្ញុំស្គាល់ខ្លួនឯង គឺ​ពិតជាស័ក្តិសម ជាអ្នកប្រដាល់ម្នាក់ ព្រោះ​ទាំងក្បាច់វ៉ៃឈរ និង​ក្បាច់​ក្រោម ខ្ញុំ​ល្អច្រើន ដែល​អាច​វ៉ៃបាន​គ្រប់​ទឹក​ទាំង​អស់»។

    យ៉ាង​ណា​ក៏​ដោយ គេ​នៅមិនទាន់ប្រាកដ​ថា ឯម សុវណ្ណារី នឹង​ធ្វើ​បាន​ល្អ​កម្រិត​ណា​នោះ​ទេ សម្រាប់ការ​ជួបកីឡាការិនី Choi Jeong Yun នៅ​រាត្រី​ថ្ងៃ​នេះ។ បើ​ទោះបីជា Choi Jeong Yun ទើប​តែ​បាន​បរាជ័យ ក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុង​ទឹក​ទី៣ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែ​​កីឡាការិនី​របស់កូរ៉េខាង​ត្បូង​រូបនេះ ក៏​​ធ្លាប់​បាន​ឈ្នះ​​២​លើ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន ក្នុងស្រុក​ផងដែរ។

    ការ​ប្រកួត​លើកទី១​របស់  Choi Jeong Yun គឺ​នាង​បាន​ផ្តួល​មិត្ត​រួមជាតិ Jiyeon Lee ដោយកណ្តាប់ដៃ ក្នុងទឹកទី១ និង​លើក​ទី២ បានប្រើ​ក្បាច់​ក្លេ បង្ខំ​ឲ្យមិត្តរួមជាតិ Young Joo Lee សុំ​ចុះចាញ់ក្នុងទឹកទី១ ហេតុ​នេះ​អាចនិយាយ​បាន​ថា Choi Jeong Yun ចេះ​ទាំង​ជំហរ​វាយ​ឈរ និង​ក្បាច់​ក្រោម (ក្លេ) ដូច ឯម សុវណ្ណារី ដែរ អ៊ីចឹង​អ្នក​ណា​ភ្លាត់ ពិតជា​ជួប​ការ​​សោក​ស្តាយ មិនខាន៕

  • Loading...
  • Recent Posts