ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលខកខាន មិនអាចរៀបចំបាន ដោយសារវិបត្តិជំងឺកូវីដ១៩នោះ ត្រូវបានសហព័ន្ធកីឡាវាយសីកម្ពុជា លើកយកមកធ្វើឡើងវិញ នៅអាគារសហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកម្ពុជា ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។
សម្រាប់ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ មានក្លិប និងសម្ព័ន្ធកីឡាវាយសីចំនួន១៥ បានដាក់ពាក្យចូលរួមប្រកួត រួមមានក្លិបវាយសីពហុកីឡដ្ឋានជាតិ, ព្រះខ័នរាជ, 1 2 Play, ការពារអាកាស ជ/គ, ភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ស្ពឺ ព្រៃវែង ព្រះសីហនុ ប៉ៃលិន សៀមរាប កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង។
ចំពោះកីឡាករ១១៤នាក់ និងកីឡាការិនី២៥នាក់ តំណាងឲ្យក្លិប និងសម្ព័ន្ធកីឡាវាយសី ទាំង១៥ខាងលើនេះ ពួកគេ នឹងត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាប្រកួតចំនួន៧ ហើយក្រុមអត្តពលិក ជាម្ចាស់ជយលាភី ដែលបង្ហាញសមត្ថភាពល្អ នៅក្នុងការប្រកួតនេះ សហព័ន្ធ នឹងត្រូវដាក់នៅក្នុងបេក្ខភាព ដែលត្រូវវាយតម្លៃ ដើម្បីរកអត្តពលិកឆ្នើមចំនួន៧នាក់ ត្រៀមសម្រាប់ចេញទៅប្រកួតស៊ីហ្គេម តំណាងឲ្យកម្ពុជា។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ថា៖ «កីឡាករការិនី ដែលជ្រើសរើសចេញពីការប្រកួតថ្នាក់ជាតិឆ្នាំ២០២០នេះ នឹងត្រូវដាក់នៅក្នុងបេក្ខភាព ដើម្បីវាយតម្លៃដាក់បញ្ចូលជាអត្តពលិកឆ្នើមរបស់សហព័ន្ធ ដោយរង់ចាំសេចក្តីសម្រេចពីគណៈកម្មាធិការប្រតិបត្តិ និងឆ្លងទៅឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានសហព័ន្ធ»។
លោកឧត្តមសេនីយ៍ទោ ជាម សុភា បានបន្ថែមថា៖ «ការវាយតម្លៃរកអត្តពលិកឆ្នើមនេះ ក៏ព្រោះតែសហព័ន្ធ បានកំណត់ជ្រើសរើសយកអត្តពលិកមានសមត្ថភាពឆ្នើមៗចំនួន៧នាក់ ដើម្បីបំពាក់បំប៉នហ្វឹកហាត់ ជាជម្រើសជាតិបម្រុង សម្រាប់ត្រៀមទៅប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ»៕
Recent Posts
-
Fernandes បង្ហើបថាបច្ចេកទេសស៊ុតហ្រ្វីឃីកទម្លាក់ Liverpool គឺរៀនពីមិត្តរួមក្រុមម្នាក់
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន