អ្នកអង្គម្ចាស់ នរោត្តម ជេនណា បានសម្រេចព្រះហឫទ័យ ក្នុងការចូលរួមជួយដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យកីឡារាំមួយនេះ ឲ្យមានការរីកចម្រើន និងលូតលាស់ ដូចបណ្តាប្រទេសជឿនលឿន នៅលើសកលលោក។
ការសម្រេចហឫទ័យ ជួយដល់សហព័ន្ធកីឡារាំកម្ពុជា ឲ្យកាន់តែមានភាពល្បីល្បាញនេះ គឺបន្ទាប់ពីព្រះនាងតូចដ៏ស្រស់សោភាអង្គនេះ យល់ព្រមធ្វើជាឯកអគ្គរាជទូតសុច្ឆន្ទៈ ទៅតាមសំណើរបស់ប្រធានសហព័ន្ធកីឡារាំកម្ពុជា ហើយការប្រកាសយល់ព្រមនេះ បានធ្វើនៅក្នុងពិធីបិទការប្រកួតកីឡារាំថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើកមកធ្វើនៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ។
ព្រះនាងតូច ជេនណា បានមានព្រះបន្ទូលថា៖ «កន្លងទៅលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានផ្តល់កិត្តិយសយ៉ាងធំធេងណាស់ ដល់រូបខ្ញុំ ដោយបានដាក់សំណើទៅសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះហាក្សត្រ ដើម្បីឲ្យខ្ញុំក្លាយជាឯកអគ្គរាជទូតសុឆន្ទៈរបស់សហព័ន្ធនេះ ហើយដោយមានការសម្រេចព្រះទ័យពីសម្តេច ព្រះមហិស្សរា និងរូបខ្ញុំផ្ទាល់ ដែលស្រឡាញ់លើកីឡានេះផង អ៊ីចឹងចាប់ពីពេលនេះតទៅ ខ្ញុំនឹងក្លាយជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជា តែម្តង»។
អ្នកអង្គម្ចាស់ មានព្រះបន្ទូលបន្ថែមថា៖ «ខ្ញុំសូមចូលរួមសកម្មភាពទាំងឡាយ របស់កីឡារាំ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យស្ថាប័នមួយនេះ មានភាពល្បីល្បាញជាបន្តទៀត ហើយក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមគាំទ្រ សកម្មភាពកីឡា ដើម្បីជាមោទនភាពជាតិ ជាពិសេសវិស័យកីឡារាំ ដើម្បីជាការលើកកម្ពស់វិស័យកីឡានេះ ឲ្យមានការរីកចម្រើន លូតលាស់ ដូចបណ្តាប្រទេសជឿនលឿន លើសកលលោក»។
ការយល់ព្រមធ្វើជាឯកអគ្គរាជទូតសុច្ឆន្ទៈ និងការដាក់ចិត្តជួយរបស់ព្រះនាងតូច ជេនណា ក្នុងការជួយដល់កីឡាកររាំនេះ បានធ្វើឲ្យថ្នាក់ដឹកនសហព័ន្ធកីឡារាំកម្ពុជា ពិសេសក្រុមកីឡាករ កីឡាការិនីវ័យក្មេង លើប្រភេទកីឡានេះ មានការសប្បាយចិត្ត និងកាន់តែមានទឹកចិត្ត ហ្វឹកហាត់លត់ដំ ពង្រឹងសមត្ថភាព ឲ្យបានកាន់តែល្អ ដើម្បីឈានទៅរកការឈ្នះមេដាយ នៅលើឆាកអន្តរជាតិ ជូនប្រទេសជាតិ ពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ២០២១នេះ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត៕
Recent Posts
-
Fernandes បង្ហើបថាបច្ចេកទេសស៊ុតហ្រ្វីឃីកទម្លាក់ Liverpool គឺរៀនពីមិត្តរួមក្រុមម្នាក់
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន