សហព័ន្ធកីឡាជាតិចំនួន៣០ មិនអាចរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០របស់ខ្លួន ទៅតាមកាលបរិច្ឆេទបាននោះទេ ហើយបញ្ហានេះ ដោយសារតែការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅតែបង្កជាហានិភ័យ ម្តងហើយម្តងទៀត មិនស្រាកស្រាន្ត។
គិតត្រឹមពេលនេះ មានតែសហព័ន្ធកីឡាជាតិ ចំនួន១០ប៉ុណ្ណោះ បានរៀបចំការប្រកួតជ្រើសរើសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានរួចរាល់ ក្នុងនោះមានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា តេក្វាន់ដូ (WTF) បាល់ឱប តេក្វាន់ដូ (ITF) ការ៉ាតេ បេស្បល វាយកូនខ្លីលើតុ សូហ្វតិន្នីស ហែលទឹក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំការប្រកួតថ្នាក់ជាតិ បានរួចរាល់ ចំណែកគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទើបប្រកួតបានកីឡាបាល់ទះអង្គុយមួយប៉ុណ្ណោះ គឺនៅសល់ប្រភេទកីឡាជនពិការជាច្រើនទៀត ដែលមិនទាន់បានរៀបចំ។
ផ្ទុយពីនេះ សហព័ន្ធកីឡាជាតិចំនួន៣០ទៀត រួមមានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ យូដូ កាយសម្ព័ន្ធ ទោចក្រាយាន (ជិះកង់) គុនដាវ គុនល្បុក្កតោ ចំបាប់ តុងហ្គីលម៉ូដូ ទូកក្តោង ទ្រីយ៉ាត្លុង បាញ់កាំភ្លើង បាល់ទះ បាល់ទាត់ បាល់បោះ ប្រដាល់គុនខ្មែរ ប្រដាល់សកល ម៉ូតូទឹក កីឡារាំ វ៉ូវីណាម វ៉ូស៊ូ វាយកូនគោល វាយកូនបាល់ វាយសី, កីឡាសិស្ស និងនិស្សិត, សីដក់ និងឈិនឡូន, ប៊ូល និងប៉តង់, ទូកកានូ និងរ៉ូអ៊ីង, សូរីនហ្ស៊ិកាំប៉ូ កីឡាឡើងភ្នំ និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅមិនទាន់បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ របស់ខ្លួននៅឡើយទេ។
យ៉ាងណាក៏ដោយ អគ្គលេខាធិការអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ថា សហព័ន្ធកីឡាជាតិ ដែលមិនទាន់បានរៀបចំការប្រកួតថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ អាចលើកពេលទៅធ្វើ នៅដើមឆ្នាំ២០២១ បាន បើសិនជាករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានភាពធូរស្រាលឡើងវិញ។
លោក រស់ សុវាចា បានប្រាប់កាសែតក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះថា ៖«កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតផ្អាកសកម្មភាពហាត់ប្រាណ ហាត់ហ្វឹកហ្វឺន និងការប្រកួត មាន លក្ខណៈប្រមូលផ្តុំ ហើយក៏មិនទាន់អនុញ្ញាត ធ្វើសកម្មភាពឡើងវិញដែរ ដើម្បីបន្តចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហេតុនេះចំពោះការប្រកួតជើងឯកថ្នាក់ជាតិ តាមប្រភេទកីឡាប្រចាំឆ្នាំ ២០២០ គឺសហព័ន្ធ ណាដែលមិនទាន់បានធ្វើ អាចនឹងពន្យារការប្រកួត ដល់ដើមឆ្នាំ២០២១»៕
Recent Posts
-
Fernandes បង្ហើបថាបច្ចេកទេសស៊ុតហ្រ្វីឃីកទម្លាក់ Liverpool គឺរៀនពីមិត្តរួមក្រុមម្នាក់
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន