• ទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅតែដំណើរការ ប៉ុន្តែកាត់បន្ថយអ្នកចូលរួម និងពង្រឹងវិធានការការពារជំងឺកូវីដ
    កីឡាផ្សេងៗ 5 days ago 45 Views

    គណៈកម្មការ​រៀបចំ​ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើក​ទី​២៥ ឆ្នាំ​២០២០ នៅ​តែរក្សា​គោល​ជំហ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍នេះ ទៅតាម​ពេលវេលា ដែល​បានកំណត់ គឺ​នៅ​ថ្ងៃទី​៦ ខែធ្នូ ខាង​មុខ​នេះ ប៉ុន្តែ​បាន​កាត់បន្ថយចំនួន​អ្នក​ចូល​រួម ពី​ជាង​១ម៉ឺន​នាក់ មក​សល់ត្រឹម​ចំនួន​រយនាក់។

    ជាមួយ​គ្នា​នេះ គណៈកម្មការ​រៀបចំ និងគណៈកម្មាធិការជាតិអូឡាំ​ពិកកម្ពុជា(NOCC) ដែល​ជា​ដៃ​គូសហការ​ដ៏​ធំ មិនអាច​ខ្វះបាន​នោះ នឹង​ធ្វើការ​ពង្រឹង​នូវ​វិធាន​ការ​ការពារ នៃ​ការរីករាល​ដាល​ជំងឺកូវីដ១៩ ទៅ​តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ម៉ឺងមាត់ដើម្បី​​​ធានា​​ឲ្យបាន​ នៅ​សុវត្ថិភាព ​ជូន​អ្នក​ចូល​រួម។

    ជុំ​វិញ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ NOCC បាន​ថ្លែង​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថា៖ «យើងនៅតែរក្សាជំហរ ក្នុង​ការរៀបចំព្រឹត្តិការណ៍​នេះ ដដែល ប៉ុន្តែ​យើង​រៀបចំ​យ៉ាង​ម៉ឺន​ម៉ាត់ នូវវិធានការការពារនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុង​នោះ​អ្នក​រត់​ប្រណាំង​ទាំង​អស់ ​​នឹង​ត្រូវ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ ដូច​ជា​វាស់​កម្តៅ លាង​សម្អាត​អនាម័យ រក្សា​គម្លាតបុគ្គល​ជា​ដើម ហើយ​លើក​នេះ យើង​មាន​អ្នក​ចូលរួម​តែ​ប៉ុន្មាន​រយនា​ក់​ប៉ុណ្ណោះ មិន​ដូច​ឆ្នាំ​កន្លង​ទៅ ជាពិសេស​​ឆ្នាំ២០១៩ ដែល​​មាន​អ្ន​កចូលរួមរត់ជាតិ និង​អន្តរ​ជាតិ​ជាង​១​ម៉ឺន​នាក់​ឯណោះ»។

    ​តាម​គម្រោង បាន​ត្រៀម​ទុក​ គឺ​ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដែល​នឹង​ធ្វើ​នៅតំបន់អង្គរ នា​​ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ខាងមុខ​នេះ  គណៈកម្មការ នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​រត់​ជាផ្នែកតូចៗ ចន្លោះពី​២០ ទៅ៣០នាក់ ដោយ​មាន​ចម្លោះ​សុវត្ថិភាព​រត់​ជា​និមិត្តរូប ហើយ​ពេល​រត់​មក​ដល់​ទីវិញ គឺត្រូវ​បំបែកគ្នា។

    លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «​នេះ​​ជាព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​សំខាន់​ប្រចាំ​ឆ្នាំ ដែល​​ធ្លាប់ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ គឺ​មិនអាចលុបចោលបាន ប៉ុន្តែ​ឆ្នាំនេះ យើង​មិនមានអ្នកចូលរួមមកពីក្រៅប្រទេសទេ ដោយ​ឈ្មោះ​អ្នក​ទាំង​នោះ យើង​រក្សា​ទុក​សម្រាប់​ឆ្នាំ​២០២១​វិញ គឺ​យើង​រក្សាការចូលរួមតែអ្នករត់បរទេស ដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ រួមទាំងប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមរត់កម្សាន្តសប្បាយ និង​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ ដ៏​ទាក់​ទាញ់​​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ដើម្បីស្វែងរកមូលនិធិ ជួយដល់កិច្ចការសង្គម និងសប្បុរសធម៌»៕

  • Loading...
  • Recent Posts