• អេលីត សាន់ ផ្តោតខ្លាំងលើការផ្តួល បាង កាយ៉ាក តែមិនមើលស្រាល ជ័រ ពៅ និង ស៊ន រ៉ាគីម
    ប្រដាល់ក្នុងស្រុក 6 days ago 62 Views

    អ្នក​លេងកណ្តាប់​ដៃ​ធ្ងន់ អេលីត សាន់ មានការ​ស្រេក​ឃ្លាន​ខ្លាំងបំផុត ក្នុងការ​ផ្តួល​កីឡាករ បាង កាយ៉ាក ដើម្បី​ជម្រះ​បញ្ជី​ចាស់ ចំពោះការ​ចាញ់ទាំងមិនអស់​ចិត្ត នា​ពេល​កន្លង​មក​នេះ ប៉ុន្តែ​ អេលីត សាន់ ក៏មិន​បាន​មើល​ស្រាលបេក្ខភាព​២នាក់​ទៀត គឺ ជ័រ ពៅ និង ស៊ន រ៉ាគីម ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ ផងដែរ។

    ដោយ​សារ​តែ ការ​ប្រកួតនេះ តម្រូវ​ឲ្យ​អ្នក​ទាំង​៤ ធ្វើ​ការ​ចាប់​ឆ្នោតមុនការ​ប្រកួត អ៊ីចឹងនៅ​មិនទាន់​ដឹង​ថា អ្នក​ណា​ ត្រូវ​ប៉ះ​ជាមួយ​អ្នក​ណា នៅវគ្គ​ជម្រុះ ដើម្បី​រក​អ្នក​ឈ្នះ​២នាក់ ឡើង​ទៅ​ជួបគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ឲ្យប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំពោះ អេលីត សាន់ បាន​ផ្តោតខ្លាំង​តែ​ទៅ​លើ​ការ​ជួប បាង កាយ៉ាក មួយប៉ុណ្ណោះ។

    អេលីត ​សាន់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «​ការ​ប្រ​កួត​ចាញ់​លើក​មុន ​​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មិន​ស្ងប់​ ​ព្រោះ​ការ​ផ្តល់​ពិន្ទុ​ពី​ចៅ​ក្រម ​៥ទល់​០ ​មិន​សម​សោះ​ ដ្បិតអី​​ខ្ញុំ​ប្រឹង​វ៉ៃ​បណ្ណឹង​ដែរ ម៉េច​​អត់​បាន​ពិន្ទុ​សោះ​ចឹង​។​ ខ្ញុំមិន​តវ៉ា​ចំពោះ​លទ្ធផល​ចាញ់​ទេ ​ប៉ុន្តែ​សុំ​ប្រ​កួត​សង​សឹក​វិញ ​ដើម្បី​ជម្រះ​មន្ទិល​ និង​យក​ប្រាក់​រង្វាន់​»។

    គួរ​រំឭក​ថា ការ​សម្រាប់​ដាក់បេក្ខភាព បាង កាយ៉ាក និង អេលីត សាន់ សម្រាប់ការ​ប្រកួតដណ្តើម​ប្រាក់​លាន​លើកនេះ គឺ​ធ្វើ​ឡើងតាមសំណើ​របស់ អេលីត សាន់ ព្រោះរូបគេ​យល់​ថា ការ​សម្រេច​ឲ្យ បាង កាយ៉ាក ឈ្នះ​ពិន្ទុ​ដាច់ ៥-០ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍នេះ​ កន្លងមក គឺ​ជា​រឿង​មិនស័ក្តិសម និង​ធ្វើ​ឲ្យ​រូបគេ មិន​អស់ចិត្ត។ ចំណែក ជ័រ ពៅ និង ស៊ន រ៉ាគីម ជាបេក្ខភាព​ថ្មី ដែល​ត្រូវ​បានដាក់មក ដើម្បី​ឲ្យ​គ្រប់ទៅ​តាម​រូបមន្តការ​ប្រកួត។

    កីឡាករ​ អេលីត សាន់ បាន​បញ្ជាក់​​ថា​៖ «​លើក​នេះ​ ​បើសិន​​ចាប់​ឆ្នោត​ប៉ះ​គ្នា​ នៅ​វគ្គ​ជម្រុះ​ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ ​គឺ​ខ្ញុំ​​មាន​បំណង​ចង់​ផ្តួល​ ​បាង ​កាយ៉ាក ​ឲ្យ​ចុះ​ចាញ់​ ចំណែក ​ស៊ន ​រ៉ាគីម ​និង ​ជ័រ ពៅ​ ​ក៏​ជា​ជើង​ខ្លាំង​ដូច​គ្នា​ អ៊ីចឹង​ការ​ចាញ់​ឈ្នះ​ ខ្ញុំ​មិន​សោក​ស្តាយ​ទេ ​ប៉ុន្តែ​ខ្ញុំ​​ពិត​ជា​ចង់​ជួប បាង​ កាយ៉ាក ​ដើម្បី​ឲ្យ​មហា​ជន​ដឹងថា ​អ្នក​ណា​មាន​សមត្ថភាព​ឈ្នះ​ពិត​ប្រាកដ ​ដោយ​មិន​អាង​លើ​ខ្សែ»​។​

    ចំពោះ​ បាង​ កាយ៉ាក​ មិន​ហ៊ានអួតអាង​អ្វី​ទេ ដោយ​បានបាន​​និយាយ​ថា​៖ «​ខ្ញុំ​ហ្វឹក​ហាត់​ត្រៀម​ល្អ​ ប៉ុន្តែ​ការ​ឈ្នះ ​ឬ​ចាញ់ ​មិន​ទាន់​ហាន​និយាយ​ទេ​ ​ព្រោះ​កណ្តាប់​ដៃ​របស់ អេលីត​ សាន់​​ធ្ងន់​ ​និងគេ​វាយ​សន្ធាប់​ខ្លាំង​។ ​ហេតុនេះ ខ្ញុំ​សង្ឃឹម​ឈ្នះត្រឹម​​៥០​ភាគ​រយ ​និង​មាន​ការ​ព្រួយ​បារម្ភ ​ដោយ​សារ​តែ​កម្លាំង​គេ​៣​ទឹក​ ទំនង​ជា​ល្អ​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ប្រើ​បច្ចេកទេស​ជង្គង់​ទប់ទល់​ និង​ដក​ថយ​»៕

  • Loading...
  • Recent Posts