• លោក ពេជ្រ សុផាន់ រំពឹងថា សិស្សរបស់លោក អាចឈ្នះបានខ្សែក្រវាត់ ក្រោយគេចផុតពី រិន ដាវីត
    ប្រដាល់ក្នុងស្រុក 2 weeks ago 66 Views

    គ្រូ​បង្វឹក​របស់​ក្លិប​ចលនាយុវជន​កម្ពុជា​១៥៧​គុនខ្មែរ លោក ពេជ្រ សុផាន់ ​បាន​ធ្វើការ​វាយ​តម្លៃ ប្រាកដ​ដោយទំនុក​ចិត្ត​ថា កូន​សិស្ស​របស់ខ្លួន ពេជ្រ ប៊ុនសិដ្ឋ អាច​នឹង​មាន​ភាគ​រយ​ខ្ពស់ ក្នុងការឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ PNN ហើយ​ក៏​មាន​រំពឹង​អាច​នឹង​ឈ្នះ​បាន​ខ្សែ​ក្រវាត់មួយនេះ​ផងដែរ។

    ការ​ជឿជាក់របស់​លោក ពេជ្រ សុផាន់ ​បាន​កើត​មាន​ឡើង បន្ទាប់​ពី ពេជ្រ​ ប៊ុនសិដ្ឋ បាន​​ផ្តួល យីប ឌុក ឲ្យ​សន្លប់ សម្រាប់ការ​ប្រកួត​ជម្រុះ​លើក​ទី​៣​ចុង​ក្រោយ ប្រចាំពូល​B កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ខេម ចាន់ និង ម៉ន ភារម្យ ដើម្បី​ទទួល​បាន​លេខ​១​ប្រចាំពូល​នេះ។

    ​ការ​ឈ្នះ​ទាំង​៣​ប្រកួត ដើម្បី​ទទួល​​បាន​លេខ​១​ប្រចាំ​ពូលB នេះ បាន​ជួយ​ឲ្យ ពេជ្រ ប៊ុនសិដ្ឋ គេច​ផុត​ពី​ការ​ប្រឈម​ជាមួយ​គូ​សត្រូវ​ចាស់ រិន ដាវីត ដែល​រូបគេ​មិន​ធ្លាប់​ឈ្នះ​សោះ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ គឺ ប៊ុនសិដ្ឋ ត្រូវ​ជួប​អ្នក​លេខ​២ ភួន ឡាំង​កូស៊ីន ដែល​រូប​គេ ធ្លាប់​ផ្តួល​ឲ្យ​សន្លប់វិញ។

    ពេជ្រ សុផាន បាននិយាយ​ថា៖​«ការ​ឈរ​នៅកំពូល​តារាងនេះ វាជា​រឿង​ល្អ​របស់ ពេជ្រ ប៊ុនសិដ្ឋ ព្រោះ​ចំណាត់​ថ្នាក់លេខ​១​នេះ ធ្វើ​ឲ្យ​ ប៊ុនសិដ្ឋ ត្រូវ​ជួប​អ្នក​លេខ​២ពូល​A ភួន ឡាំង​កូនស៊ីន គឺ​យើងមាន​សង្ឃឹម និង​ភាគ​រយច្រើន ហើយរឿងល្អបំផុតមួយ​ទៀត គឺ ប៊ុនសិដ្ឋ គេច​ផុត​ពី​ការ​ជួប រិន ដាវីត ព្រោះ​ ប៊ុនសិដ្ឋ មិន​ដែល​ប្រកួតឈ្នះ រិន ដាវីត នោះទេ ខណៈ​នៅក្នុងទម្ងន់​៥៤​គីឡូក្រាម​នេះ ប៊ុនសិដ្ឋ ឈ្នះ​ចង់​អស់​ហើយ អ៊ីចឹង​យើង​មាន​ភាគ​រយខ្ពស់ សម្រាប់ខ្សែ​​ក្រវាត់ហ្នឹង»។

    ជាមួយគ្នា​នេះ​បង​ប្រុស​របស់​អ្នក​លេងកណ្តាប់​ដៃ​ ពេជ្រ សីហា រូបនេះ មានជំនឿ​ថា ពេជ្រ ប៊ុនសិដ្ឋ នឹង​អាច​ជួប ខេម ចាន់ ម្តង​ទៀត នៅវគ្គ​ផ្តាច់ព្រ័ត្រ។ ពេជ្រ សុផាន់ បាន​ព្យាករណ៍​ពីការ​ជួបគ្នា​រវាង រិន ដាវីត និង ខេម ចាន់ ថា៖​«រិន ដាវីត ខ្ញុំ​គិត​ថា រត់មិនរួចជាមួយ ខេម ចាន់ នោះ​ទេ ព្រោះ ដាវីត ពេល​ជួបកីឡាករ​ជើង​ចាស់ ចិត្តគាត់​មិនសូវ​ស៊ូ អ៊ីចឹង​បើ​មើលទៅតាម​លទ្ធផល​នៃ​ការ​ប្រកួត​ខ្វែង​នេះ និងភាគ​រយ​ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ គឺ​ ពេជ្រ ប៊ុនសិដ្ឋ មានសង្ឃឹម​ច្រើន ក្នុងការ​ឈ្នះ​បានខ្សែ​ក្រវាត់នេះ»។

    ចំណែក ពេជ្រ ប៊ុនសិដ្ឋ បាន​និយាយ​ថា៖​«សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ខ្ញុំ​គិត​ថា ដូចជា​មិនពិបាកអ្វី​ផង ព្រោះ​ខ្ញុំធ្លាប់​ឈ្នះ ភួន ឡាំងកូស៊ីន កន្លង​មក ហេតុនេះ អត់ពិបាក​ទេ។ ភួន ឡាំងកូស៊ីន ល្អ​ក្បាច់​ដែរ តែ​គេ​នៅ​យឺត ហេតុនេះអត់​មានអី​ជាឧបសគ្គ​ទេ ដោយ​ខ្ញុំសង្ឃឹម​ច្រើន បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

    ទោះ​បីជាយ៉ាង​ណា ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រវាង​អ្នកទាំង​៤នេះ នៅមិនទាន់​ដឹង​ថា នឹង​ត្រូវ​រៀបចំ​ឡើង ពេល​ណា​ឲ្យប្រាកដ​នោះ​ទេ ព្រោះ​ពេលនេះ ​សង្វៀន​ប្រដាល់​ទាំង​អស់ ត្រូវបាន​បិទ ដើម្បី​ចូល​រួមទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ទៅ​តាមការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមិនទាន់​ដឹង​ថា នឹង​អាច​បើក​វិញ​ពេលណា​ឲ្យប្រាកដ​នោះ​ទេ៕

  • Loading...
  • Recent Posts