អ្នកប្រដាល់វ័យក្មេង អេ ណារ័ត្ន បានចាត់ទុកការរងរបួសបាក់ក្តោង ក្រោមផ្លែកែងរបស់កីឡាករចិត្តសឿង ប៊ុន សុធា ថា ជារបួសដ៏ធ្ងន់ធ្ងរ លើកដំបូង ដែលរូបគេបានជួបប្រទះ ហើយបញ្ហារបួសនេះ ក៏កំពុងតែធ្វើឲ្យរូបគេប្រឈមទៅនឹងហានិភ័យ ក្នុងការអាកខានបានឡើងប្រកួត ដើម្បីរកប្រាក់ចំណូល មកផ្គត់ផ្គង់គ្រួសារផងដែរ។
កីឡាករ អេ ណារ័ត្ន បានប្រាប់ថា៖ «ខ្ញុំមិនធ្លាប់មានរបួសធ្ងន់ធ្ងរបែបនេះពីមុនមកនោះទេ។ កន្លងមក របួសត្រឹមបែក និងឈាមលើច្រមុះ ប៉ុន្តែការបុកកែងរបស់ ប៊ុន សុធា លើកនេះ បណ្តាលឲ្យខ្ញុំបាក់ក្តោងច្រមុះមួយចំហៀង ហើយពេលនេះលោកគ្រូពេទ្យ បានគោះឲ្យវាងើបវិញហើយ គឺមិនឈានដល់ការវះកាត់នោះទេ»។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំក្រុម២ ដណ្តើមខ្សែក្រវាត់ ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន CNC កាលពីព្រឹកថ្ងៃសៅរ៍ កន្លងមកនេះ អេ ណារ័ត្ន ដែលបានព្យាយាមទាត់នោះ ត្រូវបាន ប៊ុន សុធា ផង ចាប់ជើងស្តាំជាប់ រួចបុកកែងស្តាំចូលពេញ នៅទឹកទី១ បណ្តាលឲ្យ ណារ័ត្ន ដួលប្រកាច់ បង្ហាញការឈឺចាប់យ៉ាងខ្លាំង មិនអាចក្រោកឡើង ប្រកួតទៀតបានឡើយ។
ការបុកកែងរបស់ ប៊ុន សុធា មិនត្រឹមតែបណ្តាលឲ្យ អេ ណារ័ត្ន បែក នៅក្រោមភ្នែកខាងឆ្វេងប៉ុណ្ណោះទេ តែកម្លាំងនៃការបុកកែងនោះ បណ្តាលឲ្យក្តោងច្រមុះរបស់ ណារ័ត្ន បាក់ផងដែរ។ ជាមួយលទ្ធផលនេះ បានធ្វើឲ្យ ណារ័ត្ន ធ្លាក់ចេញពីការប្រកួតនេះហើយ ដោយរូបគេ នៅសល់ត្រឹមឱកាសប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ប្រចាំក្រុម២នេះ គឺរូបគេត្រូវប៉ះ សេក គឹមសាន្ត ដែលបានចាញ់ លាភ សំណាង កាលពីថ្ងៃសៅរ៍នោះដែរ។ ផ្ទុយពីនេះ
ប៊ុន សុធា ត្រូវឡើងទៅជួប លាភ សំណាង នៅវគ្គផ្តាច់ព្រ័ត្រ ប្រចាំក្រុម២។
ការធ្លាក់នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងជូរចត់នេះ បានធ្វើឲ្យ អេ ណារ័ត្ន មានការខកចិត្តយ៉ាងខ្លាំង ព្រោះវាបានធ្វើឲ្យឱកាសឡើងទៅប្រកួតដណ្តើមយកលុយធំរបស់គេ ត្រូវបានបាត់បង់ជាថ្មីម្តងទៀត ខណៈការប្រកួតដណ្តើមខ្សែក្រវាត់ នៅសង្វៀន PNN កន្លងមក ក៏ អេ ណារ័ត្ន បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ។
អេ ណារ័ត្ន បាននិយាយថា៖«ការចាញ់លើកនេះ វាជាការភ្លាត់ស្នៀត ហើយខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ហើយកន្លងមក ខ្ញុំក៏មិនដែលបានឡើងទៅប្រកួតដណ្តើមយកលុយធំនោះដែរ ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តនោះទេ គឺខ្ញុំនឹងប្រឹងប្រែងបន្តទៀត ព្រោះប្រដាល់ជាឆ្នាំងបាយ និងជាប្រភពរកចំណូលតែមួយគត់របស់ខ្ញុំ ខណៈនៅខែក្រោយនេះ ខ្ញុំត្រូវការលុយជាចាំបាច់ ដើម្បីយកទៅបង់ថ្លៃផ្ទះជួល និងសងអង្គការ(ធនាគារ) ផងដែរ»។
កីឡាករជាក្មេងកំព្រាគ្មានទីពឹងវ័យ២២ឆ្នាំ អេ ណារ័ត្ន បានបញ្ជាក់ថា៖ «ជីវភាពគ្រួសារខ្ញុំ គ្មានអីទេបង ហើយប្រពន្ធខ្ញុំ ក៏មិនទាន់មានការងារធ្វើនោះដែរ និងថែមទាំងត្រូវមើលថែម្តាយចាស់ទៅទៀត អ៊ីចឹងហើយ នៅពេលនេះ ខ្ញុំខំលេបថ្នាំពេទ្យផង ស្នំពងមាន់ផង និងស្នំស្លឹកម្លូផង ដើម្បីឲ្យរបួសនេះឆាប់បានជា នឹងបានឡើងប្រកួតវិញឆាប់ៗ យកប្រាក់មកសងបំណងគេ»៕
Recent Posts
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ