• ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
    ប្រដាល់ក្នុងស្រុក 1 month ago 73 Views

    កីឡាករ​ជើង​ខ្លាំង រិន ដាវីត បាន​រក​ឃើញ​ជោគជ័យដ៏សំខាន់បំផុត នៅ​ក្នុងអាជីព​របស់​ខ្លួន​ហើយ គឺ​ការ​ឈ្នះ​បានខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម ជា​លើកដំបូង ពី​ព្រឹត្តិការណ៍​ប្រកួត​ខ្សែ​ក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ​លើ​សង្វៀន PNN  ហើយជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ ដាវីត មាន​មហិច្ឆតា​កាន់​តែ​ធំ ក្នុងការ​ប្រជែង​រក​ឲ្យ​បាន​ខ្សែ​ក្រវាត់​បន្ថែម​ទៀត រួមទាំង​ចង់​ដណ្តើម​ឲ្យ​បាន​មេដាយ ក្នុងការ​ប្រកួតស៊ីហ្គេម ផងដែរ។

    រិន ដាវីត បាន​និយាយថា៖​ «ខ្ញុំ​ពិតជាសប្បាយរីក​រាយ​ខ្លាំង​បំផុត ចំពោះ​ការ​ឈ្នះ​ខ្សែ​ក្រវាត់ ជា​លើក​ដំបូង​ នៅ​ក្នុងអាជីព​នេះ ហើយ​ខ្ញុំក៏​ទើប​បាន​ឈ្នះ​ពាន​មួយ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាល​ពី​ពេលថ្មីៗនេះ​ផងដែរ អ៊ីចឹង​ខ្ញុំ​អាច​ចាត់ទុក ឆ្នាំ​២០២១នេះ ជាឆ្នាំជោគ​ជ័យសម្រាប់​ខ្លួន​ខ្ញុំ ហើយ​​ជាមួយ​ជោគ​ជ័យ​នេះ ​កាន់តែ​ធ្វើ​ឲ្យខ្ញុំ មាន​ទឹក​ចិត្ត​ហ្វឹកហាត់ និង​ព្យាយាម​ប្រកួត​រក​​​ឲ្យ​បានខ្សែ​ក្រវាត់ និងពាន​រង្វាន់បន្ថែម​ទៀត»។

    ការ​ដណ្តើម​បានខ្សែ​ក្រវាត់ជា​លើក​ដំបូង​របស់ រិន ដាវីត បាន​កើត​មាន​ឡើង បន្ទាប់​ពី​រូបគេ បាន​យក​ឈ្នះលើ​គូ​សត្រូវ​ចាស់ ភួន ឡាំងកូស៊ីន នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃអាទិត្យ ហើយ​វា​ក៏ជា​ពេល​ដែល​រូបគេ ទទួល​បាន​ប្រាក់រង្វាន់រហូត​ដល់​៣០​លានរៀល ជា​លើក​ដំបូង ដើម្បី​យក​ទៅ​ប្រគល់​ជូនឪពុក​ម្តាយ​ផងដែរ។

    តាម​រយៈ​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃអាទិត្យនោះ ពិតជា​មាន​ភាព​ស្វិត​ស្វាញ ខ្លាំង​បំផុត ព្រោះ​ទាំង រិន ដាវីត និង ភួន ឡាំកូស៊ីន បាន​វាយ​បក​គ្នា​យ៉ាង​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ ភាព​ប្រទាញ​ប្រទុង​ក្នុង​ការ​ប្រជែង​រក​ការ​មាន​ប្រៀប​របស់​អ្នក​ទាំង​២ បាន​បង្ហាញ​ច្បាស់ នៅ​ក្នុង​ទឹក​ទី​៤ ដោយ​សារ​តែ រិន ដាវីត វាយ​ចេញ​បាន​ល្អ និងចំ​គោល​ដៅ​ពេញៗ ដែល​ធ្វើ​ឲ្យ ឡាំងកូស៊ីន ចង់​ស្លេក​មុខម្តងៗ​ផង​ដែរ ពិសេស​ការ​ម៉ាត់​ចេញ ចូលធ្ងន់ៗ​របស់ រិន ដាវីត តែ​ម្តង។​

    ទោះ​បីជា​យ៉ាង​ណា នៅ​ក្រោយការ​ប្រកួត៥ទឹក​បានបញ្ចប់ ទាំង រិន ដាវីត និង ភួន ឡាំង​កូស៊ីន សុទ្ធ​តែ​មានទំនុក​ចិត្តឈ្នះ​រៀងៗ​ខ្លួន ប៉ុន្តែ​នៅ​ពេល​ប្រកួត​លទ្ធផល ដាវីត បាន​លត់​ជង្គង់ ព្រោះ​អរខ្លាំងពេក ​ជាមួយ​នឹង​ការ​សម្រេច​ឲ្យ​ឈ្នះមិន​ឯកច្ឆន្ទ ៤-១ លើ ឡាំងកូស៊ីន​តែ ឡាំងកូស៊ីន បាន​លត់​ជង្គង់ ទួញយំ និង​​អស់សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​ឲ្យចាញ់នេះ។

    អ្នក​​ប្រដាល់​ជាយ​ដែន ភួន ឡាំងកូស៊ីន ដែល​ទទួល​បានប្រាក់រង្វាន់​ចំនួន​១០លាន​រៀល បាន​ចាត់​ទុក​ការ​សម្រេច​ឲ្យ រិន ដាវីត ឈ្នះ​នេះ ថា​ ជារឿងមិនសម​ហេតុ​ផល ព្រោះ​នៅ​ក្នុងការ​ប្រកួត​៥ទឹក​នេះ រូបគេ គិត​ថា ខ្លួន​គេ​ បានចាញ់​ប្រៀប រិន ដាវីត តែទឹក​ទី​៤​មួយ​ទេ ចំណែក​៤ទឹក​ទៀត គេ​មាន​ប្រៀប នឹង​សម​តែ​ជាអ្នក​ឈ្នះ នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ។

    ផ្ទុយ​ពី​ការ​លើក​ឡើងនេះ រិន ដាវីត ​បាន​​យល់​ឃើញថា សម្រាប់​ការ​ប្រកួត​៥​ទឹក​នេះ រូបគេ​ចាញ់ប្រៀប ភួន ឡាំងកូស៊ីន តែ​ទឹក​ទី​២​មួយ​ទេ  ចំណែក​ទឹក​ទី​១ ទី​៣ ទី​៤ និងទឹក​ទី​៥ គេ​មាន​ប្រៀប ដែល​សម​នឹង​ឈ្នះ​ខ្សែ​ក្រវាត់នេះ​ហើយ ហើយ​​​បន្ទាប់​ពី​ការ​ឈ្នះ​បានខ្សែ​ក្រវាត់នេះ កីឡាករ​ជម្រើសជាតិ​គុនខ្មែរ រិន ដាវីត បាន​ដាក់​ចិត្ត ប្រជែង​ឲ្យបាន​​ឱកាស ​ទៅ​ប្រកួតស៊ីហ្គេម ផងដែរ ព្រោះ​រូប​គេ​មាន​ការជឿជាក់ថា នឹង​អាច​ដណ្តើម​បានមេដាយ​ជូនជាតិ។

    កីឡាករ​វ័យក្មេង កំពុងមានសក្តានុពផល​ខ្លាំង រិន ដាវីត បាន​បញ្ជាក់ថា៖​ «ខ្ញុំ​មិន​ធ្លាប់បាន​ចេញ​ទៅ​ប្រកួតនៅ​ស៊ីហ្គេម កន្លងមក​នោះ​​ទេ ហេតុនេះ​ខ្ញុំនឹង​ខំ​ប្រឹង​ប្រជែងយក​ឱកាស​នេះ ហើយ​បើ​សិនជា​ខ្ញុំ​បាន​ទៅ​ប្រកួត​ស៊ីហ្គេម ​មែន ខ្ញុំ​នឹង​ខំ​ប្រឹង​​ហ្វឹក​ហាត់​ឲ្យខ្លាំង​ជាង​នេះ និងជឿជាក់ថា ខ្ញុំអាច​ដណ្តើម​បានមេដាយ​ណា​មួយ ជូន​ប្រទេស​ជាតិ គឺ​ខ្ញុំ​ជឿជាក់លើខ្លួន​ឯង»៕

  • Loading...
  • Recent Posts