• តើ ចាន់ ​រតនា ឬ​កីឡាករចិន Xie Wei ជាអ្នកសន្លប់ សម្រាប់ជំនួបដ៏​ក្តៅគគុក នៅសិង្ហបុរី?
    ប្រដាល់អន្តរជាតិ 5 months ago 562 Views

    ការប្រឈម​ដាក់​គ្នា​រវាង​អ្នក​ប្រយុទ្ធគុនខ្មែរ ចាន់ រតនា និង​កីឡាករមាន​ប្រភព​ចេញ​ពី​ក្បាច់សៅឡិញចិន Xie Wei នៅ​ក្នុង​ព្រឹត្តិការណ៍ NOE: Collision Course ​នា​​​កីឡដ្ឋាន Singapore Indoor Stadium លើទឹក​ដី​ប្រទេស​សិង្ហបុរី នា​រាត្រី​ថ្ងៃ​សុក្រ ខាងមុខ​នេះ តើ​អ្នក​ណា ជា​អ្នក​សន្លប់ ឬ​បោះបង់​ចោលការ​ប្រកួត នៅ​មុន​​បញ្ចប់ការ​ប្រកួត៣ទឹក»។


    ការ​លើ​ជា​សំនួរ​បែបនេះ ក៏​ព្រោះ​តែ​កីឡាករ​ជើង​ខ្លាំង​គុនចម្រុះ​កម្ពុជា ចាន់ រតនា បាន​សិក្សាយ៉ាង​លម្អិត​ទៅ​លើ​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ​របស់គូ​ប្រកួត Xie Wei ហើយ​បាន​ធ្វើការ​វាយតម្លៃ​ថា ការ​ជួបគ្នា​រវាង​អ្នកទាំង​២ នៅ​ថ្ងៃសុក្រ ខាង​មុខនេះ នឹង​មាន​អ្នក​ណា​មួយសន្លប់​ជា​មិន​ខាន គឺ​មិនអាច​ឈាន​ដល់​ការ​បញ្ចប់ទឹក​ទី​៣ ហើយសម្រេច​ការ​ឈ្នះ​ចាញ់ ដោយ​ពិន្ទុ​នោះ​ទេ។
    ​តាម​រយៈបទសម្ភាស​ផ្ទាល់​ជាមួយក្រុម​ការងារ​របស់ ONE Championship (ONE) ចាន់ រតនា បាន​និយាយ​ថា៖ ​«ខ្ញុំ​ឃើញ​ចំណុច​ខ្លាំង​របស់​គាត់​ (Xie Wei) ២​​សំខាន់​ៗ​ ដែល​នឹង​លំបាក​សម្រាប់​ខ្ញុំ​ គឺ​គាត់​ពូកែ​គ្រប់​គ្រង​លើ​ដៃ​គូ​ពេល​ប្រឈម​ដៃ​គូ​នៅ​លើ​សង្វៀន​ ហើយ​គាត់​មាន​ចលនា​លឿន។ ក្បាច់​​ការពារ​របស់​គាត់ល្អ ​​ដែល​មិន​ងាយ​ឲ្យ​ដៃ​គូដាក់​គំនាប ឬ​គៀប​សង្កត់​លើ​គាត់​បាន​ងាយ​ស្រួល​ទេ ជា​ពិសេស​ក្បាច់​ក្រោម»។
    កីឡាករវ័យ​៣៥ឆ្នាំ ចាន់ រតនា ដែល​បាន​ធ្វើដំណើរ​ទៅ​ដលើ ប្រទេស​សិង្ហបុរី តាំងពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​នោះ បាន​​និយាយសង្កត់​ធ្ងន់​​ថា​​៖ «ការ​ប្រកួត​នេះ​ នឹង​មាន​ម្នាក់​សន្លប់! បើ​មិន​គេ​ទេ គឺ​យើង ព្រោះ Xie Wei ជា​កីឡាករ​អន្ទះ​សាម្នាក់ គឺ​គ្រាន់​តែសំឡេង​កណ្តឹង​រោទិ៍​ឡើង​ភ្លាម គាត់​ច្បាស់​ជា​រុល​សម្រុក​ចូល​វ៉ៃ​ហើយ»។
    គួរ​បញ្ជាក់ថា ចាន់ រតនា ​​​មាន​កំណត់​​ប្រកួត​គុន​ចម្រុះ​បាន​១០​ដង ​​ឈ្នះ៧​ដង ​និងចាញ់​៣​ដង ចំណែក​កីឡាករចិន Xie Wei ធ្លាប់ប្រកួតគុនចម្រុះ​៨លើក ឈ្នះ​៥ និងចាញ់​៣ដង។ យោងតាមកំណត់ត្រា​នេះ បង្ហាញ​ថា រតនា ធ្វើ​បាន​ល្អ​ជាង ហើយ​អ្វី​កាន់តែ​អស្ចារ្យ​នោះ គឺ​៣ប្រកួត​ចុងក្រោយនេះ រតនា បាន​ឈ្នះ​កីឡាករ​បរទេស ដោយ​ផ្តួល​ឲ្យ​សន្លប់​ទាំងអស់ ប៉ុន្តែ Xie Wei មិន​ធ្លាប់មាន​ប្រវត្តិឈ្នះ​កីឡាករ​បរទេស នៅ​ ONE នោះ​ទេ គឺ​រូប​គេ​បានត្រឹម​ឈ្នះ​កីឡាករ​ចិន​ដូច​គ្នា។
    យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​បរាជ័យ ចំនួន​​២​លើក នៅ​សង្វៀន ONE កន្លង​មកនេះ គឺ ចាន់ រតនា បានចាញ់​កីឡាករ​ចិន​ទាំង​២​លើកតែ​ម្តង រួម​​មាន​កីឡាករ Xie Bin និង Ma Hao Bin អ៊ីចឹង​ការ​ជួប​កីឡាករចិន Xie Wei ជា​លើកទី​៣នេះ គេ​នៅមិនទាន់ប្រាកដថា រតនា អាច​យក​ឈ្នះ​កីឡាករ​ពោរពេញ​ដោយកម្លាំង ដែល​មាន​អាយុ​ត្រឹម​២៤​ឆ្នាំ​រូបនេះ ឬយ៉ាងណា​នោះ​ទេ។
    ប៉ុន្តែ​កីឡាករ មាន​​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​ ចាន់ រតនា មាន​ដាក់​គោល​ដៅ​រួច​ហើយ ត្រូវ​បញ្ចប់ការ​ប្រកួត​លើក​នេះ មិន​ឲ្យ​ដល់​៣​ទឹក។ រតនា បញ្ជាក់​ថា៖​«ដូច​បំណង​ខ្ញុំ​ដែរ​ ខ្ញុំ​អត់​ចង់​ឲ្យ​ការ​ប្រកួត​នេះ​ ចប់​​៣​ទឹក​ទេ។ ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​ជា​មួយ​ Xie Wei ចប់​​បាន​លឿន​បំផុត អ៊ីចឹង​​​ភាគ​រយ​ខ្ពស់​បំផុត​ សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​ គឺ​អត់​ចប់​៣​ទឹក​ទេ»៕

  • Loading...
  • Recent Posts