• ខ្ចីជាងគេមែនពិត ប៉ុន្តែ ឡុង បេនលឿន ចង់ប៉ះ ឡៅ ចិត្រា មុនគេ ក្នុងការប្រកួតដណ្តើមប្រាក់លាន
    ប្រដាល់ក្នុងស្រុក 7 months ago 195 Views

    កីឡាករ ឡុង បេនលឿន ជាបេក្ខភាព​មានបទពិសោធ​ប្រកួតខ្ចីជាងគេ ប្រៀប​ធៀប​ទៅ​នឹង​​ឡៅ ចិត្រា, ធន់ ចាន់តាក់ និង សូត្រ ប៊ុនធី ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួតគ្នា ដណ្តើម​ប្រាក់​លាន ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នាថ្ងៃអាទិត្យនេះ ប៉ុន្តែ​អ្នក​ប្រដាល់​ចិត្តសឿង​មួយនេះ បានអះអាង​ថា ពិតជា​ចង់​ចាប់​ឆ្នោតប៉ះ​ជើង​ខ្លាំង ឡៅ ចិត្រា នៅ​វគ្គ​ជម្រុះ ទោះបីជា នៅ​ក្នុងចំណោម​នេះ ចិត្រា មានសមត្ថ​ភាព ខ្ពស់ជាង​គេ ក៏​ដោយ។

    តាម​ស្ថិតិ​ និង​ប្រវត្តិ​ប្រ​កួត​គឺ ឡៅ​ ចិត្រា​, ធន់ ​ចាន់​តាក់​ និង សូត្រ​ ប៊ុន​ធី ​សុទ្ធ​តែមានបទពិសោធ​ប្រកួតច្រើន នៅ​លើ​សង្វៀន ហើយ​ពួក​គេ ​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ មក​គ្រប់​គ្រងដូចគ្នា ​ចំណែក ​ឡុង ​បេន​លឿន​ ​មាន​បទពិសោធ​​​ខ្ចី​វស្សា​ជាង​គេ គឺ​កីឡាករ​មាន​កម្ពស់​១,៧០ម៉ែត្ររូបនេះ ​ប្រ​កួត​បាន​៧០​ដង ​ឈ្នះ​៦០​ ​ចាញ់​៧ ​ស្មើ​​៣​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​​៩​ដង​។​

    យ៉ាង​ណា​ក៏ដោយ ឡុង បេនលឿន មាន​ចិត្ត​ធំ ​កម្លាំង​ល្អ ​រឹង​មាំ​ ព្រម​ទាំង​មាន​មហិច្ឆតា​ខ្ពស់ ដោយ​​ហ៊ាន​​បោះ​សម្តី​ចង់​ជួប​​ឡៅ​ ចិត្រា​ តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​។​ ​បេន​លឿន​ បាន​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​ឈ្នះ ​ព្រោះ​ត្រៀម​ខ្លួន​បាន​ល្អ​ ដោយ​មិន​ញញើត​ ឡៅ​ ចិត្រា​ នោះ​ទេ។ ​​ខ្ញុំ​ចង់ចាប់​ឆ្នោត​​ប៉ះ ​ឡៅ​ ចិត្រា​ ដើម្បី​ទម្លាក់​គេនៅ​ក្នុង​វគ្គ​ជម្រុះ​ ចំណែក​បេក្ខភាព២នាក់​ទៀត គឺ ធន់ ​ចាន់​តាក់​ និង​ សូត្រ​ ប៊ុន​ធី​ ខ្ញុំ​គិត​ថា ​មួយ​ណា​ក៏​ខ្ញុំ​មិន​ខ្លាច​ញញើត​នោះ​ដែរ»​។​

    ចំណែក​​ម្ចាស់មេដាយ​សំរឹទ្ធ​២​សម័យកាល​ មក​ពីស៊ីហ្គេម និងជា​ម្ចាស់​ខ្សែ​ក្រវាត់​៣ស្ថាប័ន ឡៅ ចិត្ត្រា ក៏បាន​មើល​ឃើញ​ថា ការ​ប្រកួតនេះ មាន​ការ​លំបាក​ផងដែរ ដោយសារ​បេក្ខភាព​៣នាក់ទៀត សុទ្ធ​តែ​មានសមត្ថភាព​ល្អ ប៉ុន្តែ ចិត្រា នៅតែមានការ​ជឿជាក់ខ្ពស់​ថា រូបគេ នឹងអាច​ទទួលបាន​ជ័យជម្នះ ដើម្បី​ឈាន​ទៅរក​ការ​ឈ្នះ​ប្រាក់រង្វាន់ ដែលមានការបង្កើន​ប្រាក់​រង្វាន់​ពី​៣,៤​លាន​រៀន ទៅ​ដល់​៤លានរៀល នៅ​សប្តាហ៍​ទី​៥៧​នេះ។

    ជើង​ខ្លាំង​មក​ពីក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ឡៅ ​ចិត្រា​ បាននិយាយ​ថា​៖ «ការ​ប្រកួតនេះ ទោះ​​ចាប់​ឆ្នោត​ប៉ះ​មួយ​ណា ​ក៏​លំបាក​​យក​ឈ្នះ​ដូច​គ្នា​ ​ព្រោះ​គេ​កំពុង​តែ​ហ្វឹក​ហាត់​ប្រ​កួត​ល្អ​ដូច​គ្នា។ តែ​​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​យក​ឈ្នះ​ ដោយ​សង្ឃឹម និង​​ជឿ​ជាក់​​៨០​ភាគ​រយ ​ថា នឹង​​ឈ្នះ»​។​

    ចំណែកភាគី ធន់ ចាន់តាក់ និង សូត្រ ប៊ុនធី សុទ្ធតែ​មិនហ៊ាន​ព្យាករពី​លទ្ធផល​ទុក​មុន ដោយសារ​ពួកគេ បាន​ដឹង​រួច​ទៅ​ហើយ​ថា ការ​ប្រកួតនេះ ពិតជា​លំបាក​ខ្លាំង ពិសេស​បេក្ខភាព​កីឡាករ ឡៅ ចិត្រា ដែល​ធ្លាប់​ផ្តួល សូត្រ ប៊ុនធី ឲ្យ​សន្លប់ នាជំនួប​កន្លងមក ប៉ុន្តែ​ទាំង សូត្រ ប៊ុនធី និង ធន់ ចាន់តាក់ សុទ្ធតែ​អះអាង​ថា នឹង​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែង​រក​ការ​ឈ្នះ​ដូចគ្នា។

    គួរបញ្ជាក់​ថា ឡៅ​ ចិត្រា​ មាន​កម្ពស់​១,៧០ម៉ែត្រ​ ធ្លាប់​ប្រ​កួត​ចំនួន​៩៥​ដង ​ឈ្នះ​៨៣​​ចាញ់​​៨ ស្មើ​៤​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​បាន​​៣៥​ដង​ ចំណែក សូត្រ ​ប៊ុន​ធី ​ប្រ​កួត​បាន​១២៤​ដង ឈ្នះ​៩៧​ ​ចាញ់​២៤​ ​ស្មើ​៣​ដង ក្នុង​នោះ​ផ្តួល​គូ​ប្រ​កួត​បាន​១៥​ដង ហើយ ​ធន់ ចាន់តាក់​ ធ្លាប់​ប្រ​កួត​បាន​​៨៣​ដង ​ឈ្នះ​៦០​ ​ចាញ់​២០​ ​ស្មើ​៣​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​៣០​ដង​៕

  • Loading...
  • Recent Posts