មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានឲ្យដឹងថា CAMSOC និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីនាំយកការប្រកួតបាល់ទាត់អន្តរជាតិ ទាំងលើកម្រិតអាស៊ាន និងអាស៊ី យកមកធ្វើនៅពហុកីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅមុនពេលពហុកីឡដ្ឋានធំនេះ បើកឲ្យមានការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាននិយាយថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយការប្រកួតបាល់ទាត់អន្តរជាតិនាន រួមទាំងការប្រកួតមិត្តភាពអន្តរជាតិ នឹងអាចធ្វើ នៅពហុកីឡដ្ឋាននេះ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១តទៅ។
លោកបានបញ្ជាក់ថា៖ «ក្រោយពេលបញ្ចប់ការសាងសាង់កីឡដ្ឋានធំនេះ យើងមានសកម្មភាពច្រើនណាស់ត្រូវធ្វើ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះ នឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន ដោយយើងនឹងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
អ្នកជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន បានថ្លែងបន្ថែមថា៖«សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀត អាចយកមកប្រកួត នៅពហុកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី និងបរិយាកាសថ្មី អ៊ីចឹងការប្រកួតបាល់ទាត់អន្តរជាតិនានា អាចនឹងចាប់ផ្តើមធ្វើទៅបាន ពីអំឡុងពាក់កណ្តាលឆ្នាំ២០២១តទៅ នៅពហុកីឡដ្ឋានជាតិថ្មីនេះ»។
ការលើកឡើងរបស់លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង បន្ទាប់ពីលោក រួមទាំងក្រុមគណៈកម្មការជំនាញរបស់ CAMSOC ដឹកនាំដោយលោក ថោន ខុន ដែលជាអនុប្រធានអចិន្រ្តៃ CAMSOC ចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃចន្ទ ម្សិលមិញ។
សម្រាប់ការចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងថា ក្រុមហ៊ុនចិន ដែលសាងសង់កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ (កម្មករខ្មែរមានជាង៣០០នាក់) គឺមានភាពយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកុម្ម៉ងទិញមកពីអាល្លឺម៉ង់ជាដើម។
លោកបណ្ឌិត ថោង ខុន បានថ្លែងបន្ថែមថា៖«ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះ គឺជាអនុស្សាវរីយ៍មួយដ៏ធំធេង នាពេលពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើង នៅអនាគតផងដែរ»៕
Recent Posts
-
Man City សម្លឹងរកការឈ្នះពាន៤ ខណៈ Man Utd ចង់បញ្ចប់កំណត់ត្រាឈ្នះរបស់លោក Tuchel
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ចុងសប្ដាហ៍នេះ
-
បេក្ខភាពដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែញញើតកណ្តាប់ដៃ ថៃ រិទ្ធី
-
លោក Leonardo៖ ការពិភាក្សាលើកុងត្រារវាង PSG និង Neymar កំពុងដំណើរការល្អ
-
Man Utd និង Arsenal ដឹកដៃគ្នាទៅវគ្គ១៦ក្រុម ខណៈ Leicester ធ្លាក់ចេញ (មានវីដេអូ)