• ក្រោយសន្លប់ នៅសិង្ហបុរី ចាន់ រតនា ប្តេជ្ញាចិត្តខំពង្រឹងសមត្ថភាព រកឲ្យឃើញការឈ្នះវិញ
    ប្រដាល់អន្តរជាតិ 5 months ago 262 Views

    ​​អ្នក​ប្រយុទ្ធគុនចម្រុះ​លេខ​១​របស់​កម្ពុជា ចាន់ រតនា បានបង្ហាញ​ការ​សោកស្តាយ​ខ្លាំង ចំពោះ​ការ​សន្លប់​ក្រោម​​កណ្តាប់​ដៃ​កីឡាករ​ចិន Xie Wei ត្រឹមទឹក​ទី​៣ នា​ការ​ប្រកួត ONE Championship នៅ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី ប៉ុន្តែ ​ការ​បរាជ័យនេះ មិនបាន​ធ្វើ​ឲ្យកីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាក់ទឹក​ចិត្ត​នោះទេ។

    កីឡាករ ចាន់ រតនា បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះជន​រួម​ជាតិ ចំពោះ​ការ​ចាញ់​អ្នកប្រដាល់​វ័យ​២៤​ឆ្នាំ​របស់​ចិន Xie Wei កាល​ពី​យប់​ថ្ងៃសុក្រ កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ប៉ុន្តែ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​​ប្រែង​ហ្វឹក​ហាត់​ឲ្យបាន​ខ្លាំង ដើម្បី​រក​ឃើញ​ជ័យជម្នះត្រឡប់​មក​​វិញ សម្រាប់ការ​ប្រកួត​ជា​បន្តបន្ទាប់​ទៀត។

    ​តាម​រយៈការ​បង្ហោះ​ខ្សែ​វីដេអូ​ខ្លី នៅ​លើ​ផេចហ្វេស​ប៊ុករបស់ខ្លួន កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​ ចាន់ រតនា បាន​និយាយ​ថា៖​ «​នៅ​ថ្ងៃនេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​​​ប្រជា​ជន​ខ្មែរ​ទាំង​អស់ ដែល​បាន​ផ្ញើ​សារ​ផ្តល់កម្លាំងចិត្ត​ដល់ខ្ញុំ និង follow ផេចហ្វេសប៊ុក​របស់ខ្ញុំ ក្នុងការ​ប្រកួត​របស់ខ្ញុំ គឺ​បើ​ទោះបីជា ខ្ញុំ​មិន​បានឈ្នះ​ក៏បងប្អូនទាំង​អស់​គ្នា ផ្តល់កម្លាំងចិត្ត និងជួយ​ផុស​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំបាទ ហើយ​ខ្ញុំ​បាទ នឹង​ប្តេជ្ញា​ហ្វឹកហាត់ នៅ​ប្រកួតក្រោយៗ ដើម្បី​ឲ្យបាន​ជ័យជម្នះ​​ជូនមាតុភូមិ»។

    ចាន់ រតនា ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ហ៊ុន និង​អ្នក​ដែលបាន​ជួយ​ឧបត្ថម្ភដល់​រូបគេ ផងដែរ ហើយ​ដើម្បីតបស្នង​នៅការ​ជួយ​ជ្រោម​ជ្រែង​នេះ កីឡាករ​មាន​ជំនាញ​ច្រើន​ប្រភេទ​កីឡា​របស់​កម្ពុជា​រូបនេះ បានលើក​ដៃសំពះ និង​និយាយ​ថា៖ ​«ខ្ញុំ​គ្មានពាក្យ​អ្វី ក្រៅ​ពី​ការ​អរគុណ​ដល់​ប្រជា​ជន​ខ្មែរទាំង​អស់ ដែល​តែងតែ follow ខ្ញុំ​បាទ និង​ផ្តល់កម្លាំង​ចិត្តដល់ខ្ញុំបាទ រាល់​គ្រប់ការ​ប្រកួត។ ខ្ញុំបាទ នឹង​ប្តេជ្ញា​ហ្វឹក​ហាត់ នៅ​ការ​ប្រកួតក្រោយៗ​យក​ជ័យជម្នះ​ឱ្យទាល់តែ​បាន»។

    ​សម្រាប់ការ​ប្រកួត NOE: Collision Course ​នៅ​ឯ​​កីឡដ្ឋាន Singapore Indoor Stadium កាលពី​យប់​ថ្ងៃសុក្រ​នោះ ចាន់ រតនា ​​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ សម្រាប់​ការ​ប្រកួត​២​ទឹក​ដំបូង ដោយ​រូប​គេ បាន​ជម្នះការ​គាបសង្កត់​របស់កីឡាករ Xie Wei  បាន​យ៉ាង​ជោគ​ជ័យ ​នៅ​ទឹក​ទី​១ និង​បាន​ស្វែង​រកការ​មាន​ប្រៀប​ត្រឡប់​មក​វិញ នៅ​ទឹក​ទី​២ តាម​រយៈការ​ម៉ាត់ និង​ទាត់​ ធ្វើ​ឲ្យ​ Xie Wei ស្រកជំហរ។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​វាយ​ប្តូរ​​គ្នា​ នៅ​ទឹក​ទី​៣ ចាន់ រតនា ​ត្រូវបាន​កីឡាករ​ ចិន Xie Wei ម៉ាត់​ឆ្វេង​ចូល​ថ្គាម​ពេញ បណ្តាល​ឲ្យ​ដួល ហើយ​ភ្លាម​នោះ Xie Wei បានស្ទុះ​ទៅវាយសង្រ្គប់​​ថែមឆ្វេងស្តាំៗ នាំ​ឲ្យ រតនា អស់​លទ្ធ​ភាព​តបត​រ និងត្រូវបាន​លោក​អាជ្ញា​កណ្តាល​​បញ្ឈប់ ដ៏​គួរ​សោក​ស្តាយបំផុត។

    ការ​បរាជ័យនេះ បាន​បំផ្លាញ​នូវ​កំណត់ត្រាដ៏​ល្អ គឺ​ការ​ឈ្នះ​ទាំង​៣លើក​ជាប់ៗគ្នា​​របស់ ចាន់ រតនា ហើយការ​ចាញ់នេះដែរ​ ​បាន​បង្ហាញ​ថា រតនា នៅតែ​មិនអាច​យក​ឈ្នះ​លើ​កីឡាករ​ចិន បន្ទាប់​​រូបគេ​បានចាញ់កីឡាករ​ចិន ​Xie Bin និង Ma Hao Bin សម្រាប់ការ​ប្រកួត​ នៅលើ​សង្វៀន ONE នេះ​ដែរ នា​ពេល​កន្លង​មក៕

  • Loading...
  • Recent Posts