អ្នកប្រដាល់មានកាយសម្បទារឹងមាំ វង្ស វិឆ័យ ហក់មិនអស់ចិត្តទៅនឹងការសម្រេចឲ្យចាញ់ ពុទ្ធ ឆាយរិទ្ធី ចំណែក រីម តុងហេង ដែលបានចេញមុខមកប្រកួតជំនួសសិស្សរួមក្លិបនាគរាជចតុមុខនោះ ត្រូវបានអ្នកប្រយុទ្ធជើងថ្មី ទេព ឧត្តម វ៉ៃឡើងទ្រមខ្លួន មុនពេលសម្រេចចុះចាញ់ដោយការសន្លប់ សម្រាប់ការប្រកួតគ្នា ក្នុងព្រឹត្តិការណ៍ប្រកួតថ្មី «អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីដ» នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ។
តាមពិតសម្រាប់ការប្រកួត កាលពីព្រឹកថ្ងៃអាទិត្យនោះ កីឡាករ អឿន សំអូន ទៅវិញទេ ដែលត្រូវប្រកួតជាមួយ ទេព ឧត្តម ប៉ុន្តែដល់ពេលប្រកួត បែរជាលេចមុខ រីម តុងហេង មកប្រកួតជំនួសវិញ ហើយតាមរយៈការប្រកួតនោះ តុងហេង ក៏ធ្វើបានល្អផងដែរ ពិសេសនៅក្នុងទឹកទី១ ដោយរូបគេ បានទាត់ឲ្យ ទេព ឧត្តម ដួល និងបានទាត់ចូលកញ្ចឹងករ ជាច្រើនលើកផងដែរ។
ប៉ុន្តែទម្ងន់ជើងរបស់ រីម តុងហេង មិនអាចធ្វើឲ្យ ទេព ឧត្តម ថមថយកម្លាំងនោះទេ ផ្ទុយទៅវិញប្អូនបង្កើតរបស់កីឡាករ ឡុង សុវណ្ណឌឿន រូបនេះ កាន់តែតាមវាយសម្រុកទៅលើ តុងហេង និងបានម៉ាត់ និងវាយកែងថែម បណ្តាលឲ្យ តុងហេង ដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅពាក់កណ្តាលទឹកទី៣។
បោះទោះបីជា ការវាយកែងរបស់ ទេព ឧត្តម ត្រូវបានគេមើលឃើញថា ចំបញ្ចឹងកពីក្រោយ ដែលជាកន្លែងហាមឃាត់ ប៉ុន្តែលោកអាជ្ញាកណ្តាល មិនបានពិន័យទៅលើ ឧត្តម នោះទេ ហើយនៅចុងទឹកទី៣នេះដដែល រីម តុងហេង ត្រូវបាន ទេព ឧត្តម ចាប់បុកជង្គង់ស្តាំចូលពោះពេញ បណ្តាលឲ្យដួលចុលរមួល និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។
ឈានចូលទឹកទី៤ រីម តុងហេង ដែលស្ថិតក្រោមការវាយសម្រុកយ៉ាងខ្លាំងនោះ បានព្យាយាមទាត់ ម៉ាត់ ពិសេសវាយកែងប្តូរជាមួយ ទេព ឧត្តម ប៉ុន្តែកណ្តាប់ដៃវាយចូលពេញៗរបស់ ឧត្តម ធ្វើឲ្យ តុងហេង ដួល ហើយនៅពេលលោកអាជ្ញាកណ្តាលរាប់ជាលើកទី៣ ទៅលើរូបគេនោះ តុងហេង បានគ្រវីក្បាល រួចក៏ដួលដេកសន្លប់តែម្តង រហូតមានការជួយពិនិត្យ និងសម្រួល ពីគ្រូពេទ្យប្រចាំសង្វៀន។
យ៉ាងណាក៏ដោយ ទេព ឧត្តម បានលាន់មាត់ ប្រាប់អ្នកឲ្យទឹករបស់ខ្លួន ដោយបានសរសើរទៅដល់ស្នៀតទាត់របស់ រីម តុងហេង។ ឧត្តម ដែលកំពុងដោះក្រណាត់រុំចេញពីដៃនោះ បាននិយាយថា៖«វាបានការពិបាកដែរ ព្រោះកម្លាំងទាត់ចេញរបស់ រីម តុងហេង មានទម្ងន់ធ្ងន់»។
ទោះបីជាយ៉ាងណា នៅក្រោយការប្រកួតនេះ គណៈកម្មការរៀបចំការប្រកួត បានប្រកាសថា នឹងដាក់ឲ្យ រីម តុងហេង ប្រកួតសងសឹកជាមួយ ទេព ឧត្តម ជាថ្មីម្តងទៀត ដោយសារការប្រកួតលើកនេះ តុងហេង មានភាពស៊ូខ្លាំង នឹងបានជម្នះការប្រកួតរហូតដល់ទឹកទី៣ ខណៈស្ថានភាពប្រកួតជាក់ស្តែង រីម តុងហេង អាចនឹងសន្លប់ តាំងពីទឹកទី៣មកម្ល៉េះ។
ដោយឡែក វង្ស វិឆ័យ ដែលដាក់ឲ្យប្រកួតក្នុងលំដាប់គូឯក ក្នុងព្រឹត្តិការណ៍ថ្មីនេះ ជាមួយ ពុទ្ធ ឆាយរិទ្ធី បានបង្ហាញភាពស្រឡាំងកាំង នៅពេលពិធីករប្រកាសឲ្យរូបគេចាញ់ពិន្ទុ ពុទ្ធ ឆាយរិទ្ធី ដោយពិន្ទុ មិនឯកច្ឆន្ទ ៣-២ ខណៈនៅមុនការប្រកាសនេះ វង្ស វិឆ័យ មានភាពជឿជាក់ថា រូបគេ នឹងឈ្នះ ស្របពេល ពុទ្ធ ឆាយរិទ្ធី បានឱនមុខចុះ ដោយមិនរំពឹងឈ្នះនោះទេ។
ទោះយ៉ាងណា វង្ស វិឆ័យ មិនបានតវ៉ាពីការសម្រេចនេះទេ ផ្ទុយទៅវិញ រូបគេបានប្រែទឹកមុខពីការខកចិត្ត ទៅជាការអបអរដល់ ពុទ្ធ ឆាយរិទ្ធី វិញ ដើម្បីឲ្យស្របទៅតាមការកាត់សេចក្តីរបស់ចៅក្រម ព្រោះនៅក្នុងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមិនតម្រូវឲ្យកីឡាករណាម្នាក់ បង្ហាញអាការៈខឹងសម្បារ ឬចេញកាយវិការច្រង៉េងច្រង៉ាង ប្រឆាំងទៅនឹងការកាត់សេចក្តីរបស់ចៅក្រមនោះទេ ប៉ុន្តែអាចដាក់ពាក្យប្តឹងបាន បើសិនជាកីឡាកររូបនោះ មិនពេញចិត្ត ទទួលយកការសម្រេចសេចក្តីនោះ៕
Recent Posts
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ
-
Spurs បង្ហញពីភាពខ្លាំងចុងក្រោយ ដើម្បីទម្លាក់ក្រុម Wycombe ក្នុង FA Cup (មានវីដេអូ)