• ចាន់ រតនា ចេញ​ទៅសិង្ហបុរី ថ្ងៃនេះ ដើម្បី​ជួប​ដៃគូដ៏ស័ក្តិសម នៅ ONE Championship
    បាល់ទាត់ក្នុងស្រុក 5 months ago 159 Views

    អ្នក​ប្រដាល់​គុនចម្រុះ​របស់កម្ពុជា ចាន់ រតនា ត្រូវ​ចាកចេញ​ពីមាតុប្រទេស ហោះបោះ​ពួយ​ទៅកាន់​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​ដ៏​សំខាន់​ជាមួយ​ ជើង​ខ្លាំង​គុន​ចម្រុះ​របស់​ចិន​ Xie Wei ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE នៅទី​នោះ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នា​យប់​ថ្ងៃទី​១៨ ខែធ្នូ ខាងមុខ​នេះ។


    តាមទីភ្នាក់ងារ​ផ្គូផ្គង​របស់ ស្ថាប័ន​ប្រដាល់​ធំ​បំផុត ​ក្នុង​ពិភព​លោក ONE Championship (ONE) បាន​ធ្វើការ​ប្រៀប​ធៀប​ថា ចាន់ រតនា និង​កីឡាករ​ចិន Xie Wei ជា​ដៃគូ​​ប្រកួត​ដ៏​ស័ក្តិសម ដែល​ការ​ប្រកួតនេះ នឹងមាន​ភាពតាន​តឹងខ្លាំង ប៉ុន្តែ ចាន់ រតនា បាន​អះអាង​ថា នឹង​ព្យាយាម​យក​ឈ្នះ​កីឡាករ​ចិន​ម្នាក់នេះ ឲ្យបាន ដើម្បី​លើក​មុខមាត់​វិស័យកីឡា​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។
    តាមការ​ប្រៀប​ធៀប​នោះ បាន​បង្ហាញ​ថា ទាំង ចាន់ រតនា និង Xie Wei សុទ្ធតែ​ផ្តើម​ចេញ​ពី​ការ​ហ្វឹក​ហាត់ក្បាច់គុនបុរាណ​របស់ជាតិ​ខ្លួន គឺ រតនា រតនា​ មាន​ប្រភព​ដើម​ពី​ក្បាច់​គុន​យុទ្ធគុន​ខម​ មុន​ពេល​បោះ​ជំហាន​ចូល​ប្រឡូក​ប្រដាល់​គុន​ខ្មែរ រីឯ Xie Wei បាន​ចូល​ហ្វឹក​ហាត់​ក្បាច់​សៅឡិញ​ចិន ​តាំង​ពី​អាយុ​១៤​ឆ្នាំ​ មុន​ឈាន​ជើង​ចូល​ប្រលោក​ក្នុងការ​ប្រកួត Kick Boxing។
    ចំពោះ​​ប្រវត្តិ​ប្រកួត​ នៅ​លើ​ឆាក​អន្តរជាតិវិញ Xie Wei ដែលធ្លាប់​ទទួល​បាន​​ជ័យជម្នះ ​ឃីកបុកសីង​​ទាំង​៥​លើក​ និង​ឈ្នះ​​គុន​ចម្រុះ​នៅ​ ONE ចំនួន​៥​លើក ​ក្នុងការ​ប្រកួត​សរុប​៨​ដង​នោះ ​គឺ​សុទ្ធ​តែ​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ដោយ​​ក្បាច់​វ៉ៃ​ឈរ ​ជា​ពិសេស​​កណ្តាប់​ដៃ​ គឺ​ស្រដៀង​គ្នា​ទៅនឹង ចាន់ រតនា ដែរ ដែល​បាន​ផ្តួល​ និង​យក​ឈ្នះ​ដៃ​គូ ដោយក្បាច់វ៉ៃឈរ គឺ​កណ្តាប់ដៃ និងទាត់ ដូច​គ្នា មានន័យ​ថា អ្នក​ទាំង​២ មិនសូវចេះ​ជំនាញ​ក្នុងការ​ប្រើក្បាច់ក្លេ តែ​មានជំនាញ​ក្នុងការ​ដោះ​ក្បាច់ក្លេដូចគ្នា។
    យ៉ាង​ណាក៏​ដោយ ចាន់ រតនា មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ចង់​ឈ្នះ​​លើ​កីឡាករចិន Xie Wei ខ្លាំង​បំផុត ​ព្រោះ​ការ​បរាជ័យ​លើ​កីឡាករ​បរទេស​២​លើកកន្លងមក នៅ​សង្វៀន ONE នេះ គឺ​រូបគេ​បានចាញ់​កីឡាករ​ចិន​ទាំង​២​លើក រួម​​មាន​កីឡាករ Xie Bin និង Ma Hao Bin ហេតុនេះ​រូបគេ មិនចង់​ទទួលបាន​​ភាព​ជូរចត់ ក្រោម​ស្នាដៃ​កីឡាករ​ចិន ជា​លើក​ទី​៣ នោះ​ទេ។
    ចាន់ រតនា បាន​ប្រាប់ថា៖​«​កីឡាករ Xie ​Wei​ មាន​បទ​ពិសោធ​នៅ​លើ​សង្វៀន​គុន​ចម្រុះ​ ខ្លាំង​គួរ​សម​ដែរ ​ពោល​គឺ​​ធ្លាប់​​ឈ្នះ​៥ ​និង​ចាញ់​៣ដង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​​កីឡាករ​ចិន​​ម្នាក់​នេះ ​មាន​កម្លាំង​ល្អ​ ដែល​ជា​ឧបសគ្គ​ធំផងដែរ ​ប៉ុន្តែ​​ខ្ញុំ​ត្រូវ​យក​​ឈ្នះ​ឲ្យ​បាន​ដាច់​ខាត»។​
    យ៉ាង​ណា​ក៏​ដោយ កីឡាករ Xie Wei ក៏​នឹង​ប្រឹង​ប្រែង​ខ្លាំង ចង់ឈ្នះ​ ចាន់ រតនា ដូច​គ្នា ដើម្បី​រក្សា​កំណត់​ត្រា​​ឈ្នះ​លើ​កីឡាករ​កម្ពុជា​ ចាន់ រតនា ដូច​មិត្តរួមជាតិរបស់​គេ Xie Bin និង Ma Hao Bin ពិសេស​ជាង​នេះ Xie Wei ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ ​សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​នៅ​ ONE​ នោះ​ទេ បន្ទាប់​ពី​ឈ្នះ​៥​លើក​កន្លង​មក ​ជា​មួយ​កីឡាករ​ចិន​ដូច​គ្នា​ និង​បានចាញ់​​កីឡាករ​បរទេស​ Danny Kingad ហេតុនេះ​រូបគេ ពិតជាចង់​ឈ្នះ ចាន់ រតនា ខ្លាំងបំផុត ចំណែក រតនា ក៏មាន​មហិច្ឆតា​ចង់​ឈ្នះ​កីឡាករ​ចិន​ម្នាក់នេះ ខ្លាំង​ដូច​គ្នា ដើម្បី​​អាច​រក្សា​ការ​ឈ្នះ​ជា​លើក​ទី​៤ជាប់ៗ​គ្នា នៅ ONE៕

  • Loading...
  • Recent Posts