• ក្រុមជម្រើសជាតិ គ្រប់ប្រភេទកីឡា ត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំវិញ នៅថ្ងៃសុក្រនេះ
    កីឡាផ្សេងៗ 4 days ago 35 Views

    ក្រុម​អត្តពលិក​ជម្រើសជាតិ​កម្ពុជា ទាំង​ក្រុម​ធំ និងក្រុម​ថ្នាល ដែល​ទើប​ត្រូវបាន​ប្រកាស​ឲ្យ​ផ្អាក​សកម្ម​ភាព​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ដើម្បី​ចូល​រួម​បង្កា និងទប់​ស្កាត់ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ ដែល​ទើប​ផ្ទះ​ករណី​ឆ្លង កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ មក​នោះ ត្រូវ​បានអនុញ្ញាត​ឲ្យ​វិល​មក​កាន់​ជំរុំ​ហ្វឹកហាត់វិញ​ហើយ ដើម្បី​​​បន្ត​សកម្ម​ភាព​ហ្វឹកហាត់​ជុំ​គ្នា ដែល​ត្រូវ​ធ្វើ​ឡើង​ពីថ្ងៃសុក្រ​នេះ​ទៅ។​

    ការ​បើក​ភ្លើង​ខៀវ ឲ្យមានការ​​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ ជា​ថ្មី​នេះ គឺ​ធ្វើ​ទៅ​តាម​សេចក្តី​ប្រកាស​​របស់​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដែល​បាន​ជូន​ដំណឹង​ដល់​គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី នៃ​ក្រុមជម្រើសជាតិ និងថ្នាល ទាំងអស់ ឲ្យធ្វើការ​ប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីផ្អាកមួយរយៈពេល ដោយសារព្រឹត្តិការណ៍ ៣វិច្ឆិកា។

    យោងតាមលិខិតដែល​បាន​ផ្ដល់ឲ្យទៅ សហព័ន្ធកីឡាជាតិនីមួយៗ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​ បានបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ហ្វឹក​ហាត់​ឡើង​វិញ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​របស់កីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមថ្នាល ក្នុងពហុកីឡដ្ឋានជាតិ ចាប់​ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា តទៅ ដោយ​បន្ដ​អនុវត្តនូវវិធានសុវត្ថិភាពសុខភាព និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និងបុគ្គល។

    គួរ​បញ្ជាក់ថា ការ​អនុញ្ញាត​ឲ្យ​មានការ​​​ប្រមូល​ផ្តុំ​ក្រុមធំ និងក្រុម​ថ្នាល​ជម្រើសជាតិ គ្រប់ប្រភេទ​កីឡា​នេះ គឺ​ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បាន​ធ្វើ​ទៅតាម​ការ​ណែ​នាំ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ចុះថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯក​ជន នៅរាជធានី​ភ្នំពេញ​ និងទី​រួម​ខេត្ត​កណ្តាល ព្រម​ទាំង​ការ​​​ហាត់ប្រាណ និង​លេង​កីឡា នៅ​ក្នុង​បរិវេណ​ នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​លើក​ទី​៤​ចុង​ក្រោយ​ រវាងអ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ៣វិច្ឆិកា សុទ្ធ​អវិជ្ជមាន​ជំងឺ​កូវីដ​១៩​ទាំង​អស់នោះ៕

     

  • Loading...
  • Recent Posts