• រិន ដាវីត ប្តេជ្ញាដណ្តើម​ឲ្យបានខ្សែ​ក្រវាត់ ដើម្បីយកប្រាក់រង្វាន់ ទៅជូន​ម៉ែ ដោះបំណុលគេ
    ប្រដាល់ក្នុងស្រុក 4 weeks ago 58 Views

    កីឡាករ​ជើងខ្លាំងវ័យក្មេងនៃ​ក្រុមក្រុម​ជម្រើសជាតិគុនខ្មែរ រិន ដាវីត ហាក់មាន​ភាព​ជឿជាក់​ថា រូបគេ​នឹងអាច​យក​ឈ្នះ​លើ ភួន ឡាំងកូស៊ីន ជា​ថ្មីម្តង នៅ​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដែលនឹង​ត្រូវ​ធ្វើ​ឡើង នៅ​ចុងខែ​មករា ឆ្នាំ​២០២១ ដើម្បី​អាច​ឈ្នះ​បានខ្សែ​ក្រវាត់ ជា​លើក​ដំបូង ក្នុងអាជីព ហើយក៏ដើម្បី​អាច​បាន​ប្រាក់រង្វាន់ចំនួន​៣០​លាន យក​ទៅជូន​ម្តាយ ក្នុងការ​ដោះ​បំណុលគេ​ផងដែរ។
    បើទោះបីជា រិន ដាវីត នៅមិនទាន់មាន​ភាព​ប្រាកដ​ប្រជា​១០០​ភាគ​រយ ក្នុងការ​យក​ឈ្នះ ភួន ឡាំងកូស៊ីន នៅវគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ការយក​ឈ្នះម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ខេម ចាន់ នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បាន​ផ្តល់កម្លាំង​ចិត្តឲ្យ​រូបគេ​មួយកម្រិតទៀត។ បន្ថែម​លើនេះ ភួន ឡាំងកូស៊ីន ក៏​ទើបបានចាញ់ពិន្ទុ រិន ដាវីត កាល​ប្រកួតជម្រុះតាមពូល​ផងដែរ។


    រិន ដាវីត បាននិយាយ​ ក្រោយ​យក​ឈ្នះ​លើ ខេម ចាន់ ថា៖ «​ការ​យក​ឈ្នះ ខេម ចាន់ ធ្វើ​ឲ្យខ្ញុំកាន់តែ​មានកម្លាំង​ចិត្ត ក្នុងការ​ត្រៀមទៅប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រជាមួយ ភួន ឡាំងកូស៊ីន ហើយ​កន្លងមក ខ្ញុំក៏​​ធ្លាប់បាន​ឈ្នះ ឡាំងកូស៊ីន ២​លើក និងស្មើ​១ដង ផងដែរ គឺ​មិន​ធ្លាប់​ចាញ់គាត់​នោះទេ អ៊ីចឹង​ការ​ជួប ឡាំង​កូស៊ីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជា​រឿង​ល្អសម្រាប់ខ្ញុំ»។
    យ៉ាងណាក៏​ដោយ កីឡាករ​ជំនាញ​វ៉ៃ​ក្បាច់ រិន ដាវីត បាននិយាយ​បន្ថែម​ថា៖​«ការ​និយាយជា​រឿង​ល្អ​សម្រាប់ខ្ញុំនេះ មិនមែនមានន័យថា ខ្ញុំ​មើលងាយសមត្ថ​ភាព​របស់គាត់​នោះទេ តែ​ដោយសារខ្ញុំធ្លាប់​ឈ្នះ​ ភួន ឡាំងកូស៊ីន អ៊ីចឹង​ខ្ញុំមានការ​ជឿជាក់លើ​ខ្លួន​ឯង»។
    នៅពេល​សួរទៅ​ដល់ក្បាច់ និងចំណុច​ល្អ​របស់ ភួន ឡាំងកូស៊ីន ពិសេស​ការ​​ប្រកួតចុង​ក្រោយជាមួយ ពេជ្រ​ ប៊ុនសិដ្ឋ ដែល ឡាំងកូស៊ីន អាច​យក​ឈ្នះ​ដោយពិន្ទុ​ដាច់នោះ រិន ដាវីត បាន​ឆ្លើយ​តប​ថា៖ ​«គាត់​ចេញ​មួយៗ តែ​មានទម្ងន់ធ្ងន់ទាំង​ដៃ និងជើង ហើយចុង​ក្រោយ​នេះ ឃើញ​ថា គាត់ល្អ​ជាងមុន»។
    យ៉ាង​ណា​ក៏​ដោយ សិស្សគណ​ក្លិប​នាគរាជចតុមុខ រូបនេះ ពិតជា​ចង់​ឈ្នះខ្សែ​ក្រវាត់នេះខ្លាំងបំផុត ហើយក៏ជា​បាន​ប្រាក់រង្វាន់ចំនួន​៣០​លាន​រៀល យក​ទៅជូន​ម្តាយ ដើម្បី​ដោះបំណុលគេផងដែរ ហេតុនេះរូបគេ​បាន​ប្តេជ្ញា​ចិត្តថា នឹង​យក​ឈ្នះ ភួន ឡាំងកូស៊ីន ឲ្យបាន។
    រិន ដាវីត បាន​បញ្ជាក់ថា៖​«ខ្ញុំមាន​សង្ឃឹម​៧០​ភាគ​រយ ថា​នឹងបាន​គ្រងខ្សែ​ក្រវាត់នេះ ហើយបើខ្ញុំ​ឈ្នះមែន ខ្ញុំនឹង​យក​ប្រាក់រង្វាន់​៣០លាន​រៀលនេះ ទៅ​ជូន​ម៉ែ​របស់​ខ្ញុំ ដើម្បី​ដោះបំណុលគេ។ ខ្ញុំ​ប្តេជ្ញា​ថា សម្រាប់ការ​ប្រកួតផ្តាច់ព្រ័ត្រ​នេះ ខ្ញុំនឹងយក​ឈ្នះ​ឲ្យបាន»។
    ទោះបីជា​យ៉ាង​ណា លទ្ធផលពិតប្រាកដ នៅមិនទាន់​ច្បាស់នៅ​ឡើយទេ ខណៈ​កីឡាករ ភួន ឡាំងកូស៊ីន និងគ្រូ​បង្វឹក​លោក សាន សៅយ៉ាន់ ក៏មានការរំពឹងខ្ពស់ថា នឹង​អាច​យក​ឈ្នះ​លើ រិន ដាវីត ដើម្បី​គ្រោងខ្សែ​ក្រវាត់ និងយកប្រាក់រង្វាន់ចំនួន​៣០លាន​នេះ វិល​ទៅស្រុកកំណើត នៅខេត្តបន្ទាយជ័យ ដូច​គ្នា៕

     

  • Loading...
  • Recent Posts