• CAMSOC នឹងបើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបញ្រ្ជាបពីយុទ្ធនាការស៊ីហ្គេម ឲ្យដល់ទូទាំងប្រទេស
    កីឡាផ្សេងៗ 2 months ago 55 Views

    ថ្នាក់​ដឹកនាំរបស់​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បាន​ឈាន​ដល់ការ​ឯក​ភាព​គ្នា ដើម្បី​រៀបចំ​ឲ្យមាន​ ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​អប់រំ ពីយុទ្ធនាការ ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​បាន​ដល់ទូ​ទាំង​ប្រទេស។

    គម្រោង​នៃ​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ គឺ​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ទី​១ ដែល​ត្រូវ​បាន​លើក​យក​មកពិភាក្សា​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ម្សិល​មិញ ដែល​ដឹកនាំ​ការ​ប្រជុំ​ដោយ​​លោក​បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC។

    ថ្លែង​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន នៅ​ក្រោយ​កិច្ច​ប្រជុំ កាលពី​ថ្ងៃអង្គារ​នោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា កិច្ច​ប្រជុំថ្ងៃនេះ ផ្តោត​សំខាន់​ទៅលើ​របៀប​វារៈ​ចំនួន​ពីរ ទី១ គឺ​ការ​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​អប់រំ​សង្គម និង​បើក​យុទ្ធនាការ​ផ្សេងៗ​របស់​គណៈ​កម្មការ​បរិស្ថាន វប្បធម៌ និង​អប់រំ​កីឡា និង​ទី​២ ការ​ត្រួត​ពិនិត្យ​មើល​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​គណៈ​កម្មការ​ទីផ្សារ និង​ចល​នូបត្ថម្ភ។

    ចំពោះ​របៀប​វារៈ​ទី១​ នេះ សង្កត់​ធ្ងន់ទៅ​​លើ​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដែល​មាន​គោលដៅ​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​អប់រំឲ្យ​បានកាន់តែ​ទូលំទូកលាយ ជុំ​វិញ​ផែន​ការ​​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC កាល​ពី​កិច្ច​ប្រជុំ​ប្រចាំ​ត្រី​មាស​ទី​៣ ឆ្នាំ​២០២០ កន្លង​ទៅ។

    លោក វ៉ាត់ ចំរើន បានបន្ត​ថា៖ ​«កិច្ច​ប្រជុំ​នេះ ឯក​ឧត្តមបណ្ឌិត ថោង ខុន បាន​ដឹក​នាំ ដើម្បី​ប្រើ​ប្រាស់​យន្ត​ការ​នានា ដែល​ត្រូវ​ធ្វើ​ក្នុង​អំឡុង​យុទ្ធនា​ការ​អប់រំ​សង្គម ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត បដិ​សណ្ឋា​កិច្ច​ល្អ ការ​កាត់​បន្ថយ​គ្រឿង​ញៀន និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ ជាដើម ដោយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ កំណត់​រួម​គ្នា​ថា ជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ខណៈ​​ភាគី​ពាក់​ព័ន្ធ​ក្នុង​កិច្ច​ប្រជុំ​ ថ្ងៃ​នេះ មាន​ដូច​ជា​តំណាង​ក្រសួង​បរិស្ថាន តំណាង​នគរ​បាល​ជាតិ បាន​យល់​ច្បាស់​ពី​គោល​ដៅ​នៃ​ខ្លឹមសារ​សិក្ខា​សាលា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Garden City រាជ​ធានី​ភ្នំពេញ»។

    យ៉ាង​ណា​ក៏ដោយ សម្រាប់​សិក្ខា​សាលា​ថ្នាក់​ជាតិ​ ស្តីពី​ការ​អប់រំ​សង្គម​ ក្នុង​គុណ​តម្លៃ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ២០២៣ នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០នេះ គឺ​មិន​ប្រមូល​ផ្តុំ​ដល់​រាប់​ពាន់​នាក់​ទេ ដោយ​អនុវត្ត​នូវ​វិធាន​ការ​សុខាភិបាល​របស់​រាជ​រដ្ឋាភិបាល ដោយ​ប្រមូល​ផ្តុំ​ត្រឹម​២០០ ទៅ ៣០០នាក់​ប៉ុណ្ណោះ ខណៈ​​អ្នក​ចូលរួម​ក្នុង​សិក្ខាសាលានោះ ​គឺ​ជា​មនុស្ស​គន្លឹះ ដែល​ជា​អាជ្ញាធរ អភិបាល​ទាំង​២៥​រាជធានី-ខេត្ត សហព័ន្ធ​កីឡា​ជាតិ និង​អង្គការ​កីឡាជាតិ និង​អន្តរជាតិ ព្រម​ទាំង​មន្ទីរ​អប់រំ យុវជន និង​កីឡា មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ដែល​​ជាភ្នាក់​ងារ​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះ​ដឹង​បន្ត​ជូន​ទៅ​ដល់​មូល​ដ្ឋាន​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

    លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​«ការ​រៀបចំ​សិក្ខា​សាលា​នេះ ពិតជា​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​​បើ​យើង​មិន​រៀបចំ​ទេ នោះ​យើង​មិន​ទទួល​បាន​នូវ​ធាតុ​ចូល និង​មិន​ទទួល​បាន​នូវ​ការ​ចាប់​ផ្តើម​មួយ​ទូទាំង​ប្រទេស​នោះ​ទេ ដូច្នេះ​ហើយ​សិក្ខាសាលា​នេះ ​នឹង​ធ្វើឲ្យ​យុទ្ធនា​ការ​ទាំង​អស់​របស់​យើង ​បញ្ជ្រាប​ទៅ​ដល់​ទូទាំង​ប្រទេស»។

    អ្នក​ជំនាញ​កីឡា​រូប​នេះ បាន​បន្ថែម​ថា៖​«ការ​ប្រកួត​កីឡា​ស៊ីហ្គេម ហេតុ​អ្វី​ត្រូវ​រៀបចំ​យុទ្ធនា​ការ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន-កម្ពុជា​ស្អាត កាត់​បន្ថយ​គ្រឿង​ញៀន និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរនេះ​ដែរ? ព្រោះ​បញ្ហា​នេះ​ ជា​គោលការណ៍​របស់​អន្តរជាតិ ដែល​ម្ចាស់​ផ្ទះ​ត្រូវតែ​ស្អាត​ស្អំ មាន​ឥរិយាបទ​ល្អ​ ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រតិភូ ក៏​ដូច​ជា​មាន​កេរ្តិ៍​ឈ្មោះល្អ​ផងដែរ ទើប​ទទួល​បាន​ការ​ចូល​រួម។ ម្យ៉ាង​ទៀត ​ម្ចាស់​ផ្ទះ​រៀបចំ​ហ្គេម​នីមួយៗ ​គឺ​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​វិស័យ​នានា​បន្ថែម ក្រៅពី​ការ​រៀបចំ​កីឡា ដើម្បី​ឲ្យ​អន្តរ​ជាតិ​មើល​ឃើញ​ពី​ភាព​ល្អ គេ​ផ្សព្វ​ផ្សាយ​ពី​យើង ហើយ​យើង​នឹង​ទទួល​បាន​ភាពជោគជ័យ នយោបាយ ការ​ទូត សេដ្ឋ​កិច្ច សង្គម​របស់​យើង ដោយ​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​បែប​នេះ គឺជា​ឱកាស​ក្នុង​ការ​ស្រូប​ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​លើ​ឆាក​អន្តរជាតិ»៕

  • Loading...
  • Recent Posts