• NOCC ចាប់ផ្តើមផ្សព្វផ្សាយ ប្រធានបទ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» នៅកំពង់ធំ
    កីឡាផ្សេងៗ 1 week ago 44 Views

    ប្រធាន​បទ ​«ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ»​ ត្រូវ​បាន​ក្រុម​ការងារ​​របស់​​គណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា ​(NOCC)​​ ចាប់ផ្តើម​ធ្វើការ​ផ្សព្វ​ផ្សាយ នៅ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ ក្នុង​ទិវា «កីឡា​ដើម្បី​ទាំង​អស់​គ្នា» ឬ «​Sport  For ​All​» ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ដើម្បី​បញ្ជ្រាប​នូវ​ស្មារតី​កីឡា ​ចំណេះ​ដឹង​ចលនា​អូឡាំពិក ទៅ​ដល់​ស្រទាប់​មហាជន​នានា សម្រាប់​ដំណើរឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

    ជាមួយការ​ផ្សព្វផ្សាយ​លើប្រធាន​បទ«ប្រជាជន​ម្នាក់លេង​កីឡា​មួយ​មុខ»​នេះ NOCC បាន​​ដាក់​​អ្នក​ជំនាញ​កីឡា​វ័យ​ក្មេង​​របស់​ខ្លួន​២​នាក់ ​គឺ​​លោក ​ញ៉ាន ​សុខ​វិសាល ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ និង​ លោក ​ប៊ុយ ​សុភ័ណ្ឌ ​អនុ​ប្រធាននាយក​គ្រប់គ្រង​គម្រោង​ ឱ្យ​ធ្វើ​​ជា​វាគ្មិន​ សម្រាប់​ដឹកនាំ ទាំង​ការ​​អនុវត្ត​ផ្ទាល់ ​ជា​ទ្រឹស្តី​ និង​លេង​កីឡា​ចំនួន​១២​ប្រភេទ​។

    ចំពោះ​​ប្រភេទ​កីឡា​ទាំង​១២ ដែល​ត្រូវបាន​យក​ទៅ​លេង នៅ​ក្នុង​ទិវា កីឡាដើម្បី​ទាំង​អស់​គ្នា នោះ ត្រូវបាន​លោក​ ប៊ុយ​ សុភ័ណ្ឌ​ ​រៀបរាប់​ថា​ ​មាន​ការ​​ស៊ុត​បាល់ទាត់​១១ម៉ែត្រ​,​ ចង​ជើង​ដើរ​ប្រណាំង​ជា​ក្រុម​, ឆ្លើយ​សំណួរ​ពី​គុណ​តម្លៃ​អូឡាំពិក​ និង​ផ្សព្វផ្សាយ​ការម្ចាស់​ផ្ទះស៊ី​ហ្គេម ​ឆ្នាំ​២០២៣​, ​លេង​ឆ្លង​កាត់​កង​អូឡាំពិក​, លំហាត់​ប្រាណ​បែប​អេរ៉ូបិក​, រត់​ប្រណាំង​ជុំវិញ​តារាង​បាល់ទាត់, ​ប្រកួត​បាល់ទាត់​, ប្រកួតបាល់ទះ​, ជិះកង់កម្សាន្ត​ជុំវិញភូមិ​ផ្សព្វផ្សាយ​វិធាន​ការ​ការពារ​កូវីដ១៩​, បង្វិល​កង​រត់​ជាក្រុម,​ ល្បែង​អប់​រំសាមគ្គី​ជា​ក្រុម​ និង​សកម្មភាព​សំអាត​បរិស្ថាន​ជុំវិញ​សាលារៀន​។​

    ចំណែក​​គោល​បំណង​ធំ នៅ​ក្នុងទិវា​នេះ ត្រូវ​បាន​លោក ញ៉ាន ​សុខ​វិសាល ​​និយាថា​៖​«គោល​បំណង​ នៃ​កម្មវីធី ​កីឡា​ដើម្បី​ទាំង​អស់គ្នា​ គឺ​​ការ​បំផុសឲ្យ​ប្រជាពល​រដ្ឋ​​ចូលរួម​លេងកីឡា​ ស្រប​តាម​គុណតម្លៃ​នៃ​ចលនា​អូឡាំពិក​ ព្រម​ទាំង​​ផ្សព្វ​ផ្សាយយុទ្ធ​នាការ «ប្រជាជន​ម្នាក់​លេង​កីឡាមួយ​មុខ» សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​​ការ​ប្រកួត​ស៊ីហ្គេម ​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា»​។

    បន្ថែមលើនេះ លោក តុប ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​នៃ ​NOCC ​បាន​ប្រាប់​​ថា​៖«​​គោល​បំណង​នៃ​ព្រឹត្តិការណ៍​កីឡាដើម្បីទាំងអស់គ្នានេះ​ គឺ​ដើម្បី​បណ្តុះ​នូវ​ស្មារតី​កីឡា​ជូន​ដល់​មហាជន​ទូទៅ ​មិន​ថា ​ពួក​គាត់ ​ជា​កីឡាករ កីឡាការិនី​អាជីព ​ឬ​ការ​លេងកីឡា​ ដើម្បី​សុខភាព​នោះទេ ពោល​គឺយើង​​បញ្ជ្រាប​នូវ​ស្មារតី​កីឡា ​ចំណេះ​ដឹង​ចលនា​អូឡាំពិក ទៅ​ដល់​ស្រទាប់​មហាជន​នានា ​ហើយ​​កម្ម​វិធី​រយៈ​ពេល​២​ថ្ងៃ​នេះ ​មាន​អត្តពលិក​ចូល​រួម​ជាង​១០០០​នាក់​ ដែល​ជា​សិស្សា​នុ​សិស្ស​ ​មក​ពី​សាលាបឋម​សិក្សា ​អនុវិទ្យាល័យ និង​​វិទ្យាល័យ​នានា ដោយ​យើង​បានមក​​ជួប​ជុំគ្នា​លេង​កីឡា​ នៅ​ក្នុង​សាលាបឋមសិក្សា-អនុវិទ្យាល័យ​បណ្តុះ​វិជ្ជា»​៕

  • Loading...
  • Recent Posts