• មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
    កីឡាផ្សេងៗ 1 month ago 108 Views

    ក្រុម​បាល់​ទះ​វិសាខា បាន​បង្ហាញ​ការ​ប្រកួត​ដ៏​គួរ​ឲ្យកាត់សម្គាល់បំផុត គឺការ​យក​ឈ្នះលើ​គូ​ប្រកួត ដោយ​លទ្ធផល​៣សិត​ដាច់​ទាំង​អស់ ដើម្បី​​លើក​ពាន​ ការ​ប្រកួត​ពាន​រង្វាន់​បាល់ទះ​មិត្ត​ភាព​អបអរសាទរ   «ទិវាជ័យជម្នះ ៧ មករា» ដែល​ទើប​បាន​បញ្ចប់ កាល​ពី​ថ្ងៃចន្ទ ម្សិល​មិញ។

    សម្រាប់ការ​ប្រកួត ដែល​បាន​ធ្វើ​នៅ​ទី​លាន​បាល់ទះ​វិសាខា ដោយ​បានចាប់​ផ្តើម តាំង​ពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​មក​នោះ ក្រុម​វិសាខា បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ នៅ​ក្នុងការ​ប្រកួតទាំង៤​ជុំ ហើយ​អ្វី​ដែល​គួរឲ្យកត់សម្គាល់នោះ គឺ​ពួក​គេ​បាន​វ៉ៃ​ផ្តាច់ យក​ឈ្នះ លើ​

    ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស ក្រុមក្រសួង​មហាផ្ទៃ និង​ក្រុម​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ៣សិត​ដាច់ (៣-០) ដូច​គ្នា គឺ​​មិន​បណ្តាយ​ឲ្យ​គូ​ប្រកួត​ទាំង​៤​​ក្រុមនេះ អាច​វាយបក ឬតដៃ បាន​នោះ​ឡើយ។

    ​ការ​យក​ឈ្នះ​លើ​ក្រុមទាំង​៤ខាង​លើ ដោយ​លទ្ធផល ៣-០ ដូច​គ្នា​នេះ ពិសេស​ការ​យក​ឈ្នះ​ក្រុមខ្លាំង ក្រសួងមហាផ្ទៃ អាច​បង្ហាញ​បាន​ថា វិសាខា នៅពេល​នេះ បាន​ក្លាយ​ជា​ក្រុម ​ដែល​មាន​ភាព​លេច​ធ្លោរ​ខ្លាំង​ជាង​គេ នៅស្រុក​ខ្មែរ ហើយ​កីឡាករ​ល្អៗ​របស់​ក្រុម​មួយនេះ ក៏​ត្រូវបាន​គេរំពឹង​ថា នឹង​ក្លាយ​ជា​ធន​ធាន​ដ៏សំខាន់ សម្រាប់​លេងតំណាង​ឲ្យ​កម្ពុជា នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១​នេះ នៅ​វៀតណាម ព្រមទាំង​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ផងដែរ។

    ជាមួយ​គ្នា​នេះ ក្រុមធ្លាប់​តែ​ខ្លាំង កាល​ពី​អតីត​កាល​ ក្រសួង​មហាផ្ទៃ បាន​យក​ឈ្នះ​​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស និង ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-២ ដូច​គ្នា និងបាន​ឈ្នះ​ក្រុម​​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ៣-០ ដើម្បី​បានទទួល​ចំណាត់​ថ្នាក់លេខ​២ គឺ​មាន​ន័យ​ថា សម្រាប់ការ​ប្រកួតវិល​ជុំទាំង​៤លើក​នេះ ក្រសួងមហាផ្ទៃ បានចាញ់​តែ​ក្រុម​វិសាខា មួយ​ទេ។

    ចំណែក​ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ​បាន​លេខ​៣ ដោយ​ឈ្នះ​២​ប្រកួត និងចាញ់​២​ប្រកួត ខណៈ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស បាន​លេខ​៤ ដោយ​ឈ្នះ​១ និងចាញ់​៣​ប្រកួត ហើយ​​ ក្រុម​​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ បានចាញ់​​ទាំង​៤​ប្រកួត​តែ​ម្តង ដើម្បី​ឈរ​នៅ​លេខ​៥​ក្រោយ​គេ។

    យ៉ាង​ណា​ក៏​ដោយ លោក នេត សាវឿន អគ្គ​ស្នងការនគរ​បាលជាតិ និងជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ​ដែល​បានចូល​រួម នៅ​ក្នុងពិធីបិទការ​ប្រកួត កាលពី​ថ្ងៃចន្ទ​នោះ បា​នកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​ប្រកួតយ៉ាងអស់ពី​សមត្ថ​ភាព​របស់​ក្រុមទាំង​៥ ដែល​បានចូល​រួម នៅ​ក្នុង​​ការ​ប្រកួត​ពាន​រង្វាន់​មិត្ត​ភាព​នេះ ហើយ​លោក​បានជំរុញ​ឲ្យ​ក្រុមទាំង​៥ បង្កើន​ការហ្វឹក​ហាត់ ឲ្យបាន​ខ្លាំង​ថែម​ទៀត ដើម្បី​ត្រៀម​​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ធំ​ចំនួន​២ គឺ​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​​បាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន និង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ដែល​សហព័ន្ធ នឹង​រៀបចំឡើង នៅ​ឆ្នាំ​២០២១​នេះ៕

  • Loading...
  • Recent Posts