គ្រូបង្គោលក្រុមបឹងកេត លោក គីម ភក្តី បានបង្ហើបឲ្យដឹងថា ក្រុមរបស់លោក បាននឹងកំពុងពិនិត្យមើលយ៉ាងលម្អិតទៅលើទម្រង់លេងរបស់កីឡាករម្នាក់ ថាតើពួកគេនៅមានការខ្វះខាតអ្វីទៀត ហើយជាមួយគ្នានេះ បឹងកេត ក៏នឹងមានការផ្លាស់ប្តូរកីឡការបរទេស មួយចំនួន ដើម្បីយកអ្នកដែលលេងត្រូវនឹងរបៀបលេង នាការប្រកួតរដូវកាលថ្មី ឆ្នាំ២០២១ ផងដែរ។
លោក គីម ភក្តី ដែលទើបត្រូវបានតែងតាំងជាគ្រូបង្គោលពេញសិទ្ធិ ក្រោយដឹកនាំក្លិបបឹងកេត ឲ្យឈ្នះពានលីគកំពូលកម្ពុជា ឆ្នាំ២០២០នេះ បាននិយាយថា៖ «ខ្ញុំបានរៀបចំ និងសម្លឹងមើលកីឡាករ ហើយនៅក្នុងរយៈពេលសម្រាកនេះ ខ្ញុំបានមើលនូវរាល់វីដេអូ ដែលយើងបានលេងកន្លងមក ដើម្បីលម្អិតរាល់កីឡាករម្នាក់ៗ ថាតើគាត់ នៅមានចំណុចខ្វះខាតអី ដើម្បីយើងត្រៀមអភិវឌ្ឍគាត់ ក្នុងរដូវកាលត្រៀម សម្រាប់រដូវកាលថ្មីនេះ»។
ជាមួយគ្នានេះ លោក គីម ភក្តី បានបង្ហើបថា បឹងកេត នឹងផ្លាស់ប្តូរកីឡាករបរទេសមួយចំនួន និងនាំយកអ្នកដែលអាចលេងត្រូវនឹងរបៀបលេងរបស់លោក នារដូវកាលថ្មី។«យើងមានការផ្លាស់ប្តូរកីឡាករបរទេសមួយចំនួនដែរ ដើម្បីមកជួយក្រុម នៅរដូវកាលថ្មីនេះ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ថា កីឡាកររូបណា ដែលត្រូវចាកចេញ ហើយកីឡាកររូបណា ដែលយើងត្រូវផ្លាស់ប្តូរនោះទេ។ តែទោះបីជាយ៉ាងណា យើងនឹងជ្រើសរើសយកកីឡាករណា ដែលលេងត្រូវជាមួយរបៀបលេងរបស់យើង នៅឆ្នាំក្រោយនេះ»។
ក្រុមបឹងកេត បានចាប់ផ្តើមហ្វឹកហាត់ ត្រៀមរដូវកាលថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារ ប៉ុន្តែមិនទាន់ឃើញមានវត្តមានកីឡាករបរទេសណាម្នាក់ ចូលរួម នៅក្នុងការហ្វឹកហាត់នោះទេ ខណៈ លោក គីម ភក្តី បានគិតទុកជាមុនថា ការប្រកួតរដូវកាលថ្មីនេះ បឹងកេត នឹងត្រូវប្រឈមការប្រកួតប្រជែងកាន់តែខ្លាំង គឺក្លិបមួយនេះ អាចនឹងរត់តាមក្លិបធំៗ ដែលមានគ្រូបង្វឹកបរទេស មានសញ្ញាបត្រខ្ពស់។
គ្រូបង្គោលទើបឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេ ប្រចាំឆ្នាំ២០២០ លោក ភក្តី បានបង្ហើបថា៖«យើងឃើញថា មានការកែប្រែរបស់ក្លិបធំៗមួយចំនួន ដែលមានគ្រូបង្វឹកល្អៗ និងជាគ្រូមានសញ្ញបត្រកម្រិតខ្ពស់មកពីបរទេស ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងលីកកំពូលកម្ពុជា ចំណែកក្លិបបឹងកេត យើង ប្រើសុទ្ធតែធនធានគ្រូក្នុងស្រុក ដូច្នេះមានន័យថា គេដើរ យើងត្រូវតែរត់ហើយ។ តែទោះបីជាយ៉ាងណា ពួកយើងទាំងអស់គ្នា នឹងយកបទពិសោធ ដែលមានទាំងអស់ មកខំប្រឹងប្រកួតប្រជែងជាមួយគេ»។
គួររំឭកថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២០នេះ ក្រុមបឹងកេត បានបញ្ចប់ការប្រកួតទាំង១៧លើក ដោយមិនស្គាល់ការចាញ់សោះ គឺឈ្នះ១២ និងស្មើ៥ដង មាន៤១ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង ដោយក្នុងនោះ សម្រាប់ការប្រកួតទាំង៥លើក ក្នុងជើងទី២ រវាងក្រុម Top6 គឺ បឹងកេត បានស្មើ ក្រុមស្វាយរៀង ១-១ ឈ្នះក្រុមវិសាខា ៣-២ ស្មើក្រុមណាហ្គាវើល ១-១ ឈ្នះក្រុមទ័ព ២-០ និងស្មើក្រុមភ្នំពេញក្រោន ១-១ នៅថ្ងៃបិទរដូវកាល៕
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ