• ទ្រីយ៉ាត្លុង មិនអនុញ្ញាតឲ្យអ្នកហ្វឹកហាត់ស្ទើរ ចូលរួមការប្រកួតថ្នាក់ជាតិ
    កីឡាផ្សេងៗ 2 weeks ago 35 Views

    មន្រ្តី​បច្ចេក​ទេស​របស់​សហព័ន្ធ​​កីឡា​ទ្រីយ៉ា​ត្លុង​កម្ពុជា លោក ងិន សុខបញ្ញា បាន​អះអាង​ថា សម្រាប់ការ​ប្រកួត​កីឡាទ្រីយ៉ាត្លុងជ្រើស​រើស​ជើង​ឯក ​ប្រចាំ​ឆ្នាំ​២០២០ ដែល​នឹង​លើក​យក​មក​ធ្វើ​ជា​ថ្មី ពី​ថ្ងៃទី​២០ ដល់​ទី​២២ ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យអត្តពលិក ​មិនបាន​ហ្វឹកហាត់ត្រឹម​ត្រូវ ឬអ្នក​​ហ្វឹក​ហាត់​បានស្ទើរ ឲ្យ​ចូល​រួម​ប្រកួត​នោះ​ទេ។

    ការ​មិន​អនុញ្ញាត​ឲ្យ​អត្តពលិក ដែល​មិន​បាន​ហ្វឹក​ហាត់​ត្រឹមត្រូវ​ចូល​រួម​នេះ ដោយសារ​តែ​ការ​ប្រកួត​ទ្រីយ៉ាត្លុង ជា​ការ​ប្រកួត​ដែល​មាន​ភាព​តាន​តឹង ព្រោះ​នៅរាល់​​វិញ្ញាសា ​ប្រកួត​សុទ្ធ​តែមាន​បញ្ចូល​ទាំង​ការ​រត់​ប្រណាំង ហែល​ទឹក និង​ជិះ​កង់ ពិសេស​ទៀត​នោះ ការ​ហែល​ទឹក ត្រូវ​ធ្វើ​នៅ​ក្នុងសមុទ្រ នៅ​លើ​ទឹក​ដី​ខេត្តកែប។

    លោក ងិល សុខបញ្ញា ជា​​អគ្គលេខាធិការសហព័ន្ធ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​ថ្ងៃនេះ​ថា៖ ​«ចំពោះ​អត្តពលិក ដែលមិនបានហ្វឹកហាត់ត្រឹមត្រូវ យើង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​​ការ​ប្រកួតថ្នាក់ជាតិ​នេះ​ឡើយ ព្រោះ​ការពារ​គ្រោះថ្នាក់ ជាយថាហេតុ ដោយសារ​ការ​ប្រកួត​ធ្វើ​នៅ​ក្នុង​សមុទ្រ»។

    ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​ទ្រីយ៉ាងត្លុង​កម្ពុជា ក៏​បានកំណត់​ចំនួន​ចូល​រួម​ប្រកួត ឲ្យ​ស្ថិត​នៅ​ក្រោម​៧០​នាក់​ផងដែរ។ លោក សុខបញ្ញា បាន​និយាយ​ថា៖​ «គិត​មក​ដល់​ពេលនេះ មានកីឡាករ កីឡាការិនី ជាង​៥០នាក់ហើយ មកពី៩ក្លិប-សមាគម បានចុះឈ្មោះចូលរួម​ការ​ប្រកួតថ្នាក់ជាតិ​នេះ ហើយ​សហព័ន្ធ បាន​កំណត់យក​អ្នក​ចូល​រួម នៅ​​ក្រោម​៧០​នាក់ ព្រោះ​ការ​ប្រកួតនេះ ផ្តោតលើសិទ្ធផល គុណភាព សមត្ថភាព គឺ​មិនផ្តោតលើបរិមាណទេ»។

    ​តាម​លោក ងិន សុខបញ្ញា ​បាន​ឲ្យ​ដឹង​ទៀត​ថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាន​សហការ​ជាមួយ​សាលាខេត្តកែប ដើម្បី​រៀបចំការប្រកួតថ្នាក់​ជាតិ​នេះ ដោយ​ប្រើ​ប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​កីឡា​មួយនេះ ឆ្ពោះ​ទៅ​ទទួលរៀបចំធ្វើជាម្ចាសផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

    ទន្ទឹង​នឹង​នេះ​ សហព័ន្ធ នឹង​បន្ត​​ទទួល​ពាក្យអ្នក​ចុះ​ឈ្មោះ​​ចូលរួម​ប្រកួត រហូត​ដល់​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធ ស្ថិត​នៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ហើយ​អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់ នឹងត្រូវ​បែក​ចែក​ការ​ប្រកួត តៅ​តាមប្រភេទ​វិញ្ញាសា​ចំនួន​៣។

    វិញ្ញាសាទី​១ គឺ​ការ​​ប្រកួត​ទ្រីយ៉ាត្លុង (បុរស-នារី) មិនកំណត់អាយុ ដោយហែលទឹក ៧៥០ម៉ែត្រ រួច​ជិះកង់ចម្ងាយ​២០គីឡូម៉ែត្រ និង​រត់ប្រណាំង៥គីឡូម៉ែត្រ ទី​២ វិញ្ញាសាឌូអាត្លុង (បុរស-នារី) មិនកំណត់អាយុ ដោយរត់ប្រណាំង​៥គីឡូម៉ែត្រ រួច​ជិះកង់ ២០គីឡូម៉ែត្រ និង​រត់ប្រណាំង​២,៥គីឡូម៉ែត្រ ចំណែក​ទី​៣ វិញ្ញាសាអាគ័តត្លុង (បុរស-នារី) អាយុក្រោម១៦ឆ្នាំ ដោយហែលទឹក​៣៥០ម៉ែត្រ និង​រត់ប្រណាំង២,៥គីឡូម៉ែត្រ៕

  • Loading...
  • Recent Posts