• ឡៅ ចិត្រា យក៤លានទៅផ្ទះ បន្សល់ទុកការសោកស្តាយឲ្យ ឡុង បេនលឿន
    ប្រដាល់ក្នុងស្រុក 2 weeks ago 93 Views

    អ្នក​ប្រដាល់ ឡុង បេនលឿន បាន​បង្ហាញ​ភាពសោក​ស្តាយ​ខ្លាំង និង​នៅ​តែ​មិនអស់​ចិត្ត ចំពោះ​ការ​ចាញ់ ឡៅ ចិត្រា ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន កាល​ពី​យប់​ថ្ងៃអាទិត្យ ព្រោះ​ការ​ចាញ់​នោះ គឺ​ចាញ់​ដោយសារ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន សម្រេច​បញ្ឈប់​រូបគេ​។

    សម្រាប់​ការ​ប្រកួត​យ៉ាង​កក្តៅគគុក​នោះ ជើង​ខ្លាំង ឡៅ ចិត្រា បាន​យក​ឈ្នះ សូត្រ ប៊ុនធី ដោយពិន្ទុ នៅ​ក្នុងការ​ប្រកួត​ជម្រុះ​៣​ទឹក ចំណែក ឡុង បេនលឿន បាន​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ ធន់ ចាន់តាក់ ដោយពិន្ទុ​ដែរ ប៉ុន្តែ​កណ្តាប់​ដៃ និងការ​វាយសន្ធប់​ខ្លាំង​របស់ ចាន់តាក់ បាន​ធ្វើ​ឲ្យ បេនលឿន​ បែក​​នៅ​ត្របក​ភ្នែកខាង​ឆ្វេង ហូរ​ឈាម​មិនដាច់​ទេ។

    ជាមួយ​ការ​មាន​ស្នាម​របួសបែក​ស្រាប់​នេះ ឡុង បេនលឿន មាន​ជួបការ​ពិបាក​ខ្លាំង ក្នុងការ​ប្រកួត​ជាមួយ ឡៅ ចិត្រា​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​​ការ​វាយ​ឆ្មក់ដោយ​កណ្តាប់​ដៃ​របស់ ចិត្រា បាន​ធ្វើ​ឲ្យមុខ​របួស​ចាស់នេះ ចាប់​ផ្តើម​មាន​ឈាម​ហូរ​ស្រក់​មក ហើយ​បន្ថែម​លើ​នេះ ការ​វាយកែង​ឆ្វេង​របស់ ចិត្រា បាន​ធ្វើ​ឲ្យ​ផ្នែក​ខាង​លើនៃ​មុខ​របួស​របស់ បេនលឿន ពក​យ៉ាង​ធំ ផង​ដែរ នៅ​មុន​ពេល​សំឡេងស្នូរ​ជួងបញ្ចប់​ទឹក​ទី​១ បាន​ពន្លឺ​ឡើង។

    នៅ​ក្នុងអំឡុង​ពេល​សម្រាក នៅ​ទឹក​ទី​១​នេះ គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ថោន បាន​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​មុខ​របួស និងស្នាមពក​របស់ ឡុង បេនលឿន ហើយ​បានសម្រេច​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ហ្នឹង​តែ​ម្តង ដោយ​សារ​តែ​របួស និងស្នាម​ពក​នេះ បាន​រំខាន និងបាំង​ភ្នែក​របស់ បេនលឿន មិនអាច​ប្រកួត​បាន។

    ជាមួយ​ការ​ឈ្នះ​ដោយស្រួលនេះ ឡៅ ចិត្រា ទទួល​បាន​ប្រាក់​រង្វាន់ ៤លាន​រៀល ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក ឡុង បេនលឿន ទទួល​បាន​ប្រាក់​រង្វាន់​២,៤​លាន​រៀល ក្នុងនាមជា​អ្នកបាន​​លេខ​២ ទាំង​អារម្មណ៍​សោក​ស្តាយ។ បេនលឿន បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​«​ខ្ញុំ​មាន​ការ​សោកស្តាយ ចំពោះ​ការ​ចាញ់នេះ ព្រោះ​បែក​ទៅ វារំខាន់ ដោយសារ​ឈាម​ហូរ​ចូល​ភ្នែក​ពេក»។

    ឡុង បេនលឿន បាន​​និយាយ​បន្ថែម​ថា៖ ​«ពេល​ប្រកួត​ជាមួយ ធន់ ចាន់តាក់ នៅវគ្គ​ជម្រុះ មានការ​ពិបាក​ដែរ ព្រោះ​គាត់​ល្អ​ដៃ វ៉ៃ​ទៅ​បែក ហើយការ​បែក​នោះ​ហើយ ដែល​ធ្វើ​ឲ្យខ្ញុំ​​ប្រកួតបានត្រឹម​១ទឹក នៅវគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ ឡៅ ចិត្រា ខណៈ​កម្លាំង​ខ្ញុំ​នៅ​ពេញ​តែ​ម្តង ប៉ុន្តែ​ដោយសារ​វា​បែក​ ឈាម​ហូរ ពិបាក​មើល»។

    ជាមួយ​ការ​ចាញ់ទាំងមិនអស់ចិត្តនេះ ឡុង បេនលឿន ក៏​ចង់​ជួប​ជើង​ខ្លាំង ឡៅ ចិត្រា ម្តង​ទៀត​ផងដែរ។ បេនលឿន បាន​បញ្ជាក់ថា៖​«ឡៅ ចិត្រា គាត់​ល្អម៉ាត់ ល្អ​ចាប់ និង​ល្អ​ឡាំ ហើយ​ខ្ញុំ​ពិត​ជាមានអារម្មណសប្បាយ ដែល​បាន​ប្រកួតជាមួយគាត់​ ប៉ុន្តែ​ដោយសារ​ឈាម​រំខានពេក កុំ​អី​ខ្ញុំ​ចង់​ប្រកួត​ជាមួយ​គាត់​រហូត​ដល់​ចប់​៣ទឹក​ ហេតុនេះ​បើ​បាន​ជួបគាត់​ម្តងទៀត ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យអស់ពីសមត្ថ​ភាព»៕

  • Loading...
  • Recent Posts