• វង្ស ណយ ហាមអ្នកគាំទ្រប្រដាល់ រឿងមួយ មុនប៉ះអ្នកលេងទម្ងន់ដៃធ្ងន់ ឈួន រិទ្ធី នៅថ្ងៃសៅរ៍នេះ
    ប្រដាល់ក្នុងស្រុក 1 month ago 140 Views

    អ្នក​ជំនាញ​ប្រើក្បាច់កែង វង្ស ណយ ដែល​ទើប​បានសន្លប់​ក្រោមកណ្តាប់​ដៃ ​របស់​​ កែវ​ រំចង់​ ក្នុងទឹកទី​៤ កាល​ពីពេល​ថ្មីៗនេះ ​​ត្រូវបាន​​គណៈ​កម្មការ​ផ្គូ​ផ្គង ​សង្វៀន​បាយ័នស្ទឹងមានជ័យ​ បាន​ដាក់​ឲ្យ​ប្រ​កួតក្នុងទម្ងន់​៧៥​គីឡូក្រាម ​ជា​មួយ​ជើង​ខ្លាំង ​កំពុង​ល្បី​ល្បាញ​ ឈួន​ រិទ្ធី​ ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

    ​            សម្រាប់ការ​ជួបអ្នក​លេងទម្ងន់​ដៃ​ធ្ងន់ ឈួន រិទ្ធី (ថៃ រិទ្ធី) នៅ​សប្តាហ៍នេះ ត្រូវបានគេ​មើល​ឃើញ​ថា វង្ស ណយ អាច​នឹង​ទទួលបានភាព​ជូរចត់​ម្តងទៀត បើ​សិនជា​រូបគេ គេច​មិន​ផុតពីកណ្តាប់​ដៃ ឈួន រិទ្ធី បានទេ​នោះ។ យ៉ាង​ណា​ក៏ដោយ វង្ស ណយ មិនបាន​ចាត់ទុកបញ្ហានេះ ជា​រឿងសំខាន់នោះទេ ប៉ុន្តែ​រឿង​ដែល​រូបគេ​ ហាម​ដល់​អ្នកគាំ​ទ្រ​ប្រដាល់នោះ គឺ​ហាមចោទ និងហាម​ជេរ នៅពេល​រូបគេ​ប្រកួត​ចាញ់។

    កីឡាករ ​វង្ស​ ណយ​ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ «​ឈួន រិទ្ធី ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ ដោយគេមាន​កម្លាំង​នៅ​ល្អ​ជាង​ គឺ​ជា​ឧបសគ្គ​ធំ​ដែរ ​ប៉ុន្តែ​ក្នុង​ឋានៈ​អ្នក​ប្រដាល់​ជើង​ចាស់​ ធ្លាប់​ល្បី​ឈ្មោះ​មួយ​រូប ​ខ្ញុំ​មិន​ចេះ​ខ្លាច​ដៃ​គូ​ទេ គឺ​ពេល​​ចូល​ទៅ ​ដឹង​តែ​វ៉ៃ​សម្រុក​តែ​ម្តង រី​ឯ​រឿង​ចាញ់​ឬ​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ​ ប៉ុន្តែខ្ញុំ​​សុំ​តែ​ម៉្យាង​ទេ​ គឺ​ចាញ់​ ហាម​ចោទ​ និង​ហាម​ជេរ ​ប្រយ័ត្ន​ខ្ញុំ​ទ្រាំ​មិន​បាន និង​​ជេរ​តប​វិញ»​។

    កីឡាករ ​វង្ស ​ណយ​ ដេល​ធ្លាប់​ប្រ​កួត​បាន​​ច្រើន​ជាង​ ​ឈួន​ រិទ្ធី ​ចូល​៤​ដង​នោះ នៅតែ​មានការ​ជឿជាក់ទៅលើបច្ចេកទេស និង​កលល្បិចប្រកួតរបស់ខ្លួន ក្នុងការយក​ឈ្នះ ឈួន រិទ្ធី។ វង្ស​ ណយ​ បញ្ជាក់​​ថា​៖ ​«ខ្ញុំ​ចាញ់​ផ្នែក​កម្លាំង​មែន​ ​តែ​បច្ចេក​ទេស​ ជង្គង់​ និង​កែង គឺ​​បើ​ខ្ញុំ​វាយ​ចូល​គោល​ដៅ ​ធានាថា ​ស៊ី​ផុយ​​។ ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ ​សូម​ចាំ​មើល​ការ​ប្រ​កួត​ជាក់​ស្តែង​ទៅ​ ហើយ​​ខ្ញុំ​សូម​សំណូម​ពរ​ដល់​បង​ប្អូនអ្នក​​ទស្សនា​ ប្រសិនបើ​​​ខ្ញុំ​ចាញ់​ កុំ​ជេរ​ខ្ញុំ​អី​ ព្រោះ​ខ្ញុំ​ខឹង​អ្នក​ណា​ជេរ​ណាស់​»។​

    ចំណែក ​លោក ​ធន់ ​សុភា​ ជា​គ្រូ​បង្វឹក ឈួន រិទ្ធី ក៏​មើល​ឃើញ​ថា ​រិទ្ធី ពិបាកនឹង​យក​ឈ្នះ វង្ស ណយ ដែរ។«​តាម​ខ្ញុំ​មើល​ ការជួប វង្ស​ ណយ​ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ ព្រោះ​គេ​ជាកីឡាករ​​ជើង​ចាស់​ មាន​ជំនាញ​​បញ្ឆោត​ខ្ពស់ ​ចំណែក ឈួន ​រិទ្ធី ​​មាន​ប្រៀប​តែ​ផ្នែក​កម្លាំង​ និង​កណ្តាប់​ដៃ​ធ្ងន់​ប៉ុណ្ណោះ​ រីឯ​ជង្គង់ ​និង​កែង ​មិន​អាច​ប្រៀប​ជា​មួយ ​វង្ស ​ណយ​ បាន​ទេ​។​ ​ទោះ​ជា​យ៉ាង​ណា បើ​សិន​ ឈួន រិទ្ធី ប្រើ​កណ្តាប់​ដៃ​បាន​ល្អ​ វង្ស​ ណយ​ អាច​សន្លប់​ទៀត​ក៏​ថា​បាន​ដែរ​ ព្រោះ​ រិទ្ធី ដៃ​ធ្ងន់​ណាស់​»។​

    ចំណែក ឈួន ​រិទ្ធី ដែលបានអះអាងេះពីការហ្វឹកហាត់ត្រៀម​បាន​ល្អ​នោះ បាន​​និយាយ​ថា​៖ «​ខ្ញុំនឹង​ប្រឹង​ទប់​ស្នៀត​កែង វង្ស ណយ ​ឲ្យ​ជាប់​ ហើយ​ខ្ញុំ​មាន​ជំនាញ​វ៉ៃ​កណ្តាប់​ដៃ​ ហេតុនេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​៩០​ភាគ​រយ ព្រោះ​​ខ្ញុំ​ត្រូវ​អូស​ពេល​វេលា​ប្រ​កួត​ឲ្យ​ដល់​ទឹក​៤ ​ឬ​ទឹក​៥ ​គឺ​ពេល វង្ស ​ណយ ​ខ្សោយ​កម្លាំង ​ទើប​ខ្ញុំ​សម្រុក​ផ្តាច់​តែ​ម្តង»​៕

  • Loading...
  • Recent Posts