• ធា វាសនា បារម្ភ ស្របពេល ឡូញ វណ្ឌឌី និង ព្រឿង សុជាតិ ញញើតគ្នា ក្នុងការដណ្តើមប្រាក់លាន
    ប្រដាល់ក្នុងស្រុក 7 months ago 186 Views

    កីឡាករ ធា វាសនា ដែល​មាន​​បទពិសោធប្រកួត​ច្រើនគួរ​សមដែរ​នោះ មិនត្រូវបាន​គ្រូ​បង្វឹក​របស់គេ ផ្តល់ទំនុក​ចិត្ត ចំពោះការប្រជែង​បានប្រាក់​លាន ពីការ​​ប្រកួតនៅ​លើ​សង្វៀន​ថោន នៅ​ថ្ងៃអាទិត្យនេះ នោះ​ទេ ហើយស្រប​ពេលជាមួយគ្នានេះ ជើង​ខ្លាំង ព្រឿង សុជាតិ និង ឡូញ វណ្ណឌី ហាក់​ញញើត​គ្នា ក្នុងការ​ប្រជែង​យក​តំណែង​ជើង​ឯក អម​ជាមួយប្រាក់រង្វាន់​៣,៤​លាន​រៀល​នេះ ខណៈ ទូច ដេវីត ក៏បានស្ថិត​ក្នុងការ​បារម្ភ​របស់ សុជាតិ និង វណ្ណឌី ផង​ដែរ។

    ដោយ​សារ​តែ​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ទម្ងន់​៦០​គីឡូក្រាម​នេះ កំណត់ឲ្យ​អ្នកទាំង​៤​ខាង​លើ ធ្វើការ​ចាប់​ឆ្នោត នៅ​មុនការ​ប្រកួតវគ្គ​ជម្រុះ​៣​ទឹក ដើម្បី​រក​អ្នក​ឈ្នះ ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ ហេតុនេះ​គេ​នៅមិនទាន់​ដឹងថា អ្នកណា​ត្រូវ​ជួបណា ឲ្យប្រាកដ​នោះ​ទេ ប៉ុន្តែ​ចំពោះ​ លោក ​ម៉ាក់ ​សុខន ​គ្រូ​បង្វឹក​របស់​ ធា​ វាសនា​ មិនរំពឹង​ថា សិស្ស​របស់លោក អាច​ប្រជែងឈ្នះ​គេ​នោះ​ទេ។

    លោក ម៉ាក់ សាខន បានប្រាប់​ថា​៖«​ធា​ វាសនា​ បាន​ឡើង​ប្រ​ដាល់​យូរ​គួរសម​ដែរ ​ប៉ុន្តែ​មិន​សូវ​ល្បី​ល្បាញ​ ដោយសារ ​មិន​ទាន់​មាន​ឱកាស​ចូល​ប្រកួត ក្នុង​កម្ម​វិធី​ដណ្តើម​ពាន​ ឬ​ខ្សែ​ក្រវាត់​ដូច​គេ​ ចំណែក ការ​ចូល​រួម​ប្រ​កួត​ដណ្តើម​ប្រាក់​លាន ជា​លើក​ដំបូង​នេះ​ ​ខ្ញុំ​មិន​ហ៊ាន​វាយ​តម្លៃ​មុន​ឡើយ ​​ព្រោះ​កីឡាករ​៣​នាក់​ទៀត​ មាន​សមត្ថភាព​ខ្លាំង ​ល្បី​គួរ​សម ​ដែល​សុទ្ធ​តែ​ជាកីឡាករ​មាន​កម្លាំង​នៅ​រឹង​មាំ ​ថេរ​ល្អ​ និង​វ័យ​ក្មេង​ដូច​គ្នា​។ ហេតុនេះ ខ្ញុំ​​សង្ឃឹម​មិន​ច្រើន​ទេ ​តែ​ធានា​ ធា វាសនា ចូល​​វ៉ៃ​អស់​ពី​សមត្ថភាព​»។

    ចំណែក ឡូញ ​វណ្ណឌី​ មានការ​បារម្ភ​ទៅ​លើសមត្ថ​ភាព​របស់ ព្រឿង សុជាតិ ហើយ​រូបគេ​ក៏មិន​ហ៊ាន​មើល​រំលង ទូច ដេវីត នោះ​ដែរ។ វណ្ណឌី បាន​និយាយ​ថា៖​«ខ្ញុំ​ធ្លាប់​​ចាញ់​ពិន្ទុ​ ព្រឿង សុជាតិ ម្តង​ ប៉ុន្តែ​​លើកនេះ ​ខ្ញុំ​ហ្វឹក​ហាត់​ និង​តាំង​ចិត្ត​ប្រ​កួត​យក​ឈ្នះ​ឲ្យ​បាន​វិញ ​ក្នុង​ទំនុក​ចិត្ត​ខ្ពស់​។​ យ៉ាងណា​ក៏​ដោយ បើ​​សិន​វគ្គ​ដំបូង ចាប់​ឆ្នោត​ប៉ះ​ ​ទូច ​ដេវីត ​និង ​ធា​ វាសនា​ ខ្ញុំ​គិត​ថា​ស្រួល​ជាង ​ជួប ព្រឿង​ សុជាតិ​ ដែល​ពិត​ជា​​ឧបសគ្គ​ធំ​សម្រាប់ខ្ញុំ​»​។​

    ចំពោះ ព្រឿង ​សុជាតិ​ ក៏​មិនបាន​មើលស្រាល ឡូញ វណ្ណឌី នោះ​ដែរ ប៉ុន្តែ​រូបគេ ហក់​បារម្ភ​សមត្ថ​ភាពរបស់ ទូច ដេវីត ខ្លាំង​ជាង។ សុជាតិ បាន​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​​ឈ្នះ​៨០​ភាគ​រយ​ចំណែក ឡូញ ​វណ្ឌី​ និង​ ទូច ​ដេវីដ ​ខ្ញុំ​គិត​ថា ​ដេវីត ​លំបាក​ឈ្នះ​ជាង​ ព្រោះ​​កណ្តាប់​ដៃ​ និង​កម្លាំង​គាត់ ​វាយ​ចេញ​ខ្លាំងៗ​ និង​ធ្ងន់ៗ​ណាស់​ គឺ​បើ​គេច​មិន​ទាន់​ទេ ​អាចនឹង​​ស្រុត​ចុះ​តែ​ម្តង»​។​

    យ៉ាង​ណា បើ​តាម​ប្រ​វត្តិ​ប្រ​កួត​របស់​អ្នក​ប្រដាល់​ទាំង​៤​នេះ​ គឺ​ ទូច ដេវីត មានបទពិសោធ​ប្រកួតតិចជាងគេ ដោយ​ធ្លាប់​ប្រកួត​​បាន​​ត្រឹម​៣៩​ដង ​ឈ្នះ​២៩​ ​ចាញ់​៨​ ​ស្មើ​២​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៩​លើក​ ចំណែក ​ធា ​វាសនា​ ប្រកួត​បាន​​៥៨​ដង ​ឈ្នះ​៥៥​ និង​​ចាញ់​៣ដង ​ខណៈ ឡូញ​ វណ្ណឌី ​ប្រកួត​បាន​​៦៨​ដង ​ឈ្នះ​៤២​ ចាញ់​១៨​ និង​ស្មើ​៨​ដង​។

    ចំណែក ​ព្រឿង​ សុជាតិ​ ធ្លាប់ប្រ​កួត​បានច្រើនជាងគេ គឺ ​​៨០​ដង ​ឈ្នះ​៦៩​ ​ចាញ់​៩​ ​ស្មើ​២​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​២៩​ដង​ ហើយនៅ​ក្នុង​វត្តិនេះ ព្រឿង សុជាតិ ក៏​ធ្លាប់បានឈ្នះ​ប្រាក់លាន ពីការ​ប្រកួតនៅ​សង្វៀន​ថោននេះ​ផងដែរ ខណៈ ទូច ដេវីត និង ឡូញ វណ្ណឌី ក៏​ធ្លាប់​ចូល​ប្រកួតក្នុងកម្មវិធីនេះ​ដែរ ប៉ុន្តែបាន​ចាញ់​ដូច​គ្នា៕

  • Loading...
  • Recent Posts