• គ្រូបង្វឹកថ្មីរបស់ភ្នំពេញក្រោន ថា លោកមកទីនេះ មិនមែនមកធ្វើការតែមួយមុខ
    បាល់ទាត់ក្នុងស្រុក 5 days ago 78 Views

    គ្រូ​បង្វឹកមាន​វិញ្ញាបនបត្រ UEFA A licence លោក Oleg Starynskyi បាន​អះអាង​ថា ការ​វិល​មក​ដឹកនាំ​ក្រុម​ភ្នំពេញ​​ក្រោន​ ជា​ថ្មី នៅពេលនេះ មិន​មែន​លោក​មក​ធ្វើ​ការ​ងារ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​លោក​មក​​ជួប​មនុស្ស ដែល​លោក​​ស្គាល់ ដើម្បី​បង្កើត​ឱ្យមាន​បរិយា​កាស​ល្អ ក្នុង​វិស័យបាល់​ទាត់។

    លោក Oleg Starynskyi បាន​និយាយ​ថា៖ ​«ខ្ញុំ​មាន​អារម្មណ៍​រីក​រាយណាស់ ដែល​បាន​ត្រឡប់​មក​ទី​នេះ​ម្តង​ទៀត ព្រោះ​នៅទី​នេះ ជា​កន្លែង និងជា​ក្លិប ដែល​ខ្ញុំ​គួរ​តែ​នៅ ហើយ​វា​ពិត​ជា​សំខាន់​ណាស់ ដែល​ខ្ញុំ​មក​ទី​នេះ​ម្តង​ទៀត  ដែល​មិន​មែន​មក​ ដើម្បី​ធ្វើ​ការ​តែ​មួយមុខ​នោះ​ទេ គឺ​មក​​ដើម្បី​ជួប​មនុស្ស ដែល​ខ្ញុំ​ស្គាល់ ​គឺវាកើត​ចេញ​មក​ពី​ចិត្ត ដើម្បី​បង្កើត​ឱ្យមាន​បរិយា​កាស​ល្អ ក្នុង​វិស័យបាល់​ទាត់»។

    គ្រូ​បង្វឹក​ជន​ជាតិ​អ៊ុយ​ក្រែន លោក Oleg Starynskyi ​បាន​​លើក​បែបនេះ​ បន្ទាប់​ពី​លោក​​បាន​វិល​មក​ត្រឡប់​មកកាន់ប្រទេស​កម្ពុជា និងបាន​ចុះ​កុងត្រា​ជា​គ្រូ​បង្វឹក​ថ្មី​ជាមួយ​ក្រុម​ភ្នំពេញ​​ក្រោន ជំនួស​​គ្រូ​បង្គោល​លោក ស៊ុំ វណ្ណា ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ឲ្យ​កាន់តួនាទី​ជា​នាយក​បច្ចេកទេស ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​យុវជន​ថ្នាល​​អាយុ​​ក្រោម​១៥​ឆ្នាំ អាយុ​ក្រោម​១៨​ឆ្នាំ ​អាយុ​ក្រោម​២១​ឆ្នាំ និង​​ក្រុម​នារី​ភ្នំពេញក្រោន វិញ​​នោះ​។

    គួរ​រំឭក​ថា លោក Oleg Starynskyi ធ្លាប់បានចូលរួមជាមួយភ្នំពេញក្រោន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ដឹកនាំក្រុម U19 ភ្នំពេញក្រោន ឲ្យ​​ឈ្នះ​ពាន Smart RSN Youth Competition 2016 និង​ធ្លាប់​បាន​ចូលរួម​ភារកិច្ច​ជា​គ្រូ​ជំនួយ​ក្រុម U19 កម្ពុជា សម្រាប់ការប្រកួត AFF U19 Championship 2016 ផងដែរ។

    ​​នៅ​​ចុង​ឆ្នាំ២០១៦ គឺ​​ពេល​លោក សែម សំណាង ត្រូវ​បាន​ក្លិប​ផ្លាស់​តួនាទីពី​គ្រូ​បង្គោល​ ​ទៅ​ជា​នាយក​បច្ចេកទេស​វិញ​នោះ  លោក Oleg ​​ត្រូវ​បាន​ក្លិបភ្នំពេញ​ក្រោន ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ​ឱ្យ​ដឹកនាំ​ក្រុម​ នៅ​រដូវ​កាល​២០១៧ ហើយ​​បញ្ចប់​​រដូវ​កាល ឆ្នាំ​២០១៧​នោះ ដោយការ​ទទួលបាន​​លេខ​៦ ក្រោយ​ប្រកួត២២​ដង ឈ្នះ​១២ ស្មើ​៦ និង​ចាញ់​៤ តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើងឯក ៦​ពិន្ទុ។

    នៅ​ឆ្នាំ​២០១៨ គឺ​បន្ទាប់​ពី​ចាក​ចេញ​ពី​ ភ្នំពេញក្រោន លោក Oleg ​បាន​ទៅ​ធ្វើជា​នាយក​បច្ចេកទេស​ជាមួយ​ក្រុម​យុវជន​មួយ Destiny Football Development Centre មួយ​រយៈ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​មក​លោក​ត្រឡប់​ទៅ​ប្រទេស​កំណើត ធ្វើ​ការ​ជាមួយក្លិប Shakhtar Donetsk ក្នុងនាម​ជា​គ្រូ​ជំនួយ និង​ជា​អ្នក​វិភាគ​ការ​ប្រកួតឲ្យ​​ក្រុម U19 ហើយក្នុង​អំឡុង​ឆ្នាំ​២០២០​នេះ លោក Oleg ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ក្លិប ​តម្លើង​​តំណែង ទៅ​​ជា​នាយក​ផ្នែក​វិភាគ​ការ​ប្រកួត​របស់​ក្រុម Shakhtar Donetsk៕

    សម្រាប់ការ​វិល​មក​ដឹកនាំ​ក្រុមភ្នំពេញ​ក្រោន ជា​ថ្មី ត្រៀមការ​ប្រកួត​លីកកំពូល​កម្ពុជា និងការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុន សែន ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន​ សង្ឃឹម​ថា លោក Oleg Starynskyi នឹង​ជួយ​ក្រុម​ឈុតធំមួយនេះ ឲ្យ​កាន់​តែ​ខ្លាំង​ក្លា បន្ថែម​ទៀម៕

     

  • Loading...
  • Recent Posts