• កំហឹងរបស់ ទូច ដេវីត បានផ្តល់ផលចំណេញដល់ ធា វាសនា ឲ្យឈ្នះប្រាក់លាន
    ប្រដាល់ក្នុងស្រុក 4 weeks ago 71 Views

    ការ​វ៉ៃ​ទាំងកំហឹង​របស់ជើងខ្លាំង ទូច ដេវីត បែរ​ជា​ធ្វើឲ្យ​រូបគេ ជួបការ​ខក​ចិត្ត​ជា​ថ្មី និងមិន​អាច​សម្រេច​បំណង ក្នុងការ​សង​សឹក ក៏​ដូចជាឈ្នះ​ប្រាក់លាន ទៅតាមបំណងនៅ​លើ​សង្វៀនថោន ព្រោះកំហឹងនេះ បណ្តាល​ឲ្យ​រូបគេ​ចាញ់ ហើយ​ប្រាក់​រង្វាន់​ចំនួន ៣,៤​លាន​រៀល បែរ​ជា​បាន​ធ្លាក់ទៅ​លើ ធា វាសនា ទៅវិញ។

    តាម​រយៈការ​ប្រកួតដណ្តើម​ប្រាក់លាន ទម្ងន់​៦០​គីឡូក្រាម កាលពី​ថ្ងៃអាទិត្យនោះ ទូច ដេវីត បាន​យក​ឈ្នះ​លើ​ជើងខ្លាំង ព្រឿង សុជាតិ ដោយពិន្ទុមិន​ឯកច្ឆន្ទ ៤-១ ហើយ​ជ័យជម្នះនេះ បានធ្វើ​អ្នកគាំ​ទ្រ មានការ​រំពឹងថា ដេវីត អាច​អាច​ឈាន​ទៅ​រក​ការ​ឈ្នះ​ប្រាក់លាន ខណៈ​រូបគេ ត្រូវ​ឡើងទៅជួប ធា វាសនា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ព្រោះ ធា វាសនា បាន​ឈ្នះ​ពិន្ទុ​លើ ឡូញ វណ្ណឌី ទាំងវេទនា។

    តាម​រយៈការ​ប្រកួតត្រឹម​៣​ទឹកនោះ ទូច ដេវីត និង ធា វាសនា បានវាយ​សម្រុកគ្នា​យ៉ាង​ខ្លាំង ដែល​ពិបាក​នឹងរក​ឲ្យ​ឃើញ​អ្នកមាន​ប្រៀប។ យ៉ាង​ណា​ក៏​ដោយ កណ្តាប់​ដៃ​របស់ ទូច ដេវីត ហាក់វាយ​ចំគោល​ដៅពេញ​ជាង ប៉ុន្តែ​នៅ​ដើមទឹក​ទី​៣ ទូច ដេវីត ត្រូវបាន​អាជ្ញា​កណ្តាល ចាប់ពិន័យ និងដកពិន្ទុ បន្ទាបពី​រូបគេ បាន​ចាប់បង្វិល រួច​បុកជង្គង់បន្ថែមទៅលើ ធា វាសនា ដែល​ហៀប​ដួល អស់ជំហរតដៃ​នោះ។

    នៅក្រោយការ​ដកពិន្ទុនេះ រិន ដេវីត បានខំ​ប្រឹង​វាយសម្រុក​កាន់តែ​ខ្លាំង ក្នុងបំណង​ចង់​ផ្តួល​ឲ្យ ធា វាសនា សន្លប់ ប៉ុន្តែ​ការ​វាយ​ទាំងកំហឹង និងចង់​ឈ្នះខ្លាំងពេក​នេះ បាន​ធ្វើ​ឲ្យ​រូបគេ បង្កើតកំហុស​លើក​ទី​២ ដោយ​រូបគេ​បាន​លើកជើង​ធាក់ ធា វាសនា ស្របពេលរូបគេ​ដួល​លើរេញ​ទៅ​ហើយ​នោះ។ នៅ​ទីបំផុតការ​បង្កើតកំហុស ដោយ​ការវ៉ៃទាំងកំហឹង​នេះ បាន​ធ្វើ​ឲ្យរូបគេ​ចាញ់ ក្រោយ​ពិធីករ ប្រកាសការដាក់ពិន្ទុ​របស់ចៅ​ក្រមទាំង​៥រូប ដែល​ផ្តល់ពិន្ទុ​ឲ្យ ធា វាសនា ឈ្នះ​ពិន្ទុជា​ឯក​ច្ឆន្ទ។

    នៅក្រោយការ​ឈ្នះ​ប្រាក់លានចំនួន ៣,៤លាន​រៀលនេះ ធា វាសនា បាន​និយាយ​ថា៖​«សម្រាប់ការ​ប្រកួតទាំង​២​ជុំ​នេះ មានការ​ពិបាក​ខ្លាំង​ណាស់ ព្រោះមុន​ចាប់​ឆ្នោត ​អ្នកទាំង​៣ បាន​ប្រាប់​ខ្ញុំរួច​ហើយថា ពួកគាត់​សុទ្ធតែ​ចង់​ចាប់​ប៉ះ​ខ្ញុំ ព្រោះ​ខ្ញុំជា​ក្មេង​ស្រករ​ក្រោយ ទើប​ឡើង​ក្រោយគេ ដែល​សមត្ថភាព​អត់ដល់​សិស្សច្បង​ទាំង​អស់ ហើយ​តាម​រយៈការ​ប្រកួត ខ្ញុំ​មើល​ឃើញថា  មានតែ ទូច ដេវីត មួយ​ទេ ដែលពិបាក​ប្រកួត​ជាមួយ​គេ ព្រោះ​គាត់រឹង ហើយ​ជា​កីឡាករ ដែលវ៉ៃ​មិនចេះ​ខ្លាច​កីឡាករ​ណា​ម្នាក់នោះ​ទេ»។

    ចំណែក ទូច ដេវីត ហក់មិនសូវពេញ​ចិត្ត​ទៅលើការ​ចាប់កំហុសរបស់​លោក​អាជ្ញាកណ្តាល អ៊ិន ខេមរិន្ទ នៅពេល​រូបគេ​បុក​ជង្គង់ថែមលើក​ទី​១ ទៅ​លើ ធា វាសនា នោះ​ទេ។ ដេវីត បាន​និយាយក្រោយការប្រកួតថា៖​«​ការ​ជួប ធា វាសនា នៅវគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​វ៉ៃ​ទាំង​កំហឹង ធ្វើ​ឲ្យ​ការវ៉ៃ​របស់​យើង​​អត់ល្អ​មើល ហើយ​តាម​ពិត ពិន្ទុយើង​​ឈ្នះ តែ​គេ​កាត់ពិន្ទុ​យើង ដោយ​​លើកទី​១ ធា វាសនា ដួល​អត់​ដល់​ដីផង ហើយយើង​បោះ​ជង្គង់ទៅ​ ក៏អត់ត្រូវ​ដែរ (តែ​គេចាប់​កាត់ពិន្ទុ) ចំណែក​លើក​ទី​២ ខ្ញុំ​ទទួល​ស្គាល់ថា ខ្ញុំបានលើក​ជើង​ធាក់​គាត់»។

  • Loading...
  • Recent Posts