• ជ័រ ពៅ ដាក់ចិត្តប្រមាញ់ឲ្យបានប្រាក់លាន ក្រោយជួបរឿងស៊យ ទាំង២លើក នៅវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 2 months ago 69 Views

    អ្នក​ប្រដាល់ចូល​ចិត្តប្តូរកែង ជ័រ ពៅ បាន​ប្រកាស​ប្រាប់ដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ថា រូបគេ នឹង​បង្កើនការ​ហ្វឹក​ហាត់ ពង្រឹង​សមត្ថភាព​ឲ្យបាន​ខ្លាំង​ថែម​ទៀត ដើម្បី​តាម​ប្រមាញ់​ឲ្យ​បាន​ប្រាក់លាន ពី​ការ​ប្រកួត នៅ​លើ​សង្វៀន​ថោន ខណៈការ​​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ២​លើក​កន្លង​មក ជ័រ ពៅ សុទ្ធតែ​ជួបរឿងស៊យ ដោយ​មានរបួសជាប់​ខ្លួន ហើយបានចាញ់យ៉ាង​ផុយស្រួច ដោយ​មិន​ទាន់​ទាំង​បាន​ប្រកួតគ្នាឲ្យក្តៅ​សាច់​ដុំ​ផង​នោះ។

    សម្រាប់ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​២ ក្នុងការ​ប្រកួតដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ កន្លង​មក​នេះ ជ័រ ពៅ ធ្វើបាន​យ៉ាង​ល្អ​បំផុត ដោយ​បាន​ប្រើកណ្តាប់​ដៃ ម៉ាត់​ទៅ​លើ​ពោះ​​របស់ ស៊ន រ៉ាគីម រហូត​លោកអាជ្ញាកណ្តាល​សម្រេចបញ្ឈប់ នៅចុង​ទឹកទី​២ បន្ទាប់ពី​បាន​រាប់​ចំនួន​២​លើក ក្នុងទឹក​ដដែល​នេះ។

    យ៉ាង​ណាក៏​ដោយ នៅ​ក្នុងការ​ជម្នះ​ចូល​ប្តូរកែង និង​ម៉ាត់ ដើម្បី​ផ្តួល ស៊ន រ៉ាគីម នៅ​ក្នុង​វគ្គ​ជម្រុះ​នេះ គឺ​ទម្ងន់​ជើងទាត់ស្កាត់របស់ រ៉ាគីម ក៏​បាន​​ធ្វើ​ឲ្យ​ ជ័រ ពៅ មាន​របួស​ជើង​ស្តាំ មុន​ពេល​ឡើងទៅ​ជួប អេលីត សាន់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ផងដែរ ហើយ​បញ្ហា​របួស​នេះ បាន​ធ្វើ​ឲ្យ ជ័រ ពៅ បង្ខំ​ចិត្ត​ចុះ​ចាញ់ អេលីត សាន់ យ៉ាង​លឿន ត្រឹមទឹកទី​១ បន្ទាប់ពី សាន់ បានទាត់​ស្តាំ ចំ​របួស​ចាស់នេះ បណ្តាល​ឲ្យដួល​ដេក​ចុករមួល ឈឺ​ផ្សារ​ខ្លាំង មិនអាច​ក្រោក​ឈរ បន្តការ​ប្រកួតបាន​ទៀត​នោះ។

    ទាក់ទង​នឹងការ​ប្រកួតនេះ ជ័រ ពៅ បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«នៅ​មុន​ការ​មក​ជួប អេលីត សាន់ នៅវគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ជើង​របស់ខ្ញុំ មានបញ្ហារបួស តាំង​ពី​ប្រកួត​ជាមួយ ស៊ន រ៉ាគីម ដោយខ្ញុំ​​របួស​នៅទឹកទី​២ បន្ទាប់ពី​ខ្ញុំ​ភ្លាត់ស្នៀត​ឲ្យគេ​ទាត់​ចូល ប៉ុន្តែ​ខ្ញុំ​បានទ្រាំការ​ឈឺចាប់នេះ ហើយ​បាន​ចូលវាយ​លុកឲ្យគេ​សន្លប់ នៅពេល​យើង​បានវ៉ៃ​គេ​ឲ្យ​រាប់ ព្រោះ​បើ​ទុក​យូរ យើង​អាច​ចាញ់​គេ»។

    គួរបញ្ជាក់ថា ស្ថាន​ភាព​ប្រកួត​ចាញ់របស់ ជ័រ ពៅ លើក​នេះ គឺ​ដូច​គ្នា​ប៊ិះ​បិទ ទៅ​នឹងប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន នេះ កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ដោយកាល​នោះ ជ័រ ពៅ បាន​វាយ​កែងបណ្តាល​ឲ្យ រឿម វណ្ណៈ សន្លប់ នៅ​ទឹក​ទី​២ ប៉ុន្តែ​ការវាយកែង​​បន្សល់​ស្នាម​បែកនៅ​លើ​ក្បាលរបស់ រឿម វណ្ណៈ បាន​ធ្វើ​ឲ្យ ជ័រ ពៅ ចាញ់ ម៉ន សាម៉េត នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិនទាន់ទាំងបាន​ប្រកួត​ស្រួល​ផង គឺ​គ្រាន់តែរូបគេ ខំ​ទប់​ការ​ទាត់​របស់ សាម៉េត គឺ​ឈាម​បាន​ហូរ​ចេញ​ពី​កន្លែង​​របួស​ចាស់ ​ស្រោចមុខ​មិន​ដាច់ នាំ​ឲ្យគ្រូ​ពេទ្យ​បញ្ឈប់ការ​ប្រកួតរបស់ ជ័រ ពៅ នៅ​ដើមទឹក​ទី​១​តែ​ម្តង។

    នៅពេល​រំឭក​ដល់​ហេតុការណ៍​អាក្រក់ ដែលបាន​កើត​មានចំពោះ​រូបគេ ក្នុង​ការ​ប្រកួត​ទាំង​២​លើក ក្នុងការ​ដណ្តើម​ប្រាក់លាន នៅ​សង្វៀនថោន នេះ ជ័រ ពៅ បាន​​ប្រកាស​ថា បើ​សិនជា​មាន​ឱកាស​បានមក​ប្រកួត​ក្រោយៗ​ទៀត គឺ​រូបគេ នឹង​ខំ​ប្រឹង​ប្រែង​ប្រជែង​ឲ្យបាន​ប្រាក់​លាន​នេះ។

    សិស្ស​គណ​ក្លិបថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៃ​ក្រសួងមហាផ្ទៃ ជ័រ ពៅ បាន​និយាយ​ថា៖​«បើ​សិន​ជា​ខ្ញុំ​បាន​មក​ប្រកួត នៅ​ក្នុងកម្ម​វិធីនេះ លើក​ក្រោយ​ទៀត ខ្ញុំ​នឹងខំ​ប្រឹង​ហ្វឹក​ហាត់ និង​ប្រកួតយក​ប្រាក់​លាននេះ​ឲ្យបាន ហើយ​ខ្ញុំក៏​អរគុណ​ដល់បងប្អូន ដែលបានគាំ​ទ្រ​ដល់​ខ្ញុំ អ៊ីចឹង​មក​លើកក្រោយ ខ្ញុំ​នឹងខំ​ប្រឹង​ធ្វើ​ឲ្យ​បាន»៕

  • Loading...
  • Recent Posts