• ព្រឹត្តិការណ៍​កីឡា ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​ធ្នូនេះ អាច​នឹង​ត្រូវលុបចោល ដោយសារកូវីដ​១៩
    កីឡាផ្សេងៗ 2 months ago 60 Views

    ព្រឹត្តិការណ៍កីឡាសំខាន់ៗ រាប់បញ្ចូន​ទាំងការ​ប្រកួត​ជ្រើស​រើសជើង​ឯក​ថ្នាក់​ជាតិ នៅ​លើ​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដែល​បាន​ពន្យារពេល ម្តង ឬ​ពីរ​ដង​រួច​ទៅ​ហើយ ដោយ​សារ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​រំពឹង​ថា នឹង​បាន​រៀបចំ​វិញ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ គឺ​អាច​នឹង​​ត្រូវ​លុប​​ចោល​​តែម្តង ឬ​ក៏​លើក​ពេល​ទៅធ្វើនៅឆ្នាំ​២០២១​វិញ។


    ការ​ឈាន​ដល់ការ​លុបចោល ឬ​លើក​ពេល​ព្រឹត្តិការណ៍​កីឡា និងការ​ប្រកួត​ថ្នាក់ជាតិ ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១​នោះ ក៏​ព្រោះ​តែ ក្រសួងអប់រំ យុវជន និង​កីឡា បានសេចក្តី​ជូនដំណឹង​ជាថ្មី ដោយកំណត់​ឲ្យ​បន្ត​ផ្អាក​រាល់​ការ​ហាត់ប្រាណ និងការ​លេងកីឡា ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ រហូត​ដល់​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​សហគមន៍ ឬ​ហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន​បញ្ចប់។
    វា​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ក្រសួងអប់រំ យុវជន និង​កីឡា ប្រកាសឲ្យផ្អាក​រាល់​ការ​ហាត់ប្រាណ និងការ​លេងកីឡា ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ ប៉ុន្តែ​តាម​រយៈសេចក្តី​ជូន​ដំណឹង​ ជាថ្មី កាល​ពី​ថ្ងៃព្រហស្បតិ៍​ អាច​បង្ហាញ​ឲ្យ​ឃើញ​ថា រាល់​ព្រឹត្តិការណ៍​កីឡា និងការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ ដែល​មិនទាន់បាន​ធ្វើ ហើយ​គ្រោងនឹង​ធ្វើ នៅ​ក្នុងខែ​ធ្នូ​នេះ ប្រហែល​ជា​មិន​អាច​កើតមាននោះ​ទេ ព្រោះ​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនអាច​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏ខ្លី​ខាងមុន​នេះ​បានទេ ខណៈ​ករណី​ឆ្លង បានរីករាល​ពី​ភ្នំពេញ ទៅតាម​ខេត្ត​មួយចំនួន ទៅហើយ​នោះ។
    យោង​តាមស្ថាន​ភាព​នៅ​ពេលនេះ គឺ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​​ឆ្នាំ​ ២០២០ នៅ​លើ​ប្រភេទ​កីឡា​ប្រដាល់​គុនខ្មែរ ​វាយសី ប្រដាល់​សកល​ ​​ទោចក្រ​យាន បាញ់កាំភ្លើង កីឡារាំ និង​ការ​ប្រកួតថ្នាក់ជាតិ នៅ​លើ​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​ធ្នូ​នេះ គឺ​អាច​និងត្រូវលុប​ចោល ហើយ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ វិញ។
    ចំណែក​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​​ជាតិ ឆ្នាំ​ ២០២០ ​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្ដរជាតិ​អង្គរ លើក​ទី​ ២៥ ឆ្នាំ​ ២០២០ នៅ​សៀមរាប ព្រឹត្តិការណ៍​កីឡា​​ដើម្បី​ទាំង​អស់​គ្នា របស់​ខេត្តកណ្តាល និងព្រឹត្តិការណ៍​កីឡា មួយចំនួនទៀត ក៏​អាច​នឹង​ត្រូវលុបចោល ផងដែរ។ រីឯ​ការ​ប្រកួត​ប្រដាល់​ នៅ​តាម​សង្វៀន​ចំនួន​៦ មាន បាយ័ន CNC​ ថោន PNN ប៉ុស្តិ៍​លេខ​ ៥ និង​សង្វៀន​ឯក​ភ្នំ ក៏នឹង​បន្ត​ផ្អាក ទៅតាមការ​ជូនដំណឹង​របស់​ក្រសួងអប់រំ នេះ​ផងដែរ ដោយមិនទាន់​ដឹង​ថា នឹង​អាបបើ​កឲ្យដំណើរ​ការ​បាន​វិញ នៅ​ពេល​ណា​នោះ​ទេ៕

  • Loading...
  • Recent Posts