ក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់ការធ្វើទំនើបកម្ម នៅក្នុងការបើកប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់សហព័ន្ធកីឡាជាតិ ពីការឲ្យគ្រូបង្វឹក និងក្រុមអត្តពលិកជម្រើសជាតិ ទៅបើកដោយផ្ទាល់ មកជាបើកអនុវត្ត ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមប្រព័ន្ធធនគារអេស៊ីលីដា វិញម្តង។
តាមលិខិតលេខ៦០១៩ អយក.មជហក របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជម្រាបជូនមកដល់ថ្នាក់ដឹកនាំកីឡាជាតិ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចការដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមប្រព័ន្ធធនគារអេស៊ីលីដា» ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ ចាប់តាំងពីការប្រមូលផ្តុំ ឆ្នាំ២០២១តទៅ។
លិខិតដដែលនេះ បានបញ្ជាក់ថា៖ «ក្រសួងសម្រេចធ្វើការប្រមូលផ្តុំ និងដាក់ឲ្យអនុវត្តការបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមប្រព័ន្ធធនគារអេស៊ីលីដា ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាករជម្រើសជាតិ ចាប់ពីឆ្នាំ២០២១តទៅ។ ដោយឡែកថវិកា របបអាហារប្រចាំថ្ងៃ ត្រូវទូទាត់ជូនទៅភាគីផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ដល់ក្រុមជម្រើសជាតិ ជាប្រចាំខែ»។
យ៉ាងណាក៏ដោយ យោងតាមលិខិត ដែលបានធ្វើតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយទើបបានបញ្ចេញជាសាធារណៈ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រសួងអប់រំ បានស្នើឲ្យសហព័ន្ធកីឡាជាតិ អនុវត្តតាមការណែនាំចំនួន៤ចំណុច ដែលមានចែកនៅក្នុងលិខិតនេះ ដើម្បីធ្វើឲ្យ កិច្ចការទាំងនេះ អាចអនុវត្តទៅបាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងស្របតាមសារាចរណ៍ណែនាំលេខ ០១២ សហវ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ និងផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញសាធារណៈ។
ជាមួយការសម្រេចឲ្យគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ បើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមប្រព័ន្ធធនគារអេស៊ីលីដា នេះ គឺថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ភាគច្រើន បានឯកភាព ទៅលើវិធានការនេះ ព្រោះពួកគាត់ យល់ថា ការធ្វើទំនើបកម្មនៃការបើកប្រាក់ឧបត្ថម្ភនេះ នឹងមានតម្លាភាពជាងមុន ហើយការបើកប្រាក់ប្រចាំខែ ក៏នឹងមានភាពទៀងទាត់ ជាពេលកន្លងមកផងដែរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា «ខ្ញុំគិតថា យើងបើកប្រាក់ឧបត្ថម្ភតាមរយៈធនាគារ ដែលធ្វើតាមទំនើបកម្ម នេះ វាជារឿងល្អណាស់ ព្រោះវាមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ហើយយើងក៏សង្ឃឹមដែរថា ការបើកប្រាក់តាមប្រព័ន្ធធនាគារនេះ នឹងបានទៀតទាត់ប្រចាំខែ សម្រាប់អត្តពលិក ព្រោះកន្លងមក ការបើកប្រាក់នេះ មានភាពយឺតយ៉ាវបន្តិច»។
ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បាននិយាយថា៖« ក្នុងនាមឲ្យសហព័ន្ធ ខ្ញុំសូមអបអរសាទរលើការងារនេះ ព្រោះការបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមប្រព័ន្ធធនគារ នេះ វាបានបង្កភាពងាយស្រួលដល់ក្រុមអត្តពលិកយើង ព្រោះបើគាត់ចង់បើក ឬមិនចង់បើក គឺគាត់អាចរក្សាលុយ ទុកក្នុងកុងធនាគាររបស់គាត់នេះបាន»៕
Recent Posts
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ