• ​ក្រុម​​ល្បុក្កតោ​​ រកឃើញជម្រើសដ៏​ប្រពៃ ដើម្បី​​រក្សាកម្រិត​បច្ចេកទេស​ តែ​ប្រភេទ​កីឡាផ្សេង​ទៀត បន្ត​ហាត់នៅតាមគេហដ្ឋាន
    កីឡាផ្សេងៗ 2 months ago 68 Views

    សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ​បាន​រក​ឃើញ​ជម្រើស​ដ៏​ល្អ គឺ​ការនាំ​​ក្រុមជម្រើសជាតិ​របស់ខ្លួន ទៅបោះ​ជំរំហ្វឹក​ហាត់ នៅតាម​មាត់សមុទ្រ ក្នុងទឹក​ដីខេត្តកំពង់សោម ដែល​ធ្វើ​ឲ្យពួកគេ នៅ​តែ​អាច​ហ្វឹក​ហាត់​ជុំ​គ្នា ​ពង្រឹង​សមត្ថ​ភាព និងបច្ចេកទេសឲ្យ​នៅតែ​ល្អ សម្រាប់ត្រៀម​ឆ្ពោះ​ទៅ​ដណ្តើម​មេដាយ​ឲ្យបានច្រើន នៅស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ។


    ផ្ទុយពីនេះ សហព័ន្ធ​​កីឡា​ជាតិ ផ្សេងៗ​ទៀត នៅតែ​បន្តឲ្យ​អត្តពលិក​របស់ខ្លួន ហ្វឹក​ហាត់​រៀងៗ​ខ្លួន នៅតាមគេហដ្ឋាន ដើម្បីគេច​ចេញ ពី​ការ​ឆ្លង​ចូលសហមន៍​នៃ​ជំងឺ​កូវីដ​១៩​ ហើយគិត​ត្រឹម​ថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិ​ល្បុក្កតោ និងគ្រូ​បង្វឹក​សរុប​២៤នាក់ បាន​បោះ​ជំរំ​ហ្វឹក​ហាត់​រួមគ្នា នៅ​លើទឹក​ដី​ខេត្ត​កំពង់សោម យ៉ាង​មាន​សុវត្ថិភាព រយៈ​ពេល២ថ្ងៃ​ហើយ ពោល​គឺ​តាំង​ពី​ថ្ងៃពុធ ទី​៩ ខែធ្នូ មក។
    តាមគម្រោង ក្រុម​ល្បក្កតោកម្ពុជា ​ នឹង​បោះ​ជំរំ​ហ្វឹកហាត់​នៅទី​នោះ​រយៈ​ពេល​២សប្តាហ៍ ប៉ុន្តែ​​ពួកគេ អាច​នឹង​បន្ត​បោះ​ជំរំ លើស​ពី២​សប្តាហ៍ ព្រោះ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ជូនដំណឹងជាថ្មី ឲ្យបន្ត​ផ្អាក​រាល់​ការ​ហាត់ប្រាណ និងការ​លេងកីឡា ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ រហូត​ដល់​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​សហគមន៍ ឬ​ហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន​បញ្ចប់។
    ជុំវិញ​ការ​ទៅបោះជំរំហ្វឹកហាត់ នៅ​ខេត្តកំពង់សោម នេះ លោក​ អ៊ូ ​តារា ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាល្បុក្កតោកម្ពុជា ​បាន​​​ប្រាប់ប្រព័ន្ធ​ផ្សាយ​​ថា​៖ «​​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ​ ​ព្រោះ​យើង​បាន​ដាក់​គោល​ដៅ​ថា ​នឹង​ត្រូវ​ដណ្តើម​​មេដាយ​ឲ្យបាន​ច្រើន​ និង​នាំ​មុខ បណ្តា​ប្រទេស​នានា នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣ ​ហើយ​ល្បុក្កតោ​ គឺ​ជា​អត្តសញ្ញាណ​ព្រលឹង​ជាតិ​ទាំង​មូល​ និង​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន​ដ៏​ល្បី​ល្បាញ​នេះ​ផងដែរ»។​
    លោក អ៊ូ តារា ដែលជាអ្នក​គ្រប់គ្រង​ផ្ទាល់ នៅក្នុងការ​បោះ​ជំរំ​ហ្វឹកហាត់​លើក​នេះ ​បាន​​បន្ថែម​​​ថា​៖ ​«​យើង​មក​ហ្វឹក​ហាត់​នេះ​ មាន​គ្នា​​សរុប​២៤​នាក់​ គឺ​ក្រុម​ថ្នាល១២​នាក់ ក្រុម​ធំ​៨​នាក់ និង​គ្រូ​ជម្រើស​ជាតិ​ច​៤​នាក់​ ហើយ​ការ​ហាត់​បែប​នេះ ​ធ្វើ​ឲ្យ​អត្តពលិក​ទទួល​បាន​ភាព​ជឿ​ជាក់​ និង​បរិយាកាស​ល្អ ​ឃ្លាត​ឆ្ងាយ​ពី​មហាជន​ ពិសេស​​ធ្វើ​ឲ្យ​ពួកគេ​​ប្លែក​អារម្មណ៍ ​ដោយ​យើង​ឲ្យ​អត្តពលិក ​បញ្ចេញ​កម្លាំង​ទាំង​លើ​គោក​ និង​​ក្នុង​ទឹក ​គឺ​បង្កើត​ឋាមពល​ល្អ​ជាង​មុន»​។​
    យ៉ាង​ណា​ក៏​ដោយ ដើម្បីការពារ​ការឆ្លង​ជំងឺកូវីដ​១៩ នៅ​ក្នុងអំឡុងពេល​បោះជំរុំ​ហ្វឹក​ហាត់នេះ​ លោក ​អ៊ូ ​តារា អះអាង​ថា​ បាន​ធ្វើ​តាម​ការ​ណែ​​នាំ​របស់​ក្រ​សួង​សុខាភិបាល​ និង​ក្រ​សួង​អប់​រំ ​យុវជន ​និង​កីឡា ​ដើម្បី​​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​ដោយ​មិន​អនុញ្ញាត​ឲ្យ​គ្រូ​បង្វឹក ​និង​អត្តពលិក​ ​ចេញ​ទៅ​ជួប​អ្នក​ដទៃ ​ក្រៅ​ពី​ក្រុម​ជម្រើស​ជាតិ​នេះ​ជាដាច់​ខាត​ ខណៈ​ទីតាំង​បោះ​ជំរំ ​ត្រូវ​​បាន​ធ្វើ​ឡើង​ឆ្ងាយ​ពី​មហាជន​ ក្នុង​បរិយាកាស​​ខ្យល់​បរិសុទ្ធ​ល្អ នៅ​​មាត់​សមុទ្រ​៕

  • Loading...
  • Recent Posts