• បុរសខ្លាំងខាងទាត់គល់ដូង លួត សុផល អស់ឫទ្ធិ ក្រោមកណ្តាប់ដៃ ពេជ្រ បណ្ឌិត
    ប្រដាល់ក្នុងស្រុក 2 weeks ago 76 Views

    អ្នករត់តាក់ស៊ី​វ័យ​៣២​ពី​ឆ្នាំ លោក ​លួត សុផល ដែលត្រូវ​បានគេ​​ស្គាល់ និង​ល្បី​តាម​បណ្តាញ​សង្គម ថា ជា​បុរស​ខ្លាំង ខាង​ទាត់​គល់ដូង នោះ មិនអាច​សម្រេច​បំណង ក្នុងការ​​ស្វែង​រក​ជ័យជម្នះ ចំពោះ​ការ​ឡើង​ប្រកួត នៅ​លើ​សង្វៀន ក្នុង​រាជធានី​ភ្នំពេញ ជា​លើក​ដំបូង​របស់​ខ្លួន​បាន​នោះ​ទេ។

    សម្រាប់ការ​ប្រកួត នៅ​លើ​សង្វៀន​ថោន កាល​ពី​ងថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ភាព​ល្បីល្បាញ នៅ​ក្រៅ​សង្វៀន​របស់ លួត សុផល ត្រូវ​អស់​ឫទ្ធិ ក្រោម​កណ្តាប់​ដៃ អ្នក​ប្រដាល់​​ជើង​ថ្មី​វ័យ​១៨​ឆ្នាំ ពេជ្រ បណ្ឌិត   ដោយ​រូបគេ បាន​សន្លប់​ត្រឹមទឹក​ទី​៤ បើ​ទោះបីជា​ការ​វាយ​ចូល​​របស់ ពេជ្រ បណ្ឌិត ត្រូវបានគេ​មើល​ឃើញ​ថា មិនសូវជា​មានទម្ងន់​ធ្ងន់ធ្ងរ​​ក៏​ដោយ។

    សម្រាប់​ការ​ប្រកួត​៣ទឹក​ដំបូង លួត សុផល បាន​ព្យាយាម​បញ្ចេញស្នៀតទាត់​ច្រើន បន្ថែម​ទៅ​លើ​ការ​ឆ្មក់កណ្តាប់​ដៃ​មួយ​ប្រាវៗ ទៅ​លើ ពេជ្រ បណ្ឌិត ដែល​ព្យាយាម​ចូល​ចាប់​បុក​ជង្គង់ ប៉ុន្តែ​​ជំហរ​វាយ​ចេញ​របស់ លួត សុផល នៅ​មាន​ភាព​ទន់​ជ្រាយ​ស្ទើរ​គ្រប់​ផ្នែក និងមិនសូវមាន​ទម្ងន់​ផង​ដែរ។

    ឈាន​ចូល​ទឹក​ទី​៤ លួត សុផល និង ពេជ្រ បណ្ឌិត បាន​ព្យាយាម​វាយ​សម្រុក​គ្នា​ខ្លាំង​ជាង​៣​ទឹក​កន្លង​មក ហើយ​ក្នុងពេល​ប្តូរកណ្តាប់គ្នា​នោះ កណ្តាប់​ដៃ​ស្តាំ​របស់ ពេជ្រ បណ្ឌិត បាន​វាយ​ចូល​ថ្គាម លួត សុផល បណ្តាល​ឱ្យ​បុរស​ល្បី​ខាង​ទាត់គល់ដូង​ម្នាក់នេះ ស្រុត​ជំហរ​ចុះ រួច​ដួល​សន្លប់​តែម្តង។

    ការ​បរាជ័យ ដោយ​សន្លប់​នេះ គឺ​មាន​ន័យ​ថា លួត សុផល មិនអាច​ស្វែង​រក​ការ​ឈ្នះ នៅ​លើ​សង្វៀន​ នៅ​ភ្នំពេញ ដើម្បី​បញ្ចប់​មុខ​របរ​រត់តាក់ស៊ី ហើយមក​ចាប់​អាជីពខាង​ប្រដាល់​ ទៅតាមក្តីស្រម៉ៃ​​របស់​គេ​នោះ​ទេ។ តែ​ទោះបីជា​យ៉ាង​ណា តាម​ព័ត៌​មាន​ច្បាស់ការ ​បាន​ឲ្យ​ដឹង​ថា នៅ​​ក្រោយការ​ចាញ់នេះ លួត សុផល នឹង​​នៅ​តែ​បន្ត​ការ​ហ្វឹក​ហាត់ប្រដាល់ នៅ​ក្លិប​ប៉ែន​កាក់​គុនខ្មែរ ដើម្បី​ពង្រឹងសមត្ថ​ភាព ត្រៀម​ការ​ប្រកួត​ជា​ថ្មី៕

     

  • Loading...
  • Recent Posts