កីឡាករជ័យខ្លាំងវ័យក្មេងរបស់ក្រុមជម្រើសជាតិគុនខ្មែរ រិន ដាវីត បានយកឈ្នះលើម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ខេម ចាន់ ដូចការរំពឹងទុក ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយរូបគេ ត្រូវជួបជាមួយគូសត្រូវចាស់ ភួន ឡាំងកូស៊ីន ដែលបានទម្លាក់ ពេជ្រ ប៊ុនសិដ្ឋ កាលពីសប្តាហ៍មុន។
បើទោះបីជា រិន ដាវីត ធ្លាប់បានសន្លប់ម្តង និងចាញ់ពិន្ទុម្តង ក្រោមស្នាដៃ ខេម ចាន់ ប៉ុន្តែសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដាវីត បានបង្ហាញការប្រកួតយ៉ាងល្អ ដើម្បីទម្លាក់ ខេម ចាន់។
តាមរយៈការប្រកួត៥ទឹកពេញ រិន ដាវីត ចាប់ផ្តើមមានប្រៀបលើ ខេម ចាន់ តាំងពីទឹកទី១ ខណៈរូបគេ បានម៉ាត់ចូលមុខផ្ទួនៗ ធ្វើឲ្យ ខេម ចាន់ ឡើងចង់វង្វេងនោះ ហើយសម្រាប់ការប្រកួតនៅទឹកបន្តបន្ទាប់ទៀត រិន ដាវីត នៅតែធ្វើបានល្អ ពិសេសការម៉ាត់នេះតែម្តង ហើយចុងបញ្ចប់ចៅក្រមទាំង៥ បានសម្រេចឲ្យរូបគេ ឈ្នះពិន្ទុលើ ខេម ចាន់ ដោយឯកច្ឆន្ទ ៥-០ តែម្តង។
ជាមួយជ័យជម្នះនេះ បានបង្ហាញថា រិន ដាវីត កំពុងបោះជំហ៊ានទៅរកការទទួលបាន ជោគជ័យធំ ចំនួន២ នៅឆ្នាំ២០២១ គឺទី១ ដាវីត អាចនឹងឈ្នះបានខ្សែក្រវាត់ ជាលើកដំបូង អមដោយប្រាក់រង្វាន់៣០លានរៀល បើសិនជារូបគេអាចយកឈ្នះ ភួន ឡាំងកូស៊ីន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀន PNN នេះ។
ចំណែកទី២ រិន ដាវីត ក៏អាចឈ្នះបានរង្វាន់លេខ១ អមដោយប្រាក់រង្វាន់ចំនួន៤០០០ដុល្លារ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ផងដែរ បើសិនជារូបគេអាចយកឈ្នះលើអ្នកប្រដាល់ចិត្តធំ យ៉ន ពិសី នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតផ្តាច់ព្រ័ត្រ ទាំង២ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅក្នុងខែមករា ឆ្នាំ២០២១ដូចគ្នា។
បើតាមពិនិត្យទៅលើបច្ចេកទេស និងសមត្ថភាពប្រកួតកន្លងមក រិន ដាវីត អាចមានភាគរយច្រើន ក្នុងការយកឈ្នះ យ៉ន ពិសី ហើយក៏អាចនឹងឈ្នះ ភួន ឡាំងកូស៊ីន ផងដែរ ព្រោះ ឡាំងកូស៊ីន ទើបតែចាញ់ ដាវីត នៅក្នុងការប្រកួតវគ្គជម្រុះតាមពូល ចំណែក យ៉ន ពិសី ត្រូវបានគេមើលឃើញថា មានកម្រិតប្រកួត ហាក់នៅទាបជាង រិន ដាវីត។
យ៉ាងណាក៏ដោយ ការវិលមកជួបគ្នារវាង រិន ដាវីត និង ភួន ឡាំកូស៊ីន គឺស្របតាមការចង់បានរបស់លោក សាន សៅយ៉ាន់ ហើយ ព្រោះលោកមិនចង់ឃើញសិស្សរបស់ខ្លួន ឡាំងកូស៊ីន ត្រូវជួប ខេម ចាន់ នោះទេ ដោយសារពិបាកនឹងយកឈ្នះ។ ចំណែក រិន ដាវីត ទោះធ្លាប់ឈ្នះ ភួន ឡាំងកូស៊ីន ប៉ុន្តែលោក សៅយ៉ាន់ មើលឃើញថា ការជួបគ្នាលើកនេះ ឡាំងកូស៊ីន អាចនឹងយកឈ្នះលើ រិន ដាវីត បានវិញ តាមរយៈការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងស្ទុះឲ្យបានខ្លាំង។
ប៉ុន្តែនេះគ្រាន់តែការយល់ឃើញរបស់លោក សៅយ៉ាន់ រីឯលទ្ធផលជាក់ស្តែងនោះ នៅមិនទាន់ដឹងទេ ចំណែក រិន ដាវីត ក៏មានមហិច្ឆតា ចង់ឈ្នះខ្សែក្រវាត់នេះដូចគ្នា ដោយរូបគេ ធ្លាប់បាននិយាយថា៖ «បើខ្ញុំអាចឈានទៅដល់ការដណ្តើមបានខ្សែក្រវាត់នេះ វានឹងក្លាយជាជោគជ័យដ៏ធំ លើកដំបូងរបស់ខ្ញុំ ហេតុនេះខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»៕
Recent Posts
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ