• សហព័ន្ធ​កីឡា​ចំនួន​៧ បាន​សម្រេច​ពន្យារពេល​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០
    កីឡាផ្សេងៗ 2 months ago 89 Views

    សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៧ ដែល​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក ​​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​​ប្រកាស​ពី​ការ​ពន្យារពេលនៃ​ការ​ប្រកួត​ទាំងនោះ ភ្លាមៗ ដើម្បី​ចូល​រួមទប់ស្កាត់ការរីករាល​ដាល​​ជំងឺ​កូវីដ១៩ ​ចូល​ក្នុង​សហគមន៍​ ជា​លើក​ដំបូង ​នៅ​កម្ពុជា ដែល​​​ផ្តើម​ចេញ​ពី​ព្រឹត្តិការណ៍​២៨វិច្ឆិកា។ ចំណែក​សហព័ន្ធកីឡា​បាល់ទាត់ក៏​បាន​ផ្អាក​ការ​ប្រកួត​ទាំង​៤​ព្រឹត្តិការណ៍​របស់ខ្លួន ជា​បណ្តោះ​អាសន្ន ផងដែរ។


    ​តាម​ការ​ប្រកាសនោះ សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​ប្រកាស​ពន្យារការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២០ ជា​លើក​ទី​២ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​ ១៤ ដល់​ទី​ ១៨ ខែធ្នូ ចំណែក​សហព័ន្ធ​កីឡា​វាយសីកម្ពុជា ក៏​បាន​ប្រកាស​ពី​ការ​ពន្យារពេល​ការ​ប្រកួត​ថ្នាក់ជាតិ​របស់ខ្លួន ដែល​គ្រោង​ធ្វើ​ពី​​ថ្ងៃទី​​៥ ដល់​ទី​​៧ ខែធ្នូ ផងដែរ។
    ចំណែក​​ការ​ប្រកួត​កីឡា​ប្រដាល់​សកលជ្រើសរើស​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​ ៨ ដល់​ទី​ ១១ ខែ​ធ្នូ ខាង​មុខនេះ ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​​ប្រកាស​​ពន្យារពេលជា​លើក​ទី​២ ហើយ​​ការ​ប្រកួត​កីឡា​ទោចក្រយាន (ជិះកង់) ដែល​គ្រោង​ធ្វើ​ នៅ​ខេត្តសៀម​រាប ពី​ថ្ងៃទី​ ៤ ដល់​ទី​ ៦ ខែ​ធ្នូ គឺ​​ត្រូវ​បាន​សហព័ន្ធ​ ជាសាមី​ បាន​ចេញ​សេចក្តី​ប្រកាស​ពន្យារពេល​ផង​​ដែរ។
    ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា បាន​ប្រកាស​ពន្យារ​ពេល​ ការប្រកួត​កីឡា​ទី្រយ៉ាត្លុង​ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តកែប ជា​លើកទី​២ ដែល​គ្រោងប្រកួតពីថ្ងៃទី ៤ ដល់​ទី​៦ ខែធ្នូ រីឯ​ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងធ្វើ​ជាថ្មី ពីថ្ងៃទី០៥-០៦ ខែធ្នូ ក៏​បានពន្យារពេលលើកទី២ដែរ ហើយ​ ការ​ប្រកួ​តកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែល​គ្រោង​ប្រកួត​ពីថ្ងៃទី​១២ ដល់​ទី​១៣ ខែធ្នូ ​ត្រូវ​បាន​ពន្យារពេល ជា​លើកទី២ដូច​គ្នា។
    ជាមួយ​គ្នា​នេះ ​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​​ជាតិ ឆ្នាំ​ ២០២០ ដែល​គ្រោង​ធ្វើ​ជា​ថ្មី នៅ​ថ្ងៃទី​ ៦ ដល់​ទី​ ១៦ ខែ​ធ្នូ ត្រូវ​បាន​ពន្យារ ជា​លើក​ទី​២។​ចំណែក​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏បានប្រកាសផ្អាកការប្រកួតចំនួន ៤ព្រឹត្តិការណ៍ ជាបណ្ដោះអាសន្នផងដែរ រួម​មាន​ការ​ប្រកួតជម្រើសជើងឯកលីគទី២, ការប្រកួតជម្រើសជើងឯកលីគនារី, ការ​ប្រកួត​ជម្រើស​​​ជាតិបាល់ទាត់ក្នុងសាល ព្រម​ទាំង​ការ​ប្រកួត​ជម្រើស​ជើង​ឯក​យុវជន​អាយុក្រោម ១៥​ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ៕

  • Loading...
  • Recent Posts