• ឃីម បូរ៉ា ៖ តាមរយៈប្រដាល់ ខ្ញុំកសាងគ្រួសារមួយ បានល្អប្រសើរ មិនជំពាក់គេ
    ប្រដាល់ក្នុងស្រុក 2 weeks ago 69 Views

    អ្នក​​ប្រដាល់​មកពីជាយ​ដែន​ខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា បានអះអាង​ថា ការ​ទទួល​បាន​ជោគ​ជ័យជា​បន្ត​បន្ទាប់ នៅ​ក្នុងការ​ប្រកួត​នៅ​លើសង្វៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជួយ​ឲ្យ​រូបគេ បង្កើត​បាន​គ្រួសារ​មួយ ដែល​មាន​ជីវភាពល្អ​ប្រសើរ គឺ​មាន​ផ្ទះ មាន​ដី មានម៉ូតូ ឡាន និង​មិន​ជំពាក់​លុយ​គេ។

    ​កីឡាករ​មាន​កូនមួយ ឃីម បូរ៉ា ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​ម្ចាស់​មេដាយស៊ីហ្គេម ឃីម ឌីម៉ា បាន​និយាយ​ថា៖​ «តាម​រយ​មុខ​របរ​ប្រដាល់ ខ្ញុំ​កសាង​បាន​​គ្រួសារមួយ ដែល​​មាន​ដី ​មាន​ផ្ទះ ​មាន​ម៉ូតូ ​និង​រថយន្ត​ប្រើ​ប្រាស់​ ព្រម​ទាំង​មាន​ជីវភាព​ល្អ​ប្រសើរ​ មិន​ជំពាក់​គេ​នោះ​ទេ»។

    ការ​លើក​ឡើង​​របស់ ឃីម បូរ៉ា បែប​នេះ គឺ​បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​លើក​ទី​២ អម​ជាមួយ​ប្រាក់រង្វាន់​ចំនួន​៥០០០ដុល្លារ នៅ​លើ​សង្វៀន CNC កាល​ពី​យប់​ថ្ងៃសៅរ៍ ហើយ​ជ័យជម្នះ​នេះ បាន​កើត​ឡើង ក្រោយ​ពេល​រូប​គេ បាន​យក​ឈ្នះ​ដោយពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១ លើ​ជើង​ខ្លាំង ម៉ឺន មេឃា នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ខណៈ​ការ​ប្រកួត​ដ៏​តាន​តឹង​នេះ បូរ៉ា ក៏​មិន​ចង់​ជឿដែរ​ថា រូប​គេ ត្រូវបាន​ផ្តល់ពិន្ទុ​ឲ្យ​ឈ្នះ ម៉ឺន មេឃា។​

    ទាក់​ទង​នឹងការ​ឈ្នះ​បានខ្សែ​ក្រវាត់ ជា​លើក​ទី​២នេះ ឃីម បូរ៉ា បាននិយាយ​​ថា៖​«​គិត​មក​ដល់​ពេល​នេះ ​ខ្ញុំ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ចំនួន​២ហើយ ​គឺ​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា ​និង​​ខ្សែ​ក្រវាត់​គោល​ជល់​នេះ ស្ថិត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដូច​គ្នា ​ ​ហើយ​នេះ​ខ្ញុំ​នៅ​មិន​ទាន់​គិត​ពីការ​​ឈ្នះ​ពាន ​ឬ​ប្រាក់​រង្វាន់ផ្សេងៗ​ទៀត​​នោះ​ទេ»។

    ឃីម បូរ៉ា បាន​ប្រាប់​បន្ថែម​ថា៖​«​ចំពោះ​ប្រាក់​រង្វាន់​​៥០០០​ដុល្លារ ​ដែល​ទទួល​បាន​ពេល​នេះ​ ខ្ញុំ​នឹង​យក​មក​​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ខ្ញុំ ​ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ ​និង​កូន​ប្រុស​អាយុ​៤ឆ្នាំ​ ហើយពេលនេះ ​​​ប្រពន្ធខ្ញុំ ​ក៏​កំពុងមាន​ទម្ងន់​ទៀត អ៊ីចឹង​តាម​រយៈប្រដាល់ បាន​ផ្តល់​ប្រាក់​ចំណូល ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ល្អ​ប្រសើរ ហេតុ​នេះ​ហើយ ​ខ្ញុំ​​នឹង​​ខំ​ប្រឹង​ហ្វឹក​ហាត់​ឲ្យ​ល្អ ដើម្បីត្រៀម​​ការ​ប្រកួត​ជា​បន្ត​បន្ទាប់​ទៀត»។

    ចំណែក ម៉ឺន មេឃា ហាក់មានការ​អស់សង្ឃឹម ចំពោះ​ការ​ចាញ់ ឃីម បូរ៉ា នៅ​វគ្គ​ផ្តាច់​ព័ត្រ​នេះ ប៉ុន្តែ​រូបគេ​ក៏​ចង់​ជួប បូរ៉ា ជា​ថ្មី​ផងដែរ។ កូន​ប្រុស​បង្កើត​របស់​លោក អេ ភូថង រូប​នេះ បាននិយាយ​ក្រោយការ​ប្រកួត​ថា៖ ​«​ខ្ញុំ​​បាន​ប្រឹង​ប្រែង​ប្រកួត​អស់​ពីសមត្ថ​ភាព​ហើយ ប៉ុន្តែខ្ញុំ​នៅមាន​ចំណុច​ខ្សោយ​ត្រង់​ថា ពេល​ចូលទៅ​វ៉ៃ ខ្ញុំ​អត់​សូវ​ប្រយ័ត្ន ហេតុ​នេះបើ​សិន​ជា​បាន​ជួប​គ្នា​ម្តងទៀត ខ្ញុំ​នឹង​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​បាន​ល្អ»៕

  • Loading...
  • Recent Posts